- 2018-02-08 07:35:54
- ព័ត៌មាន
ជាដើមបណ្ដឹង អតីតគូដណ្ដឹង នី មុន្នីនាថ បែរមិនចូលខ្លួនតាមការកោះហៅពីតុលាការ
- 2018-02-08 07:35:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជាដើមបណ្ដឹង អតីតគូដណ្ដឹង នី មុន្នីនាថ បែរមិនចូលខ្លួនតាមការកោះហៅពីតុលាការ
ចន្លោះមិនឃើញ
សំណុំរឿងកញ្ញា នី មុន្នីនាថ ដែលត្រូវអតីតគូដណ្ដឹងលោក អ៉ឹង សូឡាង ប្ដឹងទាមទារប្រាក់ ១២ម៉ឺនដុល្លារកាលពីពេលថ្មីៗ បន្តលើកពេលដោយមិនកំណត់ថ្ងៃ។
ការបន្តលើកពេលនេះ គឺដោយសារ កាលពីរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនការជំនុំជម្រះលើសំណុំរឿងតារាទឹកភ្នែក នី មុន្នីនាថ តែសវនការនោះត្រូវបានលើកពេលវិញ ដោយសារតែភាគីលោក អ៉ឹង សូឡាង មិនចូលខ្លួនតាមដីកាកោះរបស់តុលាការ។
យោងតាមប្រភពពីសាលាដំបូងរាជធានីភ្នំពេញ សំណុំរឿងនេះត្រូវបានលោក អ៊ុក សុវណ្ណារិទ្ធ ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ បានចាត់ការតាមនិតិវិធីជាបន្តបន្ទាប់ ហើយលោកបានចេញដីកាកោះហៅគូភាគីអោយចូលរួមសវនការនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង២ រសៀលជាកំហិត។ ភាគី នី មុន្នីនាថ ដែលមានលោកមេធាវី រ៉ូ ប៊ីនណៃ ជាតំណាង បានចូលរួមតាមកាលកំណត់ តែបែរជាភាគីលោក អ៉ឹង សូឡាង ដែលជាដើមបណ្តឹងមិនចូលខ្លួនទៅវិញ ។
ប្រភពដដែលបានបន្ថែមថា មូលហេតុដែលនាំឲ្យមានការលើកពេលសវនការនេះ ដោយសារមេធាវីរបស់លោក អ៉ឹង សូឡាង បានដាក់ពាក្យសុំពន្យាពេលដោយមូលហេតុថា មេធាវី មិនអាចធ្វើការទំនាក់ទំនងទៅលោក អ៉ឹង សូឡាង បាន។
ថ្មីៗនេះ លោក អ៉ឹង សូឡាង បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ខ្លួនកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជាដើម្បីជម្រុញដំណើរការក្តីរបស់ខ្លួនឲ្យបានឆាប់រហ័ស ហើយបានបង្ហាញរូបភាពជាច្រើនសន្លឹកបញ្ជាក់ថាខ្លួនពិតជាមានវត្តមាននៅក្នុងប្រទេសកម្ពុជាពិតប្រាកដមែន។
តាមប្រភពមិនច្បាស់ការមួយបានលើកឡើងថា ពេលនេះ លោក អ៉ឹង សូឡាង កំពុងតែរត់ខ្វាត់ខ្វែងដើម្បីរកជំនួយពីមន្រ្តីធំៗអោយជួយអន្តរាគមន៍ លើសំណុំរឿងនេះ ព្រោះថាខ្លួនក៏កំពុងរងនូវបណ្តឹងតបដ៏ធ្ងន់ធ្ងរមួយ ពីសំណាក់តារាទឹកភ្នែក នី មុន្នីនាថ ផងដែរ។
សូមបញ្ជាក់ថា លោក អ៉ឹង សូឡាង បានប្តឹងកញ្ញា នី មុន្នីនាថ ទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីទាមទារប្រាក់សរុបមានចំនួន ១២ម៉ឺនដុល្លារ ក្នុងនោះលោកបានទាមទារឲ្យ នី មុន្នីនាថ សងប្រាក់ចំនួន ៧ម៉ឺនដុល្លារ និងសំណងជំងឺចិត្តចំនួន ៥ម៉ឺនដុល្លារ ហើយតុលាការបានសម្រេចបើកសវការនៅរសៀលថ្ងៃទី៧ ខែកុម្ភៈ នេះ៕