• 2018-05-02 07:20:16
  • ព័ត៌មាន

អែត វីន​ ចេញ​ទៅ​លើក​ពាន នៅ​កូរ៉េ​ស្អែក​នេះ

  • 2018-05-02 07:20:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ អែត វីន បាន​បង្ហើប​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ស្អែក​នេះ លោក​​នឹង​ឡើង​យន្ត​ហោះ​ទៅ​ប្រទេស​កូរ៉េ ដើម្បី​ទៅ​ទទួល​ពាន​តារា​សម្ដែង​ប្រចាំ​ប្រទេស ក្នុង​កម្មវិធី​ប្រកួត​មួយ​នៅ​ទី​នោះ។ កម្មវិធី​ដែល​តារា​ប្រុស​ល្បី​ខាង​បញ្ចេញ​សាច់​ដុំ​នោះទៅចូលរួម មាន​ឈ្មោះ​ថា  Asia Model Festival 2018 ដែល​ជា​កម្មវិធី​​​ប្រកួត​ការ​ដើរ​បង្ហាញ​ម៉ូដ​អន្តរជាតិ​ល្បី​ឈ្មោះ​មួយ បច្ចុប្បន្ន​មាន​តារា​​កម្ពុជា​​កំពុងតែ​ចូល​រួម​ប្រកួត​​ផង​ដែរ។

Asia Model Festival 2018 បាន​ធ្វើ​នៅ​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ ដែល​កម្មវិធី​ចាប់​​ផ្ដើម​ទាំង ពី​ថ្ងៃ​ទី២៥ ខែ មេសា រហូត​ដល់ ថ្ងៃទី៧ ​ខែ ឧសភា ឆ្នាំ ២០១៨ ដោយ​នៅ​ក្នុង​នោះ មាន​ប្រទេស​ចំនួន​២៦ នៅ​ទ្វីប​អាស៊ី​​ចូល​រួម ហើយ​នេះ​ជា​ឆ្នាំ​ទី១៣​ហើយ ដែល​កម្មវិធី​លំដាប់​អន្តរជាតិ​នេះបាន​ធ្វើ។

តារា​ម៉ូដែល​កម្ពុជា​ដែល​កំពុង​​តែ​ចូល​រួម​ប្រកួត​កម្មវិធី​ខាង​លើ​នោះ​​មាន​ឈ្មោះ​ថា គឺ​បេក្ខជន​ឈ្មោះ លោក ប្រាជ្ញ​ ឆវ័ន្ដ និង បេក្ខនារី​​​កញ្ញា ប៉ូ​ គឹមថេងសុតធីតា ដែល​ពួក​គេ​ទាំង​២នាក់ ត្រូវ​បាន​កញ្ញា សូរ្យ អេនណា ​ប្រធាន​ក្រុម​​ម៉ូដែល​"តារា​រះ​​ថ្មី​កម្ពុជា" បាន​ដឹក​នាំ​​ទៅ តាំង​ពី​យប់​ថ្ងៃ​ទី២៣ ខែ មេសា កន្លង​ទៅ។ ខុស​​ប្លែក​គេ ​​លោក​ អែត វីន ចេញ​ទៅ​កម្មវិធី​ខាង​លើ​ គឺលោក​ទៅ​ទទួល​ពាន​​តែ​ម្ដង មិន​ចាំ​បាច់​ចូល​រួម​ប្រកួត ដូច​ លោក ប្រាជ្ញ​ ឆវ័ន្ដ និង កញ្ញា ប៉ូ​ គឹមថេងសុតធីតា នោះ​ទេ។ ត្រង់​នេះ កញ្ញា សូរ្យ អេនណា បាន​បញ្ជាក់​ឲ្យ​ដឹង​ថា Asia Model Festival ប្រទេស​ដែល​ចូល​រួម​ គឺ​ទទួល​បាន​ពាន​១ដោយ​ស្វ័យ​ប្រវត្តិ​តែ​ម្ដង ហើយ​ពាន​ដែល អែត វីន បាន​នេះ គឺ​ជា​ពានតារា​តំណាង​ប្រទេស​ដែល​បាន​ចូល​រួម ។ ពាន​ដដែល​​​នេះ​កាល​​ឆ្នាំ​កន្លង​ទៅ​ កម្ពុជា​ទៅ​ចូល​រួម​ការ​ប្រកួត​​ដែរ​នោះ សូរ្យ អេនណា ប្រាប់​ថា ខ្លួន​នាង​ខ្លួន​ឯង​ធ្លាប់​ទទួល​ម្ដង​រួច​មក​ហើយ។

សូរ្យ អេនណា ​បាន​​បញ្ជាក់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា មុន​ទៅ​ចូល​រួម​ប្រកួត គឺ​មាន​ការ​ជ្រើសរើស​ពី​​គណៈកម្មការ​​​ "Asia Model Festival” នៅ​ប្រទេស​កូរ៉េ មិនមែន​ធ្វើ​​ឡើង​ស្រេច​​តែ​ចិត្ត​ឡើយ។ ក្រុម​របស់​នាង​ក្រុម​​ម៉ូដែល​របស់​នាង​បាន​បញ្ជូន​តារា​ម៉ូដែល​ក្នុង​ប្រទេស​កម្ពុជា​ជា​ច្រើនរូប ដើម្បី​ឲ្យ​គណៈកម្មការ"Asia Model Festival” នៅ​ប្រទេស​កូរ៉េ​ជ្រើស​រើស ហើយ​ជា​​លទ្ធផល គណៈកម្មការ​ជ្រើស​រើស​តែ​២នាក់​ប៉ុណ្ណោះ គឺ​​លោក ប្រាជ្ញ​ ឆវ័ន្ដ និង កញ្ញា ប៉ូ គឹមថេងសុតធីតា ជា​បេក្ខជន​ចូល​​រួម​ប្រកួត ចំណែក​អ្នក​ដែល​​​ត្រូវ​ទទួល​ពានតំណាង​ប្រទេស​ដែល​ចូល​រួម គឺ​បាន​សម្រេច​យក​លោក អែត​វីន។ អែត​វីន និយាយ​ថា ខ្លួន​នឹង​ឡើង​យន្ត​ហោះ​នៅ​ម៉ោង​១១​កន្លះ យប់​ស្អែក​នេះ ដោយការ​លើក​ពាន​នៅ​ក្រៅ​ប្រទេស​នេះ តារា​សម្ដែង​ដែល​ប្រកាន់​ជំហរដាច់​ខាត​តួឯក​បាន​សម្ដែង​រូប​នេះ ប្រាប់​ថា ខ្លួន​ធ្លាប់​បាន​ទទួល​២លើក​មក​ហើយ ​នៅ​ឆ្នាំ​២០១៤ ម្ដង​នៅ​ប្រទេស​ចិន និង ឆ្នាំ ២០១៥ ​នៅ​​ប្រទេស​ឥណ្ឌូណេស៊ី៕

អត្ថបទៈ ស៊ុនហួត

មតិយោបល់