• 2017-08-18 02:58:35
  • ភាពយន្ត

ឧបនាយក​រដ្ឋ​មន្រ្តី​ ម៉ែន សំអន ផ្ដល់​កិត្តិយស​ចូល​រួម​សម្ពោធ​ភាពយន្ត "ហ្លួង​ព្រះ​ស្ដេច​កន"

  • 2017-08-18 02:58:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ដាក់​សម្ពោធ​​ភាពយន្ត​ខ្នាត​ធំ "ហ្លួង​ព្រះ​ស្ដេច​កន" មាន​សុទ្ធ​តែ​វត្តមាន​ដ៏​ខ្ពស់​របស់​ឧបនាយករដ្ឋមន្ត្រី​ ម៉ែន សំអន និង​​ឯក​ឧត្តម​ លោក​ជំទាវ​ជា​ច្រើន​រូប​ចូល​រួម​ជា​អធិបតី និង​តារា​សម្ដែង​ជា​ច្រើន​កុះករ​នៅ​សាល​មហោស្រព​ចតុមុខ​ល្ងាច​មិញ​នេះ។

ថ្លែង​ក្នុង​កម្មវិធី​ខាង​លើ លោក​ជំទាវ ម៉ែន​ សំអន លើក​ឡើង​​ថា ការ​ផ្សព្វផ្សាយ​​សិល្បៈ វប្បធម៌​តាម​រយៈ​ភាពយន្ត គឺ​ជា​មធ្យោបាយ​ដ៏​ប្រសើរ​បំផុត ​សម្រាប់​ផ្ទេរ​មរតក​ទៅ​ដល់​កូន​ចៅ​ជំនាន់​ក្រោយ​ឲ្យ​បាន​សិក្សា​ស្វែង​យល់​ និង​ស្គាល់​ប្រវត្តិសាស្ត្រ។ ភាពយន្ត​រឿង "ហ្លួង​ព្រះ​ស្ដេចកន​" គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ផលិតផល​វប្បធម៌​ ដែល​បាន​បង្ហាញ​ពី អត្តសញ្ញា​វប្បធម៌ គុណ​តម្លៃ និង ​អត្ថន័យ​មិន​ត្រឹមតែ​ជា​ទំនិញ​ឬ​ ការ​ធ្វើ​​អាជីវកម្ម​ប៉ុណ្ណោះ​ទេ​ តែ​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំ​ពី​តថ​ភាព​សង្គម​ និង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​មួយ​។

ជា​មួយ​គ្នា​នោះ​ លោក​ជំទាវ​ក៏​​បាន​ធ្វើ​ការ​សំណូមពរ ដល់​ផលិតករ​ តួ​សម្ដែង និង​អ្នក​ពាក់ព័ន្ធ​ក្នុង​វិស័យ​ភាព​យន្ត​ថា សូម​ព្យាយាម​សម្រិត​សម្រាំង​​ផលិត​ស្នាដៃ​ថ្មីៗ ដែល​មាន​គុណភាព បង្កប់​ការ​អប់​រំ ដើម្បី​ផ្ដល់​ការ​កម្សាន្ត​ផង និង​អប់រំ​ដល់​អ្នកទស្សនា។

ជុំ​វិញ​ច្បាប់​លួច​ចម្លង​ លោក​ជំទាវ​មាន​ប្រសាសន៍​ផ្ដាំ​ផ្ញើ​ថា ៖ "ខ្ញុំ​សូម​អំពាវ​នាវ​ប្រជា​ពលរដ្ឋ​ខ្មែរ​ រួប​គ្នា​គាំ​ខ្សែ​ភាពយន្ត​ខ្មែរ​ តាមរយៈ​ការ​ទិញ​សំបុត្រ​ចូល​ទស្សនា និង​ជួយ​ការពារ​កម្មសិទ្ធិបញ្ញា កុំ​លួច​ចំលង​ស្នាដៃ​ នេះ​បទ​ល្មើស​មួយ​ដែល​​ប្រឈម​នឹង​ច្បាប់"។​​​​​​​​

រឿង "ហ្លួង​ព្រះស្ដេច​កន​" ចូល​រួម​សម្ដែង​ដោយ​ ទេព រិនដារ៉ូ ស៊ិន សក្កដា រស់ សោភ័ណ​ ឆុំ វត្តី ហេង ប៊ុនលាភ ឌី សាវ៉េត ទ្រង់. ស៊ីសុវត្ថិ សិរីវុឌ ខាត់ សុឃីម ជា សំនៀង សុខ ដែន ក្រុម​កង​កម្លាំង​ក្បាច់​គុន ល្បុក្កតោ និង​ ​យុទ្ធ​គុន​ខម ព្រម​សម្ដែង​ល្បីៗ​ជា​ច្រើន​ទៀត។ រឿង​នេះ ចំណាយ​ពេល​ផលិត​រយៈ​ពេល​ជាង​២​ឆ្នាំ​ និង​ទឹក​​ប្រាក់​សរុប​១លាន​ដុល្លារ​នេះ​ នឹង​ដាក់​បញ្ចាំង​ចាប់​ពី​ថ្ងៃ​តទៅ​ នៅ​តាម​រោង​ភាពយន្ត​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប៕

អត្ថបទ៖ សុខណា

មតិយោបល់
អត្ថបទថ្មី