• 2019-06-13 04:49:58
  • ព័ត៌មាន

កើតជម្លោះរាប់ឆ្នាំ ទីបំផុត Taylor Swift និង Katy Perry ត្រូវគ្នាវិញហើយ

  • 2019-06-13 04:49:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជម្លោះ​រវាង​​តារា​ចម្រៀង​ស្រី​​ជួរ​មុខ Taylor Swift និង Katy Perry ត្រូវ​បាន​បញ្ចប់​ជា​ផ្លូវ​ការ​កាល​ពី​ម្សិលមិញ​នេះ ក្រោយ​មើល​មុខ​គ្នា​មិន​ចំ​អស់​ពេល​រាប់​ឆ្នាំ។

ម្សិលមិញ​នេះ Katy Perry បាន​បង្ហោះ​រូប​លើ​ Instagram នៃ​នំ​មួយ​ចាន​មាន​សរសេរ​ពាក្យ​ថា "Peace At Last” ហើយ​ក្នុង​រូប​នេះ​​បាន​ Tag ម្ចាស់​បទ "Blank Space” ចូល និង​សរសេរ​ Caption ថា "feels good @taylorswift” រួម​ទាំង​ដាក់​ទីតាំង​នៃ​រូប​ថា "Let's Be Friends” ទៀត​ផង។

​​​តារា​ចម្រៀង​ស្រី​ទាំង​ពីរ​នេះ​ធ្លាប់​ជា​មិត្ត​នឹង​គ្នា ប៉ុន្តែ​រឿង​រ៉ាវ​ប្រែ​ជា​មិន​ល្អ នៅ​ពេល​ដែល​​ម្ចាស់​បទ "Dark Horse” មាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​តារា​ចម្រៀង​ប្រុស​ John Mayer ដែល​មាន​ចចាមអារ៉ាម​ថា​ជា​អតីត​មិត្ត​ប្រុស​របស់​ Taylor។

John Mayer

ក្រោយ​មក​អ្នក​ទាំង​ពីរ​ក៏​មាន​ឈ្លោះ​គ្នា​រឹត​តែ​ខ្លាំង ដោយ​សារ​តែ​អ្នក​រាំ​អម​ឆាក​​ម្នាក់​ ដែល​បាន​ផ្លាស់​ខ្លួន​ពី​ការ​រាំ​ក្នុង​ការ​ប្រគំ​តន្ត្រី​របស់​ Katy ទៅ​រាំ​ឲ្យ Taylor រួច​ត្រឡប់​ទៅ​កាន់ Katy វិញ។ ជម្លោះ​នេះ​នាំ​ឲ្យ​មាន​ការ​ចេញ​ចម្រៀង​ឌឺ​ដង​ដូច​ជា "Bad Blood” ដោយ Taylor Swift និង "Swish Swish” ដោយ Katy Perry ផង​ដែរ។

យ៉ាងណាក្ដី​​ជម្លោះ​អ្នក​ទាំង​ពីរ​ចាប់​ផ្ដើម​សាប​រលាប​ ហើយ​ការ​បង្ហោះ​លើ​ Instagram នៅ​ពេល​នេះ មិន​មែន​ជា​លើក​ដំបូង​នៃ​ការ​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​របស់​អ្នក​ទាំង​ពីរ​នោះ​ទេ។ ឆ្នាំ​មុន​ Katy បាន​ផ្ញើ​មែក​ដើម​​អូលីវ​ទៅ​ឲ្យ Taylor ដោយ​មាន​ភ្ជាប់​សារ​សុំទោស។ ហើយ​ពីរ​សប្ដាហ៍​មុន Taylor បាន​បញ្ចូល​បទ​ថ្មី​របស់ Katy ចំណង​ជើង​ថា "Never Really Over” ទៅ​កាន់​ Playlist ក្នុង​កម្មវិធី​ចម្រៀង Apple Music របស់​ខ្លួន​ទៀត​ផង។

ពេល​នេះ​តារា​ស្រី​កំពូល​ទាំង​ពីរ​ត្រូវ​គ្នា​វិញ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​សង្ស័យ​ថា​អ្នក​ទាំង​ពីរ​អាច​នឹង​ចេញ​បទ​ចម្រៀង​រួម​គ្នា​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ៕​​

ចុចអាន ៖ Justin Bieber ទទួលស្គាល់ថាអាចទ្រោមដោយសារ Tom Cruise បើសិនវ៉ៃគ្នាមែន

ប្រភព៖ nbcnews ប្រែ​សម្រួល៖ សុខហេង

មតិយោបល់