ប្រវត្តិ Maurice CHAN កូនខ្មែរដែលសម្តែងជាមួយលី លានជា
ដូចការសន្យាថ្ងៃនេះ Sabay សូមលម្អិតប្រវត្តិតារាសម្ដែងខ្មែរ-បារាំង Maurice CHAN ដែលធ្លាប់សម្ដែងជាមួយតារាក្បាច់គុនចិនដ៏ល្បីល្បាញ លី លានជា (Jet Li)។ តើធ្វើបែបណាទើបគាត់ អាចមានឱកាសចូលសម្ដែងភាពយន្តហូលីវូដជាមួយតារាសម្ដែងល្បីៗបែបនេះ? ស្រាយចម្ងល់នេះ សូមអានដំណើរជីវិតរបស់គាត់ដូចខាងក្រោម។
គ្រួសារ និងការសិក្សា
Maurice Chan បានកើតក្នុងជំរំជនភៀសខ្លួនក្នុងប្រទេសថៃនៅថ្ងៃទី ៧ កក្កដា ១៩៧៥ ក្រោយឪពុកម្ដាយបង្ខំចិត្តភៀសចេញពីប្រទេសកម្ពុជាដោយសាររបបខ្មែរក្រហម។ នៅឆ្នាំ ១៩៧៦ ឪពុករបស់ Maurice លោក ចាន់ សាម៉ាន និងម្ដាយ ថន ស្រ៊ីម បានផ្លាស់ទីលំនៅជាថ្មីទៅរស់ក្នុងប្រទេសទីបីគឺ ប្រទេសបារាំង។ Maurice មានបងប្រុសម្នាក់ឈ្មោះ CHAN Thierry។ រស់នៅ និងធំធាត់នៅជាយក្រុងប៉ារីស ឪពុកម្ដាយរបស់ Maurice ត្រូវធ្វើការយ៉ាងលំបាកដើម្បីអាចឲ្យលោក និងបងប្រុសបានរៀនខ្ពស់។ លោកបានចូលរៀនថ្នាក់វិទ្យាល័យនៅ Chelles ក្បែរទីក្រុងប៉ារីស។ ក្រោយចប់វិទ្យាល័យ Maurice បានបន្តថ្នាក់បរិញ្ញាបត្រផ្នែកភាពយន្តនៅសាកលវិទ្យាល័យ La Sorbonne Nouvelle ក្នុងទីក្រុងប៉ារីស។ នៅឆ្នាំ ១៩៩៥ លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិត។
ចាប់ផ្ដើមហាត់គុន
បើទោះជាមានការស្រឡាញ់វិជ្ជាគុនតាំងពីតូចមកក្ដី លោកមិនបានហ្វឹកហាត់វិជ្ជាគុននៅវ័យក្មេងឡើយដោយសារតែចេះតែខ្លាចនេះខ្លាចនោះរហូត។ ថ្ងៃមួយ នៅពេលដែលលោកមានអាយុ ១៧ ឆ្នាំ មិត្តភ័ក្ដិម្នាក់បាននាំលោកទៅមើលគេហាត់ក្បាច់កុង ហ៊្វូ។ ពេលនោះហើយដែល លោកបានសាកល្បងហាត់ និងទទួលអារម្មណ៍ដឹងថា វាជាអ្វីដែលខ្លួនស្រឡាញ់។ រយៈពេល ៣ ឆ្នាំដែល Maurice ចំណាយហាត់ក្បាច់កុង ហ៊្វូ។ ការហ្វឹកហាត់នេះជំរុញចិត្តដោយសាររូបគេ មានតារាជានិមិត្តរូបជាច្រើនដូចជា ឈិន ឡុង (Jacky Chan), លី ស៊ាវឡុង (Bruce Lee) លី លានជា (Jet Li) និង Jean-Claude Vandamme។
ក្រោយមកទៀត លោកក៏បន្តហាត់ក្បាច់ Viet Vo Dao (វិជ្ជាគុនវៀតណាម) ជាមួយមិត្តភ័ក្ដិម្នាក់ទៀតឈ្មោះ Michel Assouvie។ លោកបានចំណាយពេលដល់ទៅ ៨ ឆ្នាំដើម្បីហ្វឹកហាត់វិជ្ជាការពារខ្លួនរបស់ប្រទេសក្បែរខាងយើងនេះរហូតទទួលបានខ្សែក្រវាត់ខ្មៅមួយដាន់។ ដំណាលគ្នានោះ លោកក៏បានហ្វឹកហាត់វិជ្ជាគុនកាយសម្ព័ន្ធ រហូតទទួលបានខ្សែក្រវាត់ខ្មៅពីរដាន់។
បង្កើតសាលាគុនផ្ទាល់ខ្លួន
ដោយក្ដីស្រឡាញ់វិជ្ជាគុនធំធេង Maurice និងមិត្តភ័ក្ដិពីររូបទៀតឈ្មោះ Amedeo CAZZELLA និង Christophe DUPUIS បានបង្កើតក្រុមមួយឈ្មោះ CASCADE DEMO TEAM ដែលជាការច្របាច់បញ្ចូលគ្នានៃវិជ្ជាគុន តន្ត្រី ក្បាច់រាំ កាយសម្ព័ន្ធ និងវិធីសម្ដែងឈុតគ្រោះថ្នាក់។ ដោយសារតែក្រុមនោះតូចពេកមិនអាចធ្វើអ្វីបានច្រើន ពួកលោកក៏សម្រេចបង្កើតជាសាលាគុនខ្លួនឯងដែលមាឈ្មោះ ថា TEAM CASCADE ដើម្បីបង្រៀនវិជ្ជាគុនបែបកាយសម្ព័ន្ធ និងក្បាច់ពិសេសៗផ្សេងៗទៀត។ សាលាមួយនេះបានប្រែក្លាយខ្លួនទៅជាសាលាហាត់គុនធំបំផុតនៅបារាំងដែលមានសិស្សប្រហែល ៤០០ នាក់មកពីទូទាំងប្រទេស។
តែនៅឆ្នាំ ២០០៦ ពួកលោកក៏បានសម្រេចបិទសាលានេះចោលដោយចង់ដើរសម្ដែង Show និងក្បាច់ Stunt សម្រាប់ភាពយន្តធំៗវិញ។ លោកសម្រេចជ្រើសរើសយកសមាជិក ២៥ នាក់ពីសាលាគុនផ្សេងៗទៀត។ ពួកគេទាំងនោះមិនមែនជាអ្នកដែលមានវិជ្ជាគុនខ្លាំងផុតគេទេ តែសុទ្ធជាមនុស្សដែលមានភាពជាក្រុម និងសក្ដានុពលសម្រាប់អនាគត។ ក្រុមមួយនេះបានពង្រីកប្រជាប្រិយភាពរបស់ខ្លួនរបស់ក្លាយជាក្រុម Stunt លេខ ១ នៅអឺរ៉ុប។ ចាប់ពីពេលនោះមក ក្រុមរបស់លោកបានដើរសម្ដែង Show នៅជុំវិញពិភពលោកតាំងពីកាណាដា ធ្លាយដល់អឺរ៉ុប គុយវ៉ែត អាហ្វ្រិក និងថែមទាំងបានចូលរួមសម្ដែងក្នុងកម្មវិធី Britain's Got Talent ក្នុងឆ្នាំ ២០១២ ទៀតផង។ មិនតែប៉ុណ្ណោះ ក្រុមរបស់លោកក៏ត្រូវគេហៅឲ្យសម្ដែងជាតួ Stunt (តួវាយតប់) សម្រាប់ផលិតកម្មភាពយន្តល្បីដូចជា Luc Besson's Europa Corp. ជាដើម។
ចូលសម្ដែងភាពយន្តហូលីវូដ
Maurice ចាប់ផ្ដើមធ្វើជាតួវាយតប់ (Stunt) ក្នុងប្រទេសបារាំងតាំងពីឆ្នាំ ២០០០ មក ដោយធ្វើការជាមួយអ្នករៀបចំប្លង់វាយតប់ និងឈុតគ្រោះថ្នាក់មួយចំនួនដូចជា Alain Figlarz, Olivier Schneider, Phlippe Guegan, Laurent Demianoff។ ដោយសារមើលឃើញសមត្ថភាព និងជឿជាក់ថា គេអាចធ្វើបាន ទើប Maurice ត្រូវផ្ដល់ឱកាសឲ្យថតរឿងជាហូរហែឥតដាច់។ រឿងហូលីវូដដែលរូបគាត់សម្ដែងដំបូងមានចំណងជើងថា "Unleashed” ឬ “Danny the Dog” ជាភាសាបារាំង ដែលសម្ដែងជាមួយ លី លានជា (Jet Li) និង Morgan Freeman ក្នុងឆ្នាំ ២០០២ មុននឹងចាក់បញ្ចាំងនៅឆ្នាំ ២០០៥។ រឿងហូលីវូដដែលគាត់ធ្លាប់សម្ដែងផ្សេងទៀតរួមមាន "From Paris with Love (2010)”, ”District 13 Ultimatum (2009)” និង "Lucy (2014)”។ ក្រៅពីនេះ នៅមានភាពយន្តបារាំង និងឥណ្ឌាជាច្រើនផ្សេងទៀតដែលលោកបានចូលរួមសម្ដែង។
Maurice Chan ពេលសម្ដែងជាមួយ លី លានជា (Jet Li) ក្នុងរឿង "Unleashed”
Muarice ថតជាមួយតារាសម្ដែងហូលីវូដ John Travolta ពេលសម្ដែង
រឿង “From Paris with Love”
ចំណាប់អារម្មណ៍ទៅលើវិស័យភាពយន្តខ្មែរ
សម្រាប់ Maurice ប្រសិនបើចង់ឲ្យតារាសម្ដែងខ្មែរមានឱកាសសម្ដែងភាពយន្តអន្តជាតិ ដំបូងត្រូវបង្កើតភាពយន្តមួយដែលមានគុណភាពអាចទទួលស្គាល់ជាអន្តរជាតិជាមុនសិន។ បុរសវ័យ ៣៩ ឆ្នាំជឿជាក់ថា អ្នកដឹកនាំ និងតារាសម្ដែងខ្មែរជំនាន់ថ្មី មានសមត្ថភាពគ្រប់គ្រាន់ដើម្បីធ្វើឲ្យអន្តរជាតិស្គាល់។ ពួកគាត់គួរតែបង្កើតភាពយន្តដែលឆ្លើយតបមិនត្រឹមតែទីផ្សារក្នុងស្រុកទេ គឺអាស៊ីផង ព្រោះអាស៊ីជា ទីផ្សារដ៏ធំមួយ។ លោកបានលើកយករឿង "Ong Bak” ឬ "កែងឆេះជង្គង់ហោះ" ជាឧទាហរណ៍។ ដំបូងគ្មាននរណាស្គាល់ ភាពយន្តវាយតប់របស់ថៃទេ តែក្រោយការផលិតដោយផ្ចិតផ្ចង់លើគុណភាព និងចែកចាយដល់អឺរ៉ុបព្រមទាំងអាមេរិកនោះ Tony Jaa ត្រូវបានគេស្គាល់កាន់តែច្រើនឡើង។ ដំណាលគ្នានេះ លោកបញ្ជាក់ថាសហគមន៍ខ្មែរមានច្រើននៅជុំវិញពិភពលោក ហើយប្រសិនបើប្រមូលផ្ដុំអ្នកដែលមានជំនាញដើម្បីផលិតភាពយន្តរួមគ្នា Maurice ជឿជាក់ថា ភាពយន្តខ្មែរនឹងអាចឲ្យគេស្គាល់ជាអន្តរជាតិបាន។ សម្រាប់លោក លោកចង់សម្ដែងដើម្បីខ្មែរ ព្រោះកម្ពុជាជាប្រទេសកំណើតរបស់ខ្លួន។ លោករង់ចាំតែអ្នកដឹកនាំរឿង ដែលជឿជាក់ និងទុកចិត្តលើសមត្ថភាពរបស់ខ្លួនប៉ុណ្ណោះ៕
អានអត្ថបទ៖ Jean-Paul Ly កូនខ្មែរឧស្សាហ៍លេចមុខក្នុងឈុតវាយប្រហារហូលីវូដ
អត្ថបទ៖ សីហា
រូបភាព៖ ផ្តល់ដោយ Maurice Chan