តារាចម្រៀង វិជ្ជបុត្រ សប្បុរសជនក្រៅប្រទេសឲ្យប្រាក់ជិត២ពាន់ដុល្លារ ធ្វើបុណ្យនៅរដូវភ្ជុំបិណ្ឌ
តារាចម្រៀង របស់ផលិតកម្ម M លោក វិជ្ជបុត្រ បានប្រាប់ Sabay ថា លោកត្រូវបានបងប្អូនខ្មែររស់នៅក្រៅប្រទេសផ្ដល់ប្រាក់ឲ្យជិត២ពាន់ដុល្លារ ដើម្បីយកមកធ្វើបុណ្យបន្តនៅរដូវភ្ជុំបិណ្ឌនេះ។
ការទុក្ខចិត្តរបស់បងប្អូនខ្មែររស់នៅក្រៅប្រទេសមកលើ លោក វិជ្ជបុត្រ រហូតដល់ផ្ដល់ប្រាក់រាប់ពាន់ដុល្លារនេះ ត្រូវបានតារាចម្រៀងរូបនេះ ប្រាប់ថា ក៏ព្រោះតែសប្បុរសជនទាំងនោះ ឧស្សាហ៍បានឃើញសកម្មភាពរបស់លោក តាមបណ្ដាញសង្គម ក្នុងការជួយជនក្រីក្រជាបន្តបន្ទាប់កន្លងមក។ លោក វិជ្ជបុត្រ បន្តថា ទឹកប្រាក់ដែលលោកទទួលបានមានចំនួន១៨៥០ ដុល្លារ ដោយនៅក្នុងនោះ មួយចំណែក លោកត្រូវយកទៅជួសជុល និងកសាងសាលារៀនមួយនៅក្នុងខេត្តក្រចេះ និងមួយចំនួនទៀត សម្រាប់ទុក្ខធ្វើបុណ្យដាក់ទាន់ដល់ជនក្រីក្រ ក៏ដូចជាសិល្បករសិល្បការិនី ដែលកំពុងធ្លាក់ខ្លួនឈឺជាដើម។
ម្ចាស់បទ "នឹកមនុស្សម្នាក់ដែលមិនអាចវិលវិញ" ប្រាប់ថា ទឹកប្រាក់ខាងលើលោកទើបតែចំណាយអស់មួយផ្នែកតូចតែប៉ុណ្ណោះ ហើយបច្ចុប្បន្ននេះលោកកំពុងតែសម្លឹងមើលជនក្រីក្រផ្សេងៗទៀត ជាពិសេសសិល្បករសិល្បៈការិនី ដែលកំពុងជួបបញ្ហាជីវភាពខ្លាំងតែម្ដង។ "ខ្ញុំទើបតែធ្វើបាយម្ហូបនិង ចែកលុយដល់ជនក្រីក្រនៅភ្នំតាម៉ៅអស់មួយចំនួន តែឥលូវហ្នឹងចង់ធ្វើបន្តទៀត ជាពិសេសអ្នកសិល្បៈតែម្ដង មានអ្នកដឹងពួកគាត់ខ្វះខាតជួយប្រាប់ផង" វិជ្ជបុត្រ ថ្លែងបន្ថែម។
រូបទី១
រូបទី២
តាមការលើកឡើងរបស់ លោក វិជ្ជបុត្រ ប្រាក់ខាងលើដែលបងប្អូនខ្មែររស់នៅក្រៅប្រទេសផ្ដល់ឲ្យលោក មិនមែនជាលើកទី១ឡើយ តារាចម្រៀងរូបនេះធ្លាប់ត្រូវបានសប្បុរសជននៅក្រៅប្រទេសផ្ដល់ ប្រាក់ច្រើនជាងនេះទៅទៀត ។ លោក វិជ្ជបុត្រ ប្រាប់ថា កាលពីពេលកន្លងទៅ លោកធ្លាប់ដើរធ្វើសាលារៀន និងចែកអំណោយដល់ជនក្រីក្រ អស់ជាង៣ពាន់ ដុល្លារមកហើយ តាមរយៈការផ្ដល់ពីសប្បុរសជននៅក្រៅប្រទេសដូចគ្នាដែរ។
កាលពីថ្ងៃអាទិត្យ កន្លងទៅ វិជ្ជបុត្រ ក៏ធ្លាប់បាននាំទូរសព្ទ១គ្រឿង និងប្រាក់មួយចំនួនទៅ ជូនតារាសម្ដែងជើងចាស់ អ្នកនាង ស្វែង សុជាតា ដែលកំពុងជួបបញ្ហាសុខភាព និង សេដ្ឋកិច្ច ផងដែរ។
យុទ្ធការសប្បុរសធម៌នេះ ម្ចាស់បទ"គេស្រលាញ់អូនគ្រាន់តែចង់ឡូយឆាយ" លើកឡើងថា លោកនឹងធ្វើជាបន្តបន្ទាប់ទៀត ជាមួយគ្នានោះ លោកបានស្នើទៅទស្សនិកជនប្រសិនបើឃើញជនក្រីក្រគ្មានទីពឹង សូមផ្ដល់ដំណឹងឲ្យលោកផង ដើម្បីលោកពិនិត្យមើលទៅលើ លទ្ធភាពដែលអាចជួយទៅបាន៕
រូបទី៣
រូបទី៤
រូបទី១,២,៣,៤ និងទី៥(ផ្ដល់ដោយ វិជ្ជបុត្រ)
អត្ថបទ៖ ខុត សីហា