អាឡិច ហ្សូរ៉ា ថាហាត់ប្រាណពេលណា ក៏អាចធ្វើឲ្យរាងកាយផ្លាស់ប្ដូរដែរ
“ការហាត់ប្រាណ បានធ្វើឲ្យរូបរាងកាយរបស់មនុស្សផ្លាស់ប្ដូរបាន ហើយបងអត់ប្រកាន់ហាត់អីតែព្រឹកទេ ពេលណាទំនេរហាត់ពេលហ្នឹង។ ” តួឯកប្រុសក្នុងរឿង “ទេសចរណ៍ឋាននរក” ពោលប្រាប់ Sabay។
លោកបន្តទៀតថា ពីមុនលោកមិនធ្លាប់ហាត់ប្រាណ ទើបមានសុខភាពមិនសូវល្អ ហើយរូបរាងកាយទៀតសោតគ្មានសាច់ដុំដូចគេទេ។ តែតាំងពីចាប់ផ្ដើមហាត់មក ខ្លួនប្រាណមានសាច់ដុំ និងមានកម្លាំងមាំមួនជាងមុន។
“ពីមុនបងឧស្សាហ៍ឈឺនេះឈឺនោះ តែតាំងពីបានហាត់យូហ្គាមក សុខភាពបងល្អជាងមុនឆ្ងាយ។ បងខ្លួនឯងផ្ទាល់ បងដឹងណាស់ មិនត្រឹមតែសុខភាពទេ សូម្បីតែរូបរាងបង ក៏ល្អជាងមុនដែរ។”
ហ្សូរ៉ា បានបន្ថែមថា លោកតែងតែទៅកន្លែង Gym ហាត់ក្បាច់ យូហ្គា និងលើកដុំដែកជារៀងរាល់ថ្ងៃមិនដែលខានឡើយ និងមិនប្រកាន់ហាត់ពេលព្រឹក ឬល្ងាចឡើយ សំខាន់ឲ្យតែមានពេលហាត់ គឺបានផលទាំងអស់។ មិនត្រឹមតែប៉ុណ្ណឹងលោកក៏ព្យាយាមលេងកីឡាដែរ ជាពិសេសកីឡាហែលទឹក៕
អត្ថបទ៖ទ្រី រ៉ាវី