• 2018-05-25 08:40:03
  • ព័ត៌មាន

អាហារូបករណ៍​១០កន្លែង​សម្រាប់​អ្នក​ចង់​បន្ត​ក្ដី​ស្រមៃ​កាន់​តែ​ធំ​ក្នុង​វិស័យ​តន្ត្រី

  • 2018-05-25 08:40:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«ពេល​ខ្ញុំ​ចាប់​ផ្ដើម​​ប្រឡូក​ក្នុង​វិស័យ​តន្ត្រី​ខ្មែរ​ដំបូង​ ខ្ញុំ​មាន​ក្ដី​ស្រមៃ​ថា​បទ​ចម្រៀង​ Original ខ្មែរ​យើង​នឹង​​ត្រូវ​បាន​​ផ្ដល់​តម្លៃ និង​គាំទ្រ ដែល​ជា​កម្លាំងចិត្ត​ជំរុញ​ឲ្យ​តន្ត្រី​ករ​ខ្មែរ​ផលិត​បទ​ថ្មីមិន​ចម្លង​គេ​ កាន់​តែ​ច្រើន។​មក​ដល់​ពេល​នេះ​ឃើញ​ថា​បាន​ក្លាយ​ជា​ការ​ពិត​ហើយ​។ ឥលូវ​នេះ​ខ្ញុំ​បាន​បន្ត​ក្តី​ស្រមៃ​មួយ​ទៀត​ហើយ​ គឺ​ចង់​ឲ្យ​បទ​ខ្មែរ​យើង​មាន​ឈ្មោះ​បោះ​សម្លេង​ទៅ​ក្រៅ​ប្រទេស​ទៀត​ ហើយ​ខ្ញុំ​ជឿជាក់​ថា​ខ្មែរ​យើង​អាច​ធ្វើ​បាន»។​នេះ​ជា​ការ​លើក​ឡើង​របស់​តារា​ចម្រៀង ​Laura Mam ថ្លែង​ក្នុង​កម្មវិធី​សន្និសីទ​សារព័ត៌មាន​ស្តី​ពី ការ​ប្រកាស​​ផ្ដល់​​អាហារូបករណ៍​សិក្សា​តន្ត្រី​របស់​ Music Academy នៃ​អង្គការ​តន្ត្រី The Sound Initiative កាល​ពី​ព្រឹក​ម្សិលមិញ​នេះ​នៅ​វិទ្យាស្ថាន​សិល្បៈ​ភ្នំពេញ​អន្តរជាតិ PPIIA។​

តារា​ចម្រៀង ​Laura Mam អគ្គរដ្ឋទូតសុច្ឆន្ទៈ​នៃ​ The Sound Initiative

តារា​ចម្រៀង​ក្រុម​ក្មេង​ខ្មែរ សុជាតិ ក៏​បាន​លើក​ឡើង​ដែរ​ថា៖​«ខ្ញុំ​ជឿ​​ជាក់​ថា​នេះ​ជា​អ្វី​ដែល​គ្រប់​គ្នា​ចង់​បាន​បំផុត​ ព្រោះ​ខ្ញុំ និង​ពន្លឺ​បាន​ឆ្លង​កាត់​រួច​អស់​ហើយ វា​ពិបាក​ខ្លាំង​ណាស់​បើ​យើង​ចង់​បង្កើត​អ្វី​ថ្មី​ លេច​ធ្លោ​ដើម្បី​ទទួល​បាន​ការ​គាំទ្រ។ ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា​អ្នក​ដែល​ស្រលាញ់​តន្ត្រី​ពិតប្រាកដ និង​មាន​ការ​តាំង​ចិត្ត​ខ្ពស់ កុំ​ស្ទាក់ស្ទើរ​ចូលរួម​ជាមួយ​ពួក​យើង​ដើម្បី​ធ្វើ​វិស័យ​តន្ត្រី​ខ្មែរ​យើង​កាន់តែ​រីកចម្រើន​»។

សុជាតិ សមាជិក​ក្រុមចម្រៀង​ក្មេងខ្មែរ និង ជា​អគ្គរដ្ឋទូតសុច្ឆន្ទៈ​នៃ​ The Sound Initiative

ស្រដៀង​គ្នា​នេះ​ដែរ លោក ពន្លឺ នៃ​ក្រុម​ក្មេង​ខ្មែរ ក៏​ឲ្យ​ដឹង​ដែរ​ថា៖​«គោលដៅ​តែ​មួយ​គត់​ គឺ​ធ្វើ​ម៉េច​ឲ្យ​សិល្បករ​ខ្មែរ​យើង​ក្លាយ​ជា​សិល្បករ​ប្រកប​ដោយ​គុណភាព​ក្នុង​វិស័យ​នេះ ហើយ​យើង​នឹង​រួម​គ្នា​ធ្វើ​វិស័យ​សិល្បៈ​យើង​កាន់​តែ​ខ្លាំង»។

ពន្លឺ សមាជិក​ក្រុមចម្រៀង​ក្មេងខ្មែរ និង ជា​អគ្គរដ្ឋទូតសុច្ឆន្ទៈ​នៃ​ The Sound Initiative

លោកស្រី Laura Baker នាយក​គ្រប់​គ្រង​របស់​អង្គការ The Sound Initiative នៃ​កម្មវិធី​តន្ត្រី Music បាន​ឲ្យ​ដឹង​ថា៖ «បេក្ខជន​ជម្រុះ​ចំនួន​២០​រូប ក្នុង​ចំណោម​អ្នក​ដាក់ពាក្យ​ជាង​១០០នាក់ នឹង​​ត្រូវ​តែ​ឆ្លង​កាត់​វគ្គ​បញ្ចេញ​សមត្ថភាព​​នៅ​នឹង​មុខ​គណៈ​កម្មការ ​វគ្គ​ហ្វឹកហាត់​ពី​មូលដ្ឋាន​គ្រិស្ត​តន្ត្រី​រយៈ​ពេល​១​ខែ និង​ការ​វាយ​តម្លៃ​ទេពកោសល្យ​ ​ហើយ​យើង​នឹង​ជម្រុះ​យក​បេក្ខជន​១០​រូប​ប៉ុណ្ណោះ សម្រាប់​ទទួល​បាន​អាហារូបករណ៍​ដើម្បី​សិក្សា​រយៈ​ពេល​១ឆ្នាំ។»

«នេះ​គឺ​ជា​ការ​បំពាក់​បំប៉ន​សមត្ថភាព​ សម្រាប់​អ្នក​ដែល​ត្រៀម​ខ្លួន​រួច​ជា​ស្រេច។ ​ក្រោយ​បញ្ចប់​ការ​សិក្សា គេ​នឹង​ក្លាយ​ជា​តន្ត្រីករ​ឯករាជ្យ​​ ​ខ្លាំង​ទាំង​ចំណេះ​ជំនាញ និង​មាន​ការ​​ច្នៃ​ប្រឌិត​ថ្មី​ក្នុង​វិស័យ​តន្ត្រី»។

លោកស្រី Laura Baker នាយក​គ្រប់​គ្រង​របស់​អង្គការ The Sound Initiative

ចាប់​អារម្មណ៍? អាច​ដាក់​ពាក្យ​ចូល​រួម​ឥលូវ​បាន តាម​វិបសាយ www.thesoundinitiative.com/apply

ការ​ទទួល​ដាក់​ពាក្យ​ផុត​កំណត់​នៅ​ថ្ងៃ​ទី ២៨ ឧសភា ២០១៨ សូម​រួស​រាន់​ឡើង​កន្លែង​​មាន​កំណត់។

The Sound Initiative ​នឹង​មាន Concert ធ្វើ​នៅ Hard Rock Café នៅ​ ថ្ងៃ​សៅរ៍ ទី១៦ ខែ មិថុនា ២០១៨ ខាង​មុខ​នេះ ដែល​មាន​ការ​ចូល​រួម​សំដែង​ដោយ ក្មេង​ខ្មែរ និង កញ្ញា Laura Mam ក៏​ដូច​ជា​តារា​ចម្រៀង Original ជា​ច្រើន​ទៀត​ផង​ដែរ។

ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ សូម Follow ផេក​​ហ្វេសប៊ុក​ផ្លូវការ​ The Sound Initiative

នេះ​ជា​គម្រោង​ដំបូង​នៃ​អង្គការ The Sound Initiative ដែល​មាន​តារា​ចម្រៀង Laura Mam និង​ក្រុម​ចម្រៀង​ក្មេង​ខ្មែរ ជា​អ្នកតំណាង​ និង​ផ្សព្វផ្សាយ និង​មាន លោក​ អ៊ួង​ សូរីយ៉ា​ Music Director ហើយ​ទទួល​បាន​ការ​គាំ​ទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដោយ​ ក្រុមហ៊ុន​ធានា​រ៉ាប់​រង​ព្រូដិនសល​កម្ពុជា ។

លោកស្រី អ៊ុន បូ​ផាន​នី​ ប្រធាន​ផ្នែក Brand & Communication នៃ​ក្រុមហ៊ុន​​ធានារ៉ាប់រង Prudential Cambodia បាន​លើកឡើងថា​៖ «ហេតុ​ផល​ដែល​យើង​គាំទ្រ​កម្មវិធី​នេះ​ព្រោះ​យើង​មាន​គោល​ដៅ​ស្រប​គ្នា​នឹង​អង្គការ​ The Sound Initiative ដែល​ចង់​មើល​ឃើញ​វិស័យ​សិល្បៈ​ខ្មែរ​កាន់​តែ​រីក​ចម្រើន ​ហើយ​កន្លង​មក​យើងក៏​បាន​វិនិយោគ​លើ​គំនិត​ផ្ដួច​ផ្ដើម​ក្នុង​​វិស័យ​​អប់រំ​សំខាន់ៗ​ជា​ច្រើន​ដែរ។ ​យើង​រីករាយ​​​​គាំទ្រ​ដល់​តន្រ្តីករ​ និង​ផលិតករ​ខ្មែរ ដើម្បី​ឲ្យ​ពួក​គេ​សម្រេច​បាន​នូវ​ក្ដី​ស្រមៃ​ខ្លួន​ ហើយ​​​យើង​នឹង​​​​រង់​ចាំ​ស្ដាប់​តន្ត្រី​ដ៏​ពីរោះ​ៗ ដែល​ពួក​គេ​នឹង​ផលិត»។

លោកស្រី អ៊ុន បូ​ផាន​នី​ ប្រធាន​ផ្នែក Brand & Communication of Prudential Cambodia

The Sound Initiative កំពុង​ធ្វើ​ការ​ជាមួយ​សិល្បករ​ថ្មី​ៗ ដែល​ចង់​​ចូល​រួម​លើ​គ្រប់​ទម្រង់​នៃ​ភាព​ច្នៃ​ប្រឌិត ទាំង​អ្នក​ចម្រៀង ទាំង​អ្នក​និពន្ធ​បទ​ចម្រៀង និង​ផលិតករ​ផង​ដែរ​។ ជាមួយ​​ការ​ឧបត្ថម្ភ​ពី​កម្មវិធី Ableton Live ដែល​ជា​កម្មវិធី​សម្រាប់​​ការ​បង្កើត​ និង​ថត​ចម្លង​បទចម្រៀង​អង្គការ The Sound Initiative នឹង​ផ្ដល់​ជូន​នូវ​ឧបករណ៍​ដែល​មាន​គុណភាព​សម្រាប់​ផលិតកម្ម​តន្ត្រី៕

អត្ថបទពាក់ព័ន្ធ៖​អាហារូបករណ៍​បណ្ដុះ​សិល្បករ​ថ្មីគាំទ្រ​ដោយ​ក្រុម​ក្មេង​ខ្មែរ និង​ឡូរ៉ា​ម៉ម ជិត​ឈប់​ទទួល​ពាក្យ​ហើយ

អត្ថបទ៖ ដេត លីដា

មតិយោបល់