Cube ប្រកាស Hyunseung ចាកចេញពី BEAST ជាផ្លូវការ
បន្ទាប់ពីបដិសេធអស់រយៈពេលជាច្រើនខែ ចុងបញ្ចប់ផលិតកម្ម Cube ក៏បានបញ្ជាក់ពីការចាកចេញរបស់តារាចម្រៀង Jang Hyunseung ពីក្រុមចម្រៀង BEAST។
យប់ថ្ងៃទី ១៩ ខែមេសា ផលិតកម្មចម្រៀង Cube បានប្រកាសថា តារាចម្រៀង Jang Hyunseung សមាជិកក្រុមចម្រៀង B2ST នឹងដើរចេញពីក្រុម។ ក្រុមចម្រៀងនេះនឹងបន្តទៅមុខទៀតដោយសមាជិក៥រូបរួមមាន Doojoon, Kikwang, Yoseob, Junhyung និង Dongwoon។ យ៉ាងណាក៏ដោយ Cube ក៏បានឲ្យដឹងដែរថា ម្ចាស់បទ "Trouble Maker” គ្រាន់តែចេញពី BEAST តែប៉ុណ្ណោះដោយនឹងមិនចាកចេញពីផលិតកម្ម Cube នោះឡើយ។ តារាចម្រៀងវ័យ២៦ឆ្នាំនឹងបន្តអាជីពជាតារាចម្រៀងទោល។
Cube បានបកស្រាយថា មុនពេលឈានដល់ការសម្រេចចិត្តនេះ ក្រុមហ៊ុននិងសមាជិកក្រុមបានពិភាក្សាគ្នាយ៉ាងម៉ត់ចត់។ បន្ទាប់ពីជជែកគ្នាយ៉ាងយូរ អ្នកទាំងអស់គ្នាបានសម្រេចចិត្តថា B2ST គួរតែបន្តទៅមុខជាមួយសមាជិក៥រូប។
ខាងក្រោមនេះគឺជាសេចក្ដីថ្លែងការណ៍របស់ Cube៖
“សួស្ដីអ្នកទាំងអស់គ្នា នេះគឺ Cube Entertainment។
ពួកខ្ញុំចង់ផ្ញើពាក្យអរគុណទៅកាន់អ្នកគាំទ្រដែលតែងតែគាំទ្រក្រុមចម្រៀង BEAST ហើយពួកខ្ញុំក៏មានរឿងចង់ប្រាប់ទៅកាន់អ្នកទាំងអស់គ្នាដែរ។ ចាប់ពីថ្ងៃនេះតទៅ Jang Hyunseung នឹងចាកចេញពី BEAST ហើយក្រុមចម្រៀងនឹងបន្តសកម្មភាពរបស់ខ្លួនជាមួយសមាជិក៥រូប។ Jang Hyunseung ចង់ផ្ដោតអារម្មណ៍លើការធ្វើជាតារាចម្រៀងទោលជាងធ្វើជាសមាជិកក្នុងក្រុមចម្រៀង។
BEAST នឹងបន្តទៅមុខជាមួយសមាជិក៥រូប
បន្ទាប់ពីពិភាក្សាគ្នាយ៉ាងយូរ Hyunseung និងសមាជិកទាំងឡាយបានយល់ស្របថា BEAST គួរតែដើរទៅមុខបន្តជាមួយសមាជិក៥រូបដោយគ្មានវត្តមានរបស់ Hyunseung។ រយៈពេល៧ឆ្នាំកន្លងមកនេះ BEAST និងអ្នកគាំទ្របានខិតខំទាំងមិនបានសម្រាកដើម្បីក្លាយជាក្រុមចម្រៀងល្បីឈ្មោះមួយ។ អាស្រ័យហេតុនេះ វាមិនមែនជាការសម្រេចចិត្តដ៏ងាយស្រួលនោះទេសម្រាប់សមាជិកក៏ដូចជាក្រុមហ៊ុន។ សម្រាប់ឆ្នាំ ២០១៦នេះ BEAST នឹងបញ្ចេញអាល់ប៊ុមថ្មីមួយនិងធ្វើការផ្សព្វផ្សាយក្នុងស្រុក ដូចនេះហើយ សូមអ្នកទាំងអស់គ្នាបន្តការគាំទ្រចំពោះ BEAST ក៏ដូចជា Hyunseung ផង"៕
ចុចអាន៖ឈុតគ្រវាសទូរសព្ទក្នុង “Descendants of the Sun” លេចមុខក្នុងវិញ្ញាសាប្រលងរូបវិទ្យាវៀតណាម
ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖soompi