• 2018-02-05 07:54:31
  • ព័ត៌មាន

បរាជ័យ​របរ​ដំបូង ហង្ស ម៉ារីនី ជម្នះ​ធ្វើ​ជំនួញ​​ថ្មី ល្បី​ដល់​​មាន​អ្នក​ចែក​​ទិញ​សិទ្ធិអាជីវកម្ម ​​

  • 2018-02-05 07:54:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ដែល​ល្បី​ខាង​​ចែក​ទាន​ដល់​ជន​ក្រីក្រ​ កញ្ញា ហង្ស ម៉ារីនី បាន​សម្រេច​ផ្អាក​​ថត​កុន​មួយ​រយៈ ដើម្បី​ទុក​ពេល​មើល​ខុស​ត្រូវ​លើ​មុខ​ជំនួញ​​​ដែល​ខ្លួន​បាន​បើក​ដំណើរការ​កាល​ពី​ពាក់​កណ្ដាល​​២០១៧។

ញើស​ឈាម​ដែល​នាង​ស្វះស្វែង​យក​ចិត្ត​​​ទុក​ដាក់ ​​​​រហូត​ប្រកាស​ផ្អាក​សម្ដែង​ភាពយន្ត​​មួយ​រយៈ​មក​មើល​​ការ​ខុស​ត្រូវ​​​នេះ ​គឺ​ហាង​លក់​​វត្ថុ​អនុស្សាវរីយ៍​ កាបូប នាឡិកា យី​ហោ "SM Memory Shop" ដែល​នាង​ចំណាយ​ទុន​២​ម៉ឺន​ដុល្លារ​អាមេរិក​។​​

ម៉ារីនី បាន​ឲ្យ​ដឹង​ថា​ នេះ​ជា​ជំនួញ​ទី​២​ប្រចាំ​ជីវិត​ជា​ធុរជន​របស់​ខ្លួន ស្រព​ពេល​ដែល​ហាង​ផឹក​ស៊ី​ដែល​បើក​កាល​ពី​ប្រមាណ​២​ឆ្នាំ​បាន​បិទ​ទៅវិញ។ ហាង​ថ្មី​នេះ​ទទួល​បាន​ជោគជ័យ​ខ្លាំង ​រហូត​ត្រូវ​បាន​អតិថិជន​ប្រចាំ​ចែក​ទិញ​សិទ្ធ​អាជីវកម្ម​ (franchise) ទៀត​​ផង។​​​

តារា​ស្រី​មាន​ប្រភព​មក​ពី​ខេត្ត​តាកែវ​រៀបរាប់​ថា មូលហេតុ​ដែល​នាង​សម្រេច​លក់​សិទ្ធ​អាជីវកម្ម​នេះ ព្រោះ​​ហាង​ខ្លួន​ទទួល​បាន​ការ​គាំទ្រ​ច្រើន​​ពី​អតិថិជន​ ដោយ​នាង​បាន​​ផ្ដាច់​មុខ​​ម៉ាក​ល្បីៗ​ជា​ច្រើន​មក​ពី​បរទេស​ ដូច្នេះ​ហើយ​​ទើប​​នាង​ប្រកាស​លក់​ដើម្បី​ឲ្យ​មាន​សាខា​គ្រប់​ខេត្ត​ក្រុង។

ម៉ារីនី និង អតិថិជន​ដំបូង

​"Franchise​នេះ ខ្ញុំ​ទើប​តែ​ប្រកាស​លក់​បាន​ប្រហែល​១០​ថ្ងៃ​ទេ ហើយ​ឥឡូវ​មាន​អ្នក​ចែក​ទិញ​១​ហើយ ដែល​គាត់​បើក​សាខា​នៅ​ម្ដុំ​ច្បារ​អំពៅ ថ្ងៃ​អនាគត​ខ្ញុំ​សង្ឃឹម​ថា​លក់ Franchise បាន​ច្រើន​ទៅ​ទៀត ឲ្យ​បាន​គ្រប់​២៥​ខេត្ត-រាជធានី​តែ​ម្ដង​"​។ ម៉ារីនី ថ្លែង៕

អត្ថបទ៖ សុខណា

រូប​ថត៖ ផ្ដល់សិទ្ធដោយ ហង្ស ម៉ារីនី

មតិយោបល់