- 2018-05-10 03:25:50
- ព័ត៌មាន
ស្ងាត់ៗ មានដំណឹងថា ផែនការពង្រីកអាជីវកម្មរបស់ រ៉ូណាន ចាន់ណា ត្រូវកកស្ទះហើយ!
- 2018-05-10 03:25:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ងាត់ៗ មានដំណឹងថា ផែនការពង្រីកអាជីវកម្មរបស់ រ៉ូណាន ចាន់ណា ត្រូវកកស្ទះហើយ!
ចន្លោះមិនឃើញ
តាំងពីបើកដំណើរការដំបូងនូវអាជីវកម្មទី១ក្រៅពីការងារផលិតកុន គឺហាងកាហ្វេ រ៉ូណាន ចាន់ណា និងដៃគូជំនួញបានអះអាងថាដូចគ្នាថា នឹងពង្រីកអាជីវកម្មកាហ្វេមួយនេះតាមដំណាក់កាលបន្តបន្ទាប់។ ប៉ុន្តែមកទល់បច្ចុប្បន្ន មិនទាន់មានសាខាណាមួយត្រូវពង្រីកបាននៅឡើយ។
ម្ចាស់អាជីវកម្មវ័យក្មេង បញ្ចេញឲ្យដឹងថា គិតត្រឹមថ្ងៃនេះផែនការនោះ ត្រូវកកស្ទះហើយ។ ចំពោះបញ្ហានេះ លោកបានអះអាងថា មិនមានពាក់ព័ន្ធនឹងដំណើរនៃអាជីវកម្មហាងកាហ្វេនាពេលបច្ចុប្បន្ននេះទេ ព្រោះអាជីវកម្មនៅដំណើរការល្អធម្មតា។ "អត់ទេបង នៅដើរធម្មតា មួយថ្ងៃអាចលក់បាន ១០០កែវឡើងលើ បូករួមហ្នឹង ភីហ្សា បាយព្រឹក និងផ្សេងៗ គឺថាបានច្រើនគួរសមដែរ"។
ផលិតករ វិវត្តខ្លួនទៅជាពាណិជ្ជករ បញ្ជាក់ថា បញ្ហាដែលរាំងស្ទះដល់គម្រោងពង្រីកអាជីវកម្មហាងកាហ្វេខាងលើ គឺដោយសារលោក បានងាកទៅគិតផែនការអាជីវកម្មថ្មីមួយទៀត ទើបធ្វើឲ្យពេលវេលាកាន់តែចង្អៀត។ ចំពោះអាជីវកម្មថ្មីនេះ គឺលោកមានគម្រោងចាប់ដៃគូជាមួយអ្នកថ្មីមួយទៀត។ យ៉ាងណាក៏ដោយ មុខជំនួញថ្មី លោកសុំលាក់សិន។
រ៉ូណាន ថ្លែងថា៖ "ការងារមិនទាន់ផ្លែផ្កា មិនចង់បញ្ចេញ ខ្លាចមិនជោគជ័យ នាំគេសើចចំអកយើងបង"។ ក្រៅពីជំនួញថ្មីមិនទាន់បញ្ចេញខាងលើ អ្នកដឹកនាំរឿង "សសរកន្លោង" ខាងលើ ក៏ត្រូវបានគេដឹងថា ត្រៀមនឹងវិលមកប្រឡូកក្នុងការងារផលិតកុនបន្តទៀតដែរ ដែលធ្វើឲ្យលោកកាន់តែមមាញឹក ក្រោយប្រកាសដកខ្លួនពីការងារនេះ កាលពីដើមឆ្នាំនេះ។
ជាក់ស្ដែង គេឃើញលោកបានបញ្ចេញរូបភាពស្ដីពីការតុបតែងមុខមានរបួសសម្រាប់ដាក់ក្នុងខ្សែភាពយន្ត។ ជាមួយគ្នា លោកថា ជាអ្វីដែលនឹងមានក្នុងកុនថ្មីរបស់លោក។ បើទោះជាបង្ហើបពីផែនការផលិតកុនជាថ្មី រ៉ូណាន នៅតែសុំសិទ្ធិមិនបញ្ចេញឲ្យដឹងទៀតថា កុនថ្មីនោះជារឿងប្រភេទអ្វី ចំណងយ៉ាងណា ហើយនឹងចេញនៅពេលណាឡើយ។
វិលមកអាជីវកម្មកាហ្វេយីហោ "Artist Coffee” ដែលបានបើកដំណើរការកាលពីចុងឆ្នាំ ២០១៧ នោះ លោកមិនបានបង្ហើបទេថា ផែនការពង្រីកអាជីវកម្ម នឹងអាចធ្វើបាននៅពេលណាឡើយ៕