• 2017-08-03 07:53:04
  • ភាពយន្ត

នឹក​ស្មាន​មិន​ដល់! ហេតុ​ការណ៍​​ចម្លែក​​កើត​លើ​តួ​អង្គ​ហ្លួង​ព្រះ​ស្ដេច​កន​​

  • 2017-08-03 07:53:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ព្រឹក​មិញ​នេះ​ទូរទស្សន៍​ PNN ​បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ស្ដី​អំពី​ខ្សែ​ភាព​យន្ត​ប្រវត្តិសាស្ត្រ​ខ្មែរ​រឿង​ "ហ្លួង​ព្រះ​ស្ដេច​កន" នៅ​ស្ថានីយ​ទូរទស្សន៍​PNN ផ្ទាល់​តែម្ដង​។ ក្នុង​កម្មវិធី​នេះ​ដែរ​លោក រស់ សោភ័ណ ដែល​ជា​តួ​អង្គ​ស្ដេចកន​បាន​លើក​ឡើង​ថា ខ្លួន​​បាន​យល់​សុបិន​ឃើញ​​ស្ដេច​កន​មក​លេង​​ព្រម​ទាំង​បបួល​ទទួល​ទាន​អាហារ​ជាមួយ​គ្នា​។

តួ​អង្គ​ហ្លួង​ព្រះ​ស្ដេចកន​រូប​នេះ​បន្ថែម​ថា​៖"ខ្ញុំ​មាន​ការណ៍​មួយ​ចម្លែក​ក្រោយ​ពេល​ថត​រឿង​ "ហ្លួង​ព្រះស្ដេច​កន​" ព្រោះ​ខ្ញុំ​បាន​យល់​សប្ដិ​ឃើញ​ ស្ដេច​កន​បាន​មក​បបួល​ខ្ញុំ​ញ៉ាំ​បាយ​ជុំ​គ្នា​​ និង​ដើរ​លេង​​ជុំ​វិញ​ផ្ទះ​។ ​រឿង​នេះ​និយាយ​ទៅ​មិន​គួរ​ឲ្យ​ជឿ​ខ្ញុំ​មិន​ដែល​ស្គាល់​គាត់​ថា​មាន​មុខ​មាត់​យ៉ាង​ម៉េច​ផង​ បែរ​ជា​យល់​សប្ដិ​ឃើញ​គាត់​ ខ្ញុំ​អត់​សូវ​ចំណាំ​មុខ​គាត់​ទេ​ តែ​បើ​កម្ពស់​ខ្ញុំ​ចាំ​គាត់​មាន​រាង​ខ្ពស់​ហើយ​មាឌ​ក្រអាញ​"។

​​សន្និសីទ​សារព័ត៌មាន​នេះ​ដែរ​ឯកឧត្ដម​ ម៉ៅ អាយុទ្ធ ដែល​ជា​ផលិតករ​ និង​ជា​អ្នក​ដឹក​នាំ​រឿង​ "ហ្លួង​ព្រះ​ស្ដេចកន​" បាន​ថ្លែង​ថា លោក​​សំណូមពរ​ ឲ្យ​ប្រជា​ពល​រដ្ឋ​ខ្មែរ​ ជា​ពិសេស​យុវវ័យ​ គួរ​តែ​​ចូល​ទស្សនា​ខ្សែ​ភាព​យន្ត​រឿង​ "ហ្លួង​ព្រះស្ដេច​កន​" ដែល​ជា​ភាព​យន្ត​ប្រវត្តិសាស្ត្រ​របស់​ខ្មែរ​។ ​ឯកឧត្ដម​ក៏​បាន​បញ្ជាក់​ដែរ​ថា​ ការ​ចូល​រួម​ទស្សនា​ពី​បង​ប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​​ ជា​ផ្នែក​មួយ​មួយ​ដែល​ជួយ​លើក​ស្ទួយ​ភាព​យន្ត​ខ្មែរ​ឲ្យ​កាន់​តែ​ល្បីល្បាញ​ និង​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​ផលិតករ​ខ្មែរ​ ក្នុង​ការ​ផលិត​រឿង​ឲ្យ​កាន់​តែ​ល្អ​ថែម​ទៀត​។

“ខ្ញុំ​សង្ឃឹម​ថា​ នឹង​ទទួល​បាន​ការ​គាំ​ទ្រ​ច្រើន​ ពី​ទស្សនិកជន​បន្ទាប់​ពី​ចាក​បញ្ចាំង​ នៅ​តាម​បណ្ដា​រោង​ភាព​យន្ត​នានា​ ដោយ​សារ​តែ​ខ្សែ​ភាព​យន្ត​នេះ​ បង្ហាញ​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​យើង ព្រម​ទាំង​បាន​ចំណាយ​ទុន​ដល់​លាន​ដុល្លារ​។ ហើយ​បើ​តាម​ការ​ស្ទាប​ស្ទង​ បន្ទាប់​ពី​ចាក​បញ្ចាំង​ឈុត​ឆាក​ខ្លីៗ​ នៅ​លើ​កញ្ចក់​ទូរទស្សន៍​PNN និង​ហ្វេស​ប៊ុក​ មក​ឃើញ​ថា​ មាន​ប្រិយមិត្ត​ជាច្រើន​បាន​បង្ហាញ​នៅ​ភាព​សប្បាយ​រីករាយ​ និង​ទន្ទឹង​រង់ចាំ​ទស្សនា​ដល់​ថ្ងៃ​ចាក់​បញ្ចាំង​"។ នេះ​បើ​តាម​ឯកឧត្ដម​បាន​មាន​ប្រសាសន៍​។

គួរ​បញ្ជាក់​ថា​ រឿង "ហ្លួង​ព្រះស្ដេច​កន​" ចូល​រួម​សម្ដែង​ដោយ​ ទេព រិនដារ៉ូ ស៊ិន សក្កដា រស់ សោភ័ណ​ ឆុំ វត្តី ហេង ប៊ុនលាភ ឌី សាវ៉េត ជា សំនៀង សុខ ដែន ព្រម​ទាំង​តារា​ប្រុស​ស្រី​ជា​ច្រើន​រូប​ទៀត​។រឿង​នេះ​​គ្រោង​នឹង​ចាក់​បញ្ចាំង​នៅ​តាម​រោង​ភាព​យន្ត​ទំនើប​ៗ​ក្នុង​ប្រទេស​កម្ពុជា​​ចាប់​ពី​ថ្ងៃ​ទី​ ១៨ ខែ សីហា ឆ្នាំ​២០១៧ ទាំង​រោង​ភាព​យន្ត​នៅ​រាជ​ធានី​ភ្នំពេញ និង​នៅ​ខេត្ត​សៀម​រាប​៕​​​​​​​​​​​​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់