• 2018-06-03 07:07:13
  • ព័ត៌មាន

ដឹង​ជីវប្រវត្តិ​របស់​ម្ដាយ​​កុំកុំ ទើបដឹងថាកប់​ខ្លាំង​ប៉ុណ្ណា

  • 2018-06-03 07:07:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង Donnie Yen (កុំកុំ) ទទួល​បាន​ភាព​ល្បីល្បាញ​ខ្លាំង ក្នុង​វិស័យ​ភាពយន្ត​ចិន ជាមួយ​នឹង​ក្បាច់​គុន​បុរាណ​ចិន​ដ៏​ស្ទាត់​ជំនាញ​របស់​លោក។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មនុស្ស​ស្រី​ម្នាក់​ដែល​តែង​តែ​លើក​ស្ទួយ​ និង​បង្ហាត់​បង្រៀន​ក្បាច់​គុន​ទាំង​នេះ​ដល់​លោក​នោះ គឺ​ជា​អ្នក​ម្ដាយ​បង្កើត​របស់​លោក​ផ្ទាល់។ លោក​ស្រី Bow-sim Mark គឺ​​ជា​សាស្ត្រាចារ្យ​នៃ​ក្បាច់​គុន Tai Chi។

លោក​ស្រី​មាន​ទី​កំណើត​​នៅ​ក្រុងGuangzhou ប្រទេស​ចិន។ លោក​ស្រី​ចាប់​ផ្ដើម​ការ​វឹក​ហាត់​​ក្បាច់​គុន​ ​Wushu អំឡុង​ពេល​រៀន​វិទ្យាល័យ ដោយ​យក​ជំនាញ​​គុន Tai Chi និង សៅ​លិញ​ខាង​ជើង។ ក្នុង​អំឡុង​ពេល​នោះ ស្ត្រី​ដែល​រៀន​ក្បាច់​គុន​បុរាណ​គឺ​មិន​សូវ​មាន​នោះ​ទេ។ តែ​ទោះ​ជា​យ៉ាង​ណា ទេពកោសល្យ​របស់​នាង​ បាន​ធ្វើ​ឲ្យ​លោក​គ្រូ​គុន Fu Wing Way ដែល​ជា​អ្នក​បង្កើត​ក្បាច់​គុន Fu Style Tai Chi ក្នុង​ប្រទេស​ចិន បាន​សម្រេច​ជ្រើស​យក​នាង​ធ្វើ​ជា​សិស្ស​ផ្ទាល់​ខ្លួន។

ក្នុង​ឆ្នាំ ១៩៨៤ លោក​ស្រី ​Mark បាន​ឈ្នះ​មេដាយ​មាស​លើក​ដំបូង​ក្នុង​កម្មវិធី International Tournament of T'ai chi ch'aun នៅ​ទីក្រុង Wuhan។ ក្នុង​ឆ្នាំ ១៩៩៥ នាង​បាន​ជាប់​ឈ្មោះ​ជា​តារា​ក្បាច់​គុន Kung-Fu ខ្សែ​ក្រវាត់​ខ្មៅ​ប្រចាំ​ឆ្នាំ​​របស់​ទស្សនាវដ្ដី​មួយ។ មុន​ពេល​នាង​ផ្លាស់​ប្ដូរ​ទី​លំនៅ​ទៅ​សហរដ្ឋ​អាមេរិក លោក​ស្រី ​Mark គឺ​ទទួល​បាន​ភាព​ល្បីល្បាញ​ពាស​ពេញ​ប្រទេស​ចិន​រួច​មក​ហើយ ព្រោះ​នាង​គឺ​ជា​កីឡា​ការិនី​ក្បាច់​គុន​បុរាណ​ម្នាក់​ដ៏​មាន​ទេពកោសល្យ។

លោក​ស្រី Bow-sim Mark បាន​និយាយ​ថា៖ "នៅ​តំបន់ Chainatown មាន​សាលា​បង្រៀន​ក្បាច់​ Kung-fu តិច​តួច​ណាស់ ហើយ​ភាគ​ច្រើន​​មាន​សាលា​បង្រៀន​ក្បាច់​គុន​ការាត់តេ​នៅ​ឯ​ជាយ​ក្រុង។ សាលា​របស់​ខ្ញុំ​គឺ​ជា​សាលា​បង្រៀន​ក្បាច់​គុន Wushu ដំបូង​គេ​ ហើយ​នៅ​ពេល​នោះ ក្បាច់​គុន​មួយ​នេះ​ដែរ គឺ​គ្មាន​នរណា​ធ្លាប់​ស្គាល់​ឡើយ​នៅ​លោក​ខាង​លិច​នោះ"។

មក​ទល់​ពេល​នេះ លោក​ស្រី Bow-sim Mark មាន​វ័យ ៧៤​ឆ្នាំ​ហើយ។ នាង​បាន​ចូល​និវត្តន៍​ និង​​ឲ្យ​សាលា​បង្រៀន​របស់​នាងទៅ​ឲ្យ​កូន​ស្រី និង​សិស្ស​សំណព្វម្នាក់​ឈ្មោះ Jean Lukitsh ដឹក​នាំ​បន្ត។ តែ​ទោះ​ជា​យ៉ាង​ណា លោក​ស្រី​នៅ​តែ​អនុវត្ត​ក្បាច់​គុន Tai Chi ជា​រៀង​រាល់​ថ្ងៃ ដោយ​ចំណាយ​ពេល ៤៥ នាទី​ក្នុង​ការ​ដើរ​តាម​ដង​ទន្លេ Charles ដើម្បី​ឲ្យ​ដង្ហើម​ដើរ​បាន​ស្រួល និង​មាន​អារម្មណ៍​ស្ងប់​ល្អ៕ ​

​​

ប្រភព៖ nextshark ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់
អត្ថបទពេញនិយម