• 2017-04-19 09:11:48
  • ភាពយន្ត

៦ សន្លឹក​ផ្ទៀងផ្ទាត់​ឈុត កេន្នី ​សុំ​បែក​ សេនី

  • 2017-04-19 09:11:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​ប្រលោម​លោក​រឿង​ "មន្តស្នេហ៍លេខា" ​នឹង​បាន​ទស្សនា​បាន​រឿង​នេះ​ជា​វីដែអូ​ភាគ​ និង​ភាពយន្ត​ក្នុង​ពេល​ឆាប់ៗ​នេះ​ហើយ​លើ​កញ្ចក់​ទូរទស្សន៍ CTN។ ​មុន​នឹង​បាន​ទស្សនា​ជា​វីដេអូ​ មក​អាន​រឿង ហើយ​ផ្ទៀង​ផ្ទាត់​សកម្មភាព​សម្ដែង​ត្រង់​ឈុត​មួយ​ដែល ​​​​​​​​​កេន្នី សុំ​បែក​ សេនី បន្តិច​មើល​តើ​គួរ​ឲ្យ​គួរ​ឲ្យ​ទាក់​ទាញ​បែប​ណា?

សេនី ​ក្ដាប់​មាន​ដើរ​ទៅ​រក​ស្រី​ស្រស់​ដែល​រាំ​តិចៗ​ហាក់​ស្រវឹង​ទន់​ស្រឿងៗ គាប់​ជួន​បុរស​ម្នាក់​នៅ​ក្បែរ​នាង​អោន​មក​ញញឹម​ខ្សឹប ធ្វើ​អោយ​ចិត្ត​អ្នក​ដែល​ទើប​នឹង​មក​ដល់​នេះ​ឡើង​ភ្លើង​កម្ដៅ។ «ទៅ​ផ្ទះ​បាន​នៅ?» សម្លេង​គេ​និយាយ​ល្មមៗ​តែ​អាច​ជម្នះ​ស្នូរ​តន្ត្រី​ក្បែរ​ត្រចៀក​នាង​បាន។ កេន្នី​ងាក​មក​វឹង។

មនុស្ស​ស្គាល់​គ្នា​យូរ​យ៉ាង​នេះ ឃើញ​តែ​មុខ​គេ​ក៏​ដឹង​ថា​គេ​កំពុង​គិត​យ៉ាង​ណា​ដែរ។ តាម​ថា​នាង​ខឹង​គេ​ណាស់ ​មិន​ចង់​សូម្បី​តែ​ឃើញ​មុខ​កុំ​ថា​ឡើយ​និយាយ​តប​ជា​មួយ តែ​ពេល​នេះ​គឺ​ផ្សេងៗ។ ភ្នែក​គេ​ទំាង​ទ្វេ​កំពុង​បង្ហាញ​អណ្ដាត​ភ្លើង​ប្រចណ្ឌ ហើយ​សម្លក់​នាង ។ មិត្ត​នាង​ខំ​ញញឹម​មក​រក ​សេនី ​ព្រោះ​មិន​ដឹង​រឿង​ ហើយ​ក៏​និយាយ​គួរសម៖ «អ្នក​ណា​ហ្នឹង កេន្នី? ធ្វើ​ការ​ជា​មួយ​គ្នា?»

កេន្នី​បញ្ឈប់​ចលនា​រាំ ស្រប​ពេល​សេនី​សើច​ស្ងួត​ងាក​ទៅ​រក​មិត្ត​នាង​យ៉ាង​ឆ្មើង​កន្ត្រើង​ហើយ​និយាយ​តប​មួយៗ៖ «មិត្ត​រួម​គ្រែ!» កេន្នី​បើក​ភ្នែក​ធំៗ​ដែល​វាចា​អន់​របៀប​នេះ​ក៏​គេ​និយាយ​ចេញ​មក​បាន​នៅ​ទីសាធារណៈ។ នាង​សម្លឹង​ទៅ​មិត្ត​នាង​ដែល​ភន្ត័​ភាំង​ហើយ​ងាក​មក​រក​សេនី​ដែល​បៀម​ស្ករ​កៅស៊ូ​ញ៉ាច់ៗ​បញ្ឈឺ​នាង។ ពន្លឺ​ភ្នែក​នាង​ហាក់​ចង់​ប្រាប់​គេ​ថា​ តើ​គេ​និយាយ​នេះ​ចង់​យ៉ាង​ណា​ រឺ​គេ​ចង់​បាន​ការ​អាម៉ាស​នៅ​កណ្តាល​ហ្វូង​នេះ នាង​នឹង​អោយ​គេ​សម​តាម​បំណង។

សេនី​ឃើញ​នាង​ខឹង​គេ​កាន់​តែ​ក្តៅ​ចិត្ត​ទ្វេរ​ឡើង​ព្រោះ​យល់​ថា​គេ​និយាយ​នេះ​ធ្វើ​អាយ​នាង​បាត់ ​ឱកាស​ទាក់ទង​ប្រុសៗ។ លោក​នាយក​ព្រាន​នារី​លូក​ដៃ​មក​ចាប់​ក​ដៃ​ស្រី​លេខា​ដែល​នៅ​ភាំងៗ​អូស​ចេញ​តម្រង់​ក្រៅ​ក្លឹប។ «ឈឺ​ណា៎​សេនី!​លែងដៃ!» ភាគី​ខាង​ប្រុស​មិន​ខ្ចី​ងាក​មក​អាណិត​នាង​ដែល​ត្រូវ​អូស​ទៅ​ទំាង​ស្បែក​ជើង​កែង​ចោត​កម្រាស់​ពីរ​តឹក​នោះ​ទេ។

គេ​សង្គ្រឺត​ធ្មេញ​និយាយ​តិចៗ៖ «ល្អ​ហើយ​ដែល​មិន​ស៊ី​កំផ្លៀង​នៅ​មុខ​ពួក​អា​ចោល​ម្សៀត​អស់នេះ!» «សាក​មើល​ទៅ!» នាង​តប​ផង​រលាស់​ដៃ​គេ​ទាំង​ក្ដៅ​ចិត្ត​ផង។គេ​ឃើញ​នាង​មិន​ញិន​រឹត​តែ​អូស​លឿន​រហូត​ដល់​ឡាន ធ្វើ​អោយ​អ្នក​ផង​តាម​មើល​គ្រប់​គ្នា​ជឿ​ថា​នេះ​ជា​កូន​អ្នក​មាន​ដែល​ដើរ​ហើរ​យប់​ព្រលប់​រហូត​ដល់​ប្តី​មក​ចាប់​បាន។ កេន្នី​ណា​ខ្មាស់​ណា​ខឹង​មក​ដល់​ឡាន​គេ នាង​ស្រែក​ជំទាល៖ «ខ្ញុំ​មិន​ទៅ!​នាំ​ខ្ញុំ​ទៅ​ណា?អ្នក​ណា​ថា​ខ្ញុំ​ត្រូវ​ទៅ​ជា​មួយ​លោក?»

សេនី​សម្លឹង​សកម្មភាព​ដែល​នាង​មិន​ធ្លាប់​ហ៊ាន​ធ្វើ​មក​លើ​គេ​ពី​មុន​មក។ គេ​មិន​ដឹង​ទេ​ថា​ភាព​ងប់ងល់​​​នឹង​តណ្ហា​របស់​គេ​បាន​ធ្វើ​អោយ​នាង​ខូច​ចិត្ត​ហើយ​ជាតិ​ស្រវឹង​កំពុង​ធ្វើ​អោយ​នាង​គ្រប់​គ្រង​ទោសៈ​មិនបាន​។គេ​ខាំ​មាត់​និយាយ៖ «គ្រាន់​បើ​ម៉េះ?មាន​សាហាយ​ហើយ​នៅ​អូស​ក្រឡា​ទៀត?ម៉េច​ប្រុស​ម្នាក់​វា​មិន​ឆ្អែត?»​ សម្តី​គេ​ប្រមាថ​នាង​ផ្តួនៗ​ធ្វើ​អោយ​កេន្នី​ក្តៅ​ឆេវ​យារ​ដៃ​ពន្លែង​មួយ​កំផ្លៀង​តម្រង់​មាត់​គេ។ ទឹក​មុខ​គេ​គឃ្លើន​មក​វិញ​បង្ហាញ​ថា​បើ​នាង​ទៅ​ជា​មួយ​គេ​នាង​នឹង​ខ្ទេច​ឆ្អឹង​ហើយ​ ដូច្នេះ​នាង​ដក​ថយ​ ចេញ​ពី​ឡាន​គេ​ ហើយ​និយាយ​ដាច់​ណាត់៖ «ដាច់​គ្នា​ទៅ​សេនី!លឺ​អត់?ដាច់​គ្នា!»

នាង​សម្លឹង​គេ​មុត​ដល់​បេះដូង​ហើយ​ស្រក់​ទឹក​ភ្នែក​មក​ច្រោក ជា​កិច្ច​តប​ស្នង​ភាព​ភ្លឹក​ស្មារតី​របស់​គេ។ ជា​លើក​ទី​មួយ​ក្នុង​ជីវិត​ដែល​សេនី​ត្រូវ​ស្រី​សុំ​បែក។ «ថា​ម៉េច!?» សេនី ភ្លាត់​មាត់​តិចៗ​ទំាង​ជ្រួញ​ចិញ្ចើម​ចូល​គ្នា។ កេន្នី ងក់​ក្បាល​ញាប់​ស្មេរ​ទាំង​យំ​សស្រាក់៖ «ហ្នឹងហើយ!ស្តាប់​អត់​ច្រលំ​ទេ!បែកគ្នា!ខ្ញុំ​សុំ​បែក​លោក!យើង​គ្មាន​អី​ពាក់ព័ន្ធ​គ្នា​ទេ​ចាប់​ពី​យប់​នេះ​ទៅ!លឺ​នៅ?ប៉ុណ្ណឹង​បាន​រឺ​នៅ?» គេ​នៅ​ឈរ​ទ្រឹង​ឯ​នាង​ខាំ​មាត់​ឈ្ងោក​ដោះ​ស្បែក​ជើង​កម្រាស់​ពី​តឹក​នោះ​ហើយ​យួរ​រត់​ចេញ​ទៅ​រក​ឡាន​នាង​ព្រោះ​បើ​ពាក់​ស្បែក​ជើង​កែង​នេះ​គឺ​រត់​មិន​ទាន់​ជំហ៊ាន​ប្រុស​ម្នាក់​នេះ​ទេ។

សេនី​នៅ​ផ្អែក​ខ្នង​នឹង​ឡាន។ គេ​សម្លឹង​ដំណើរ​នាង​ពី​ក្រោយ​រហូត​ដល់​នាង​ចេញ​បាត់​ទើប​ឡើង​ឡាន​បិទ​ទ្វារ​គ្រាំង​ជិះ​ចាក​ចេញ​ដែរ។ ​​​​​​​​​​

អត្ថបទ៖ សុខណា

មតិយោបល់