- 2018-03-12 03:45:23
- ព័ត៌មាន
មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី៨ បិទបញ្ចប់ដោយបន្សល់ទុកសន្យាមួយ
- 2018-03-12 03:45:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី៨ បិទបញ្ចប់ដោយបន្សល់ទុកសន្យាមួយ
ចន្លោះមិនឃើញ
អស់រយៈពេល ៦ ថ្ងៃមកហើយ មហោស្រពភាពយន្តអន្តរជាតិលើកទី៨ បានដាក់បង្ហាញខ្សែភាពយន្តល្បីៗរបស់អន្តរជាតិ និងមានខ្លះថតនៅក្នុងប្រទេសកម្ពុជា ព្រមទាំងភាពយន្តជម្រើសរបស់កម្ពុជាក្នុងឆ្នាំ ២០១៧ថ្មីៗ ដែលមានជាង ១៦០ ចំណងជើង។ ខ្សែភាពយន្តទាំងនោះចាក់បញ្ចាំងនៅទូទាំងបណ្តារោងភាពយន្តក្នុងរាជធានីភ្នំពេញប្រកបដោយភាពជោគជ័យ។
នៅថ្ងៃបិទបញ្ចប់មហោស្រពភាពយន្តអន្តរជាតិកម្ពុជា លោក Cedric Eloy នាយកគ្រប់គ្រងមហោស្រពភាពយន្តអន្តរជាតិកម្ពុជា បានប្រកាសឱ្យដឹងថា ឆ្នាំនេះមហោស្រពទទួលបានការគាំទ្រ និងមានអ្នកចូលរួមទស្សនាភាពយន្ត ក៏ដូចជាជួយផ្សព្វផ្សាយពីមហោស្រពលើសពីឆ្នាំទៅ ៧០% ដែលជាចំនួនមួយគួរឱ្យគត់សម្គាល់។ លោក Cedric Eloy និងសហការីរៀបចំមហោស្រពនេះ ក៏សន្យាថាមហោស្រពភាពយន្តអន្តរជាតិកម្ពុជា នឹងត្រលប់មកវិញនៅឆ្នាំក្រោយ ក្នុងខែ មីនា ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ១០ ម្តងទៀតជាមួយភាពយន្តថ្មីៗ និងគ្រប់រសជាតិសម្រាប់ទស្សនា។
ថ្លែងក្នុងឱកាសបិទមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី ៨ នេះឯកឧត្តម គង់ កន្តារ៉ា រដ្ឋលេខធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានកោតសរសើរដល់ការខិតខំរៀបចំមហោស្រពភាពយន្តអន្តរជាតិកម្ពុជានេះរហូតដល់ទទួលបានជោគជ័យ។ ឯកឧត្តម បន្តទៀតថា ការផ្សព្វផ្សាយភាពយន្តនៅកម្ពុជានេះជាកត្តាជំរុញឱ្យវិស័យភាពយន្តកម្ពុជា រឹតតែមានកំណើត ជាពិសេសការដោះដូរបទពិសោធន៍ ចំណេះដឹង និងអរិយធម៌ វប្បធម៌ជាតិទៅវិញទៅមកតាមរយៈខ្សែភាពយន្ត។
ក្នុងពិធីបិទនោះដែរ ក៏មានការប្រកាសពីពានរង្វាន់ដែលធ្វើឡើងដោយមហោស្រពភាពយន្តអន្តរជាតិកម្ពុជា សម្រាប់ផលិតករភាពយន្តមានទេពកោសល្យ ពានរង្វាន់តួឯកប្រុសឆ្នើម និងតួឯកស្រីឆ្នើម ជាមួយនិងពានរង្វាន់ប្រជាប្រិយមហាជនទៅលើភាពយន្តខ្លីរបស់ Soyo មួយក្នុងចំណោម១១ ចំណងដែលមាន ៦ ចំណងជើងចាក់បញ្ចាំងក្នុងមហោស្រពនេះ។
សម្រាប់ផលិតករមានទេពកោសល្យបានទៅលើ ផលិតករវ័យក្មេង លោក នាង កាវិច ដែលបានផលិតភាពយន្តឯកសារស្តីពី «អគារស» ឬ «ប៉ូឌិញ» និងភាពយន្តខ្លីបែបមនោសញ្ចេតនា ជាច្រើនទៀត ហើយភាពយន្តទាំងនោះសុទ្ធតែជាប់ជម្រើសចាក់បញ្ចាំងនៅក្នុងមហោស្រពភាពយន្តនៅបរទេស និងធ្លាប់ពានរង្វាន់ភាពយន្តមួយចំនួនទៀតពីមហោស្រពភាពយន្តជាតិ និងអន្តរជាតិ។
រីឯតួសម្តែងប្រុសឆ្នើម គឺបានទៅលើ តារាសម្តែង អ៊ុន សិទ្ធា ដែលល្បីល្បាញក្នុងខ្សែភាពយន្តជាច្រើន ហើយភាពយន្តចុងក្រោយដែលធ្វើឱ្យរូបលោកទទួលបានពានរង្វាន់នេះ គឺរឿង «ប៉ុបពីទៅហូលីវូដ» និងភាពយន្តខ្នាតធំរឿង «ស្បែកគង់»។
ចំណែកឯតួឯកស្រីឆ្នើមបានទៅលើ តារាសម្តែង សំ ថារត្ន័ ដែលជាកីឡាករក្បាច់គុនល្បុកតោ ដែលបានសម្តែងក្នុងខ្សែភាពយន្ត «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ដែលផលិតដោយផលិតករបរទេសដ៏ល្បីល្បាញ Angelina Jolie ។
ចំណែកពានរង្វាន់ ភាពយន្តខ្លី Soyo បានទៅលើភាពយន្តខ្លីមួយដែលមានចំណងជើងថា «ខ្សែម៉ែត» ដែលនិពន្ធដោយ កញ្ញា ជា ចាន់ថានី និង ដឹកនាំរឿងដោយ លោក ទែន ចិត្រា។ ភាពយន្តខ្លីនេះ មានចាក់ផ្សាយក្នុង App Soyo ដែលអាចធ្វើការដោនឡូតដោយសេរីនៅលើទូរសព្ទដៃស្មាតហ្វូនរបស់លោកអ្នក។
ក្នុងរាត្រីដ៏មានន័យនោះ ក៏មានការជប់លៀងបិទកម្មវិធីដែលរៀបចំដោយក្រុមតន្ត្រី Klap Ya Handz រាំកម្សាន្តរហូតដល់ម៉ោង ១២ យប់ ជាមួយផលិតករភាពយន្ត អ្នកគាំទ្រមហោស្រព ម្ចាស់ឧបត្ថម្ភកម្មវិធី និងក្រុមការងារស្ម័គ្រចិត្តមហោស្រពភាពយន្តអន្តរជាតិកម្ពុជាទាំងអស់ទៀតផង៕