• 2017-08-04 03:35:20
  • ភាពយន្ត

ពី​តម្លៃ​ខ្លួន ​៣​ដុល្លារ​ ក្លាយ​ជា​អ្នក​ដឹកនាំ​ក្រុម​តួ​វាយ​តប់​ក្នុង​រឿង Action ខ្នាត​ធំ (វីដេអូ)

  • 2017-08-04 03:35:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ឆន ច័ន្ទវីរៈ ដែល​សព្វ​ថ្ងៃ​មាន​អាជីព​ជា​គ្រូ​បង្ហាត់​គុន​ល្បុក្កតោ និង​ដឹក​នាំ​ឈុត​វាយ​តប់​​ដល់​តួ​ Stunt និង តួ​សម្ដែង​ក្នុង​រឿង​ខ្នាត​ធំ​បែប​វាយ​ប្រហារ​មួយ​ ប្រាប់​ Sabay ថា​ទម្រាំ​ទទួល​បាន​ជោគជ័យ​ក្នុង​វិស័យ​សិល្បៈនេះ គឺ​លោក​បាន​តស៊ូ​តាំង​ពី​លោក​ចូល​ថត​បាន​តម្លៃ​ខ្លួន​ត្រឹម​៣​ដុល្លារ​ប៉ុណ្ណោះ។

លោក​ បន្ត​ថា​ពី​ដំបូង​លោក​លេច​ក្នុង​វីដេអូ​ចម្រៀង​របស់​លោក​ ខេមរៈ សេរីមន្ត ដោយ​ពេល​នោះ​លោក​មាន​តម្លៃ​ខ្លួន​ត្រឹម​តែ៣​ដុល្លារ​ប៉ុណ្ណោះ ហើយ​ក្នុង​នោះ​ត្រូវ​គេ​កាត់​អស់​២០០០ទៀត ពោល​គឺ​បាន​ត្រឹម​១០០០រៀល​ក្នង​តួ​អង្គមួយ​ក្នុង​ចម្រៀង​មួយ​បទ។ ប៉ុន្តែ​លោក​មិន​បាន​ចុះ​ចាញ់ និង​ឈប់​ត្រឹម​នេះ​ទេ យុវជន​ខ្មែរ​រូប​នេះ​ប្រឹង​ប្រែង​ក្នុង​វិស័យ​ភាពយន្ត​រហូត​ក្លាយ​ជា​ Muscle Arts Director ឬ​អ្នក​ដឹក​នាំ​ក្រុម​តួ​វាយ​តប់​ ក្នុង​រឿង​ខ្នាត​ធំ​មួយ​ គឺ "​អាគម​ស្បែក​ដាច"។

និយាយ​ដល់​វិស័យ​ភាពយន្ត លោក​បញ្ជាក់​ថា៖ "ដំបូង​ខ្ញុំ​សម្ដែង​ក្នុង​រឿង "ហ្លួង​ព្រះ​ស្ដេច​កន" បន្ទាប់​មក​ដើរ​តួ​ក្នុង​រឿង"ចិញ្ចៀន​បាត់​ម្ចាស់" ជា​មួយ​ ម៉េង ប៊ុនឡូ ដួង ម៉ានិច ហើយ​សព្វ​ថ្ងៃ​នេះ​ខ្ញុំ​គឺ​ជា Muscle Arts Director ហើយ​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ខ្ញុំ​​ក៏​ត្រៀម​សម្ដែង​​ក្នុង​កុន​បុរាណ​មួយ​ទៀត ជា​តួ​ឯក"។

យុវជន​មាន​ដើម​កំណើត​មក​ពី​ខេត្ត​ស្វាយ​រៀង​​​រូប​នេះ​បញ្ជាក់​ពី​ប្រវត្តិ​របស់​ខ្លួន​ថា ដំបូង​ឡើយ​លោក​ជា​សិស្ស​ម្នាក់​​ដែល​ល្បី​ល្បាញ​ខាង​ផ្នែក​ចម្រៀង​នៅ​ឯ​សាលា​រៀន​។ ដោយ​ស្រឡាញ់​វិស័យ​សិល្បៈ​​លោក​បាន​ឡើង​មក​រាជធានី​ភ្នំពេញ​ក្នុង​ឆ្នាំ​២០១៤​ ដើម្បី​ប្រឡង​ចម្រៀង​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ។

ដោយ​យល់​ឃើញ​ថា​វិស័យ​ចម្រៀង​ហាក់​ដូច​ជា​រីក​ដុះដាល​ខ្លាំង​ និង​មាន​អ្នក​ប្រឡូក​ច្រើន លោក​ក៏​ងាក​ទៅ​វិស័យ​ក្បាច់​គុន​ដែល​មិន​សូវ​មាន​គេ​ចាប់​អារម្មណ៍​វិញ។ ​ដោយ​ធ្លាប់​ចេះ​ស្រាប់​ពី​មុន​មក​ផង លោក​បាន​សម្រេច​ចូល​ហាត់​ក្បាច់​គុន​ជា​មួយ​គ្រូ​ផ្សេងៗ​គ្នា ដូចជា​ លោក​គ្រូ​សេក ហាត់​ក្នុង​សាលា​ពុទ្ធ​សាស្រ្ត​ លោក​គ្រូ​សៅ និង​លោក គ្រូ​ សាន គីម​ស៊ាន ហៅ តា​ក្រមា​មាស ហើយ​សព្វ​ថ្ងៃ​លោក​ជា​គ្រូ​បង្ហាត់​តួ​សម្ដែង​ និង​រៀប​ចំ​ប្លង់​វាយ​តប់​ក្នុង​រឿង "អាគម​ស្បែក​ដាច" និង​ជា​គ្រូ​ល្បុក្កតោ​អាជីព​របស់​ "ក្លឹប​ល្បុក្កតោ​វត្ត​ថាន់"៕

អត្ថបទ៖ សុខណា

មតិយោបល់