• 2017-11-08 04:55:44
  • ភាពយន្ត

ផលិតកម្ម​២​ចាប់​ដៃ​គ្នា​វាយ​លុក​ទីផ្សារ​អាមេរិក​លើក​ដំបូង​

  • 2017-11-08 04:55:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ហ៊ុយ យ៉ាឡេង ​ចាងហ្វាង​ផលិតកម្ម​មាតុ​ចក្រ​ និង​អ្នក​ស្រី​ ស កេសារ៉ា ម្ចាស់​ផលិតកម្ម​​កេសារ៉ា ​បាន​ចាប់​ដៃ​គ្នា​នាំ​យក​ភាព​យន្ត​ខ្មែរ​ជា​ច្រើន​រឿង​ទៅ​ចាក់​បញ្ចាំង​នៅ​សហរដ្ឋអាមេរិក​លើក​ដំបូង​។

លោក ហ៊ុយ យ៉ាឡេង ​​បាន​លើក​ឡើង​ថា​ ដោយ​សារ​​​តែ​ការ​ស្រលាញ់​វិស័យ​សិល្បៈ​ខ្មែរ​ ទើប​លោក​ និង​ អ្នក​ស្រី​ ស កេសារ៉ា បាន​គិត​គ្នា​​យក​​រឿង​ខ្មែរ​មួយ​​ចំនួននៅ​ក្នុង​ផលិតកម្ម​របស់​ខ្លួន​ និង​​រឿង​មួយ​ចំនួន​មក​ពី​ផលិតកម្ម​ផ្សេង​ទៀត​ទៅ​ចាក់​បញ្ចាំង​នៅ​សហរដ្ឋអាមេរិក​ ដើម្បី​ឲ្យ​បង​ប្អូន​ខ្មែរ​រស់​នៅ​ទី​នោះ​បាន​ទស្សនា។​ ជា​ពិសេស​បាន​ជួយ​ផ្សព្វ​ផ្សាយ​កុន​ខ្មែរ​នៅ​ប្រទេស​មហា​អំណាច​មួយ​នេះ​ផង​ដែរ​។

ចាងហ្វាង​ផលិតកម្ម​មាតុ​ចក្រ​​បាន​និយាយ​ថា​​៖​“រឿង​មុន​ដំបូង​ដែល​យើង​យក​ទៅ​បញ្ចាំង​នៅ​អាមេរិក​គឺ​ជ្រើស​រើស​យក​រឿង​ ខ្ញុំ​ និង​អ្នក​មីង​ កេសារ៉ា មុន​សិន​។ រឿង​ខ្ញុំ​មាន​ "វិកលចរិត​" និង​រឿង​ "ធ្មប់"​ ចំពោះ​រឿង​អ្នក​មីង​​វិញ​មាន​រឿង "រ៉ូហ្សា​៥" ក្រៅ​ពី​រឿង​ខ្ញុំ​ជាមួយ​អ្នក​មីង​ក៏​មាន​កុន​ខ្មែរ​មួយ​ចំនួន​ទៀត​ចាក់​បញ្ចាំង​នៅ​អាមេរិក​ដែរ​​"។

ទាក់​ទង​​ក្នុង​ការ​យក​រឿង​ខ្មែរ​ទៅ​ចាក់​បញ្ចាំង​នៅ​ប្រទេស​អាមេរិក​នេះ​ដែរ អ្នក​ស្រី ស កេសារ៉ា ​បាន​បន្ថែម​ថា ​រឿង​ដែល​ត្រូវ​ចាក់​បញ្ចាំង​មុន​ដំបូង​មាន​​ប្រហែល​៤ ទៅ​ ៥ រឿង​ប៉ុណ្ណោះ ហើយ​រដ្ឋ​ដែល​ត្រូវ​​បញ្ចាំង​​មុន​គេ​គឺ​ រដ្ឋ​កាលីហ្វញ៉ា ព្រោះ​នៅ​ទី​នោះ​មាន​បង​ប្អូន​ខ្មែររស់​នៅ​ច្រើន​ និង​គាំ​ទ្រ​ភាព​យន្ត​ខ្មែរ​ផង​ដែរ​។

“ចាស ​រឿង​ទាំង​អស់​ហ្នឹង​គឺ​ខ្ញុំ​យក​ទៅ​ចាក់​​បញ្ចាំង​ប្រហែល​១០ រដ្ឋ សុទ្ធ​តែ​​ជា​រដ្ឋ​ធំ​ៗ​​នៅ​អាមេរិក ហើយ​ថ្ងៃ​ចាក់​បញ្ចាំង​ ចាំ​ទទួល​បាន​ VISA សិន​ ព្រោះ​យក​តួ​ទៅ​​ជាមួយ​ ហើយ​បង​ប្អូន​ខ្មែរ​នៅ​ទី​ហ្នឹង​គាត់​ក៏​ចង់​ឃើញ​តួ​សម្ដែង​ក្នុង​រឿង​​មុន​នឹង​ចាក់​បញ្ចាំង​"។ អ្នក​ស្រី​ ស កេសារ៉ា ថ្លែង​។

​​​​​​​ ​​ទោះ​បី​នេះ​ជា​លើក​ដំបូង​ក្នុង​ការ​យក​រឿង​ខ្មែរ​ទៅ​បញ្ចាំង​នៅ​អាមេរិក​ក្ដី​ តែ​ផលិតករ​ទាំង​ពីរ​​ជឿ​ជាក់​ថា​នឹង​ទទួល​បាន​​ជោគ​ជ័យ​ ​ច្រើន​ជាង​នៅ​បណ្ដា​ប្រទេស​មួយ​ចំនួន​​ដែល​ធ្លាប់​បញ្ចាំង​កន្លង​មក​​ ព្រោះ​នៅ​អាមេរិក​មាន​ប្រជា​ជន​ខ្មែរ​​​នៅ​ច្រើន​ ម្យ៉ាង​ទៀត​បង​ប្អូន​ដែល​​រស់​នៅ​ទី​នោះ​ ខាន​បាន​ទស្សនា​រឿង​ខ្មែរ​យូរ​ដែរ​ហើយ​៕​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់