• 2016-12-13 01:40:17
  • ភាពយន្ត

រឿង "វិកល​ចរិត" រក​បាន​ជាង ៤ម៉ឺន​ដុល្លារ​ បន្ត​ចាក់​១សប្តាហ៍ទៀត

  • 2016-12-13 01:40:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ហ៊ុយ យាឡេង បាន​ថ្លែង​ឲ្យ​ដឹង​ថា គិត​មក​ដល់​ម្សិល​មិញ​នេះ រឿង"​វិកល​ចរិត"រក​ចំណូល​បាន​ខ្ទង់​៤ម៉ឺន​ដុល្លារ​ហើយ។

រឿង "វិកល​ចរិត" បាន​ចាក់​បញ្ចាំង១០​ថ្ងៃ​ហើយ​គិត​ត្រឹម​ថ្ងៃ​ម្សិល​​មិញ ដែល​ដំបូង​ឡើយ​ភាពយន្ត​មួយ​នេះ​​ មិន​សូវ​មាន​អ្នក​មក​​​ទស្សនា​ច្រើន ប៉ុន្តែ​ដោយ​មាន​ការ​ចែក​រំលែក​​តាម​រយៈ​សារព័ត៌មាន​ក៏​ដូច​​ជា​​ Facebook ពី​គុណភាព​រឿង​ និង​ការ​​ត្អូញត្អែរ​របស់​ផលិតករ​មក ភាពយន្ត​មួយ​នេះ​ត្រូវ​បាន​មហាជនផ្ដើម​​ចាប់​​​អារម្មណ៍ច្រើន។

លោក ហ៊ុយ យាឡេង

លោក ហ៊ុយ យាឡេង បាន​ប្រាប់​ថា ភាពយន្ត​របស់​លោក​ទើបតែ​មាន​​ទស្សនិកជន​មក​ទស្សនា​ច្រើន​មួយ​រយៈ​ចុង​ក្រោយ​នេះ បន្ទាប់​ផ្ទុះ​ខ្លាំង​ពី​ក្រុម​​អ្នក​លេង​ Facebook និង ​តាម​បណ្ដាញ​សារព័ត៌មាន ខណៈ​ដែល​ភាពយន្ត​មាន​គុណភាព​ តែ​អត់​មាន​អ្នក​​មក​ទស្សនា។

ជាង​នេះ​ទៅ​ទៀត លោក​ទទួល​ស្គាល់​ថា ក្រៅ​ពី​គុណភាព​​នៃ​រឿង ទស្សនិកជន​មាន​ការ​អាណិត​លោក ក្នុង​ការ​ហ៊ាន​ខ្ចី​ប្រាក់​គេ​រាប់​ម៉ឺន​ដុល្លារ យក​មក​ផលិត​ភាពយន្ត​​មួយ​នេះ ទើប​នាំ​គ្នា​មក​គាំទ្រ។

លោក​​ថា រាល់​ថ្ងៃ​មាន​ក្រុម​ហ៊ុន​ជា​ច្រើន​បាន​ទាក់​ទង​មក​​លោក ដើម្បី​ជួយ​ទិញ​សំបុត្រ​ចូល​​ទស្សនា​​ជាក់​ស្ដែង​ក្រុម​ហ៊ុន B-hip បុគ្គលិក​បាន​ចូល​ប្រាក់​​គ្នា​ទិញ​សំបុត្រ​រហូត​ដល់​ទៅ​ជាង​ ៣០០សំបុត្រ​មក​ចូល​​ទស្សនា​កាល​ពី​ម្សិល​មិញ ដើម្បី​គាំទ្រ​ក៏​ដូច​ជា​លើក​ទឹក​ចិត្ត​លោក។

ទន្ទឹម​គ្នា​នោះ​ដែរ នៅ​មាន​ក្រុមហ៊ុន​​ផ្សេង​​ទៀត​បាន​ទាក់ទង​មក​​កក់​សំបុត្រ​ទុក ខ្លះ​១៥០ សំបុត្រ ខ្លះ​១០០ សំបុត្រ ខ្លះ​៥០ សំបុត្រ ជា​បន្ត​បន្ទាប់។

ដោយសារតែ​ឃើញ​សន្ទុះ​នៃ​ការ​គាំទ្រ​រឿង "វិកល​ចរិត" ចាប់​​ផ្ដើម​មាន​សន្ទុះ​ឡើង​បែប​នេះ ខាង​រោង​កុន​ទាំង​អស់​ បាន​ពន្យារ​​ ក៏​ដូច​ជា​​បន្ត​យក​ភាពយន្ត​របស់​លោក​ចាក់​​បញ្ចាំង​១សប្តាហ៍ទៀត ។ លោក​ថា ក្នុង​រយៈ​ពេល​នេះ រឿង "វិកល​ចរិត" ដែល​ចំណាយ​​ប្រាក់​ក្នុង​ការ​ផលិត​ ៤៥០០០​ដុល្លារ ហាក់​ដូច​មាន​សង្ឃឹម​កាន់​តែ​ខ្លាំង។

តាម​ការ​រំពឹង​​ទុក​របស់ ផលិតករ​ដែល​ល្បី​ថា​សល់​តែ​កង់​មួយ​ហើយ​​ជំពាក់​បំណុល​គេ​ច្រើន​ម៉ឺន​ដុល្លារ បញ្ជាក់​ថា លោក រំពឹង​ថា "វិកល​ចរិត" អាច​នឹង​រក​ប្រាក់​ដើម​មក​វិញ ឬ​អាច​​ចំណេញ​បាន​ខ្លះ​ជាក់​ជា​​មិន​ខាន។

លោក ហ៊ុយ យាឡេង បាន​ថ្លែង​អំណរគុណ ដល់​​ទស្សនិកជន​ជា​​ខ្លាំង​ដែល​បាន​មក​គាំទ្រ​ភាពយន្ត​​ខាង​លើ។ ​លោក​ថា ប្រសិន​បើ​មិន​មាន​ទស្សនិកជន​មក​គាំទ្រ​ទេ លោក​ច្បាស់​ជា​​ជំពាក់​បំណុល​គេ​ជុំ​ទិស​​ជាក់​ជា​មិន​ខាន៕

អត្ថបទ៖ ខុត សីហា

មតិយោបល់