
- 2018-05-10 02:14:31
- ព័ត៌មាន
កូនស្រីតារាសម្តែងជើងចាស់ ឌី សាវ៉េត បង្ហាញមហិច្ឆតាខ្លាំងជាងម្ដាយ
- 2018-05-10 02:14:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូនស្រីតារាសម្តែងជើងចាស់ ឌី សាវ៉េត បង្ហាញមហិច្ឆតាខ្លាំងជាងម្ដាយ
ចន្លោះមិនឃើញ
"ខ្ញុំចង់ធ្វើអ្នកសិល្បៈ ប៉ុន្តែខ្ញុំមិនចង់ចេះតែ១មុខទេ ខ្ញុំចង់ចេះទាំងអស់គ្រប់ទម្រង់ អ្នកសិល្បៈគាត់ចេះច្រើនមុខមែន ប៉ុន្តែបើជាជំនាញវិញ គឺគាត់មានតែ១មុខអីទេ តែសម្រាប់ខ្ញុំ គឺអាចធ្វើបានទាំងអស់" នេះជាការលើកឡើង របស់កញ្ញា ខឹម ឌីហ្ស៊ូលី កូនពៅរបស់ វិរៈសិល្បករ ឌី សាវ៉េត ក្នុងពិធីខួបម្ដាយកាលពីពេលថ្មីៗនេះ។
ឌីហ្ស៊ូលី បានឲ្យដឹងថា រាល់ថ្ងៃនាងចេះជំនាញសិល្បៈច្រើនមុខ មានរបាំប្រពៃណីខ្មែរស្ទើរគ្រប់ទម្រង់ ច្រៀងសម័យ សម្ដែង និង ច្រៀងភ្លេងការជាដើម ដោយជំនាញទាំងនោះមិនមែនចេះលំៗនោះឡើយ គឺចេះលក្ខណៈអាជីពតែម្ដង។ ការនាំឲ្យចេះនូវជំនាញដែលបានរៀបរាប់ នាងថាគឺដោយសារតែការជំរុញ និងការបង្ហាត់បង្ហាញពីម្ដាយតែម្ដង។
ឌីហ្ស៊ូលីថា បច្ចុប្បន្ននាងមានក្រុមសិល្បៈរបាំបុរាណមួយក្រុម ហើយតែងតែឧស្សាហ៍ចេញច្រៀងញឹកញាប់ តាមកម្មវិធីជាច្រើនដូចតាមមហោស្រពសិល្បៈ និងការឡើងសម្ដែងតាមកម្មវិធីសិល្បៈរបស់បណ្ដាទូរទស្សន៍មួយចំនួន។ ចំពោះអាជីពជាតារាសម្ដែង កូនស្រីពៅ អ្នកស្រី ឌីសាវ៉េត រូបនេះ ប្រាប់ថា ទើបតែសម្ដែងភាពយន្តបាន១រឿងប៉ុណ្ណោះ គឺរឿង"ញើសក្រហម" ដែលដឹកនាំដោយលោក ឆាយ បូរ៉ា កាល២ឆ្នាំមុន។
តាមការលើកឡើងរបស់កញ្ញា ឌីហ្ស៊ូលី នាងមានបងប្អូនបង្កើតតែ៣នាក់ប៉ុណ្ណោះ ប្រុស១ស្រី២ បងទាំង២នាក់របស់នាង មិនបានចាប់អាជីពជាអ្នកសិល្បៈដូចនាងនោះឡើយ ហើយបច្ចុប្បន្នរៀបការអស់ហើយ និងកំពុងតែរបស់នៅប្រទេសថៃ។
ទោះបីជាបច្ចុប្បន្នទីផ្សារសិល្បៈរបស់ កញ្ញា ឌីហ្ស៊ូលី ហាក់មិនទាន់មានច្រើនដូច តារាល្បីៗជួរមុខ ប៉ុន្តែអនាគតនាង មានមហិច្ឆតាចង់អភិវឌ្ឍន៍ខ្លួនឲ្យក្លាយជា តារាល្បីមិនចាញ់ម្ដាយនោះឡើយ៕