• 2018-06-07 03:52:34
  • ព័ត៌មាន

មហិច្ឆតា​ខ្ពស់​ៗ​...សិល្បករ​ខ្មែរ​ប៉ុន្មាន​រូប​នេះ សុខ​ចិត្ត​បង្កើត​ Franchise ក្នុង​ស្រុក មិន​ខ្ចី​ទិញ​ពី​បរទេស!

  • 2018-06-07 03:52:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោម​ឥទ្ធិពល​នៃ​សកលភាវូបនីយកម្ម ផ្សំ​នឹង​ការ​កើន​ឡើង​កម្រិត​ជីវភាព​របស់​ប្រជាពលរដ្ឋ បាន​នាំ​ដល់​ទំនោរ​ផ្សារ​ភ្ជាប់​ជីវិត​បែប Modern Life របស់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ពិសេស​យុវវ័យ កាន់​តែ​ផុលផុស។ ទាំង​នេះ ជា​មូលហេតុ​ដែល​អាជីវកម្ម​ប្លែក​ៗ ពេញ​និយម​នៅ​បរទេស​ជា​រួម គឺ​អាជីវកម្ម Franchise បរទេស​ជា​ច្រើន បាន​ហូរ​ចូល​មក​កម្ពុជា​ដូច​ទឹក​បាក់​ទំនប់។

យ៉ាង​ណា​ក៏​ដោយ ក៏​មិន​មាន​ន័យ​ថា ទី​នេះ​ជា​ទីផ្សារ​ផ្ដាច់​មុខ​របស់​ពាណិជ្ជកម្ម​បរទេស​នោះ​ដែរ ស្រប​ពេល​ដែល​គេ​ឃើញ​អាជីវកម្ម​បង្កើត​ឡើង​ក្នុង​ស្រុក ក៏​មាន​ហូរហែ​ដែរ ដូច​ជា "កាហ្វេ​ដី" "ទ្រូ​កាហ្វេ" "ទូកត្នោត​កាហ្វេ" ជាដើម។ នៅ​ក្នុង​សង្គម​សិល្បៈ ក៏​ដូច​គ្នា ដែល​មាន​សិល្បករ​វ័យ​ក្មេង​កម្ពុជា​ប៉ុន្មាន​រូប កំពុង​ក្រាញ​ននៀល​ជាមួយ​ស្លាក​សញ្ញា ឬ​ពាណិជ្ជ​នាម​បង្កើត​ដោយ​ខ្លួន​ឯង​នេះ ក្នុង​មហិច្ឆតា​ខ្ពស់​រៀង​ខ្លួន។

សិល្បករ​ទាំង​នោះ​មាន៖

១.រ៉ូណាន ចាន់ណា និង​ទ្រី ដារ៉ាវុធ៖ អ្នក​និពន្ធ និង​ដឹកនាំ​រឿង រ៉ូណាន ចាន់ណា បាន​ចាប់​ដៃគូ​ជាមួយ​តារា​សម្ដែង ទ្រី ដារ៉ាវុធ បង្កើត​អាជីវកម្ម​លក់​កាហ្វេ​កាល​ពី​ដើម​ឆ្នាំ​នេះ នៅ​ទឹកដី​ឃុំ​ព្រែក​តាមាក់។ ដោយ​សារ​តែ​ពួក​គេ​ជា​បុគ្គល​សិល្បៈ អាជីវកម្ម សហកម្មសិទ្ធិ​នេះ ត្រូវ​បាន​ដាក់​ឈ្មោះ​ថា "Artist Coffee”។ ម្ចាស់​អាជីវកម្ម​ទាំង​ពីរ​ធ្លាប់​បង្ហើប​ថា លោក​នឹង​តស៊ូ​ជាមួយ​អាជីវកម្ម​មួយ​នេះ នឹង​មាន​ផែន​ការ​ពង្រីក​ឲ្យ​កាន់​តែ​ធំ​នា​ពេល​អនាគត។

២.សុវណ្ណា ហ្គិច ឬ ប្រាក់ ហ្គិច៖ ដូច​នឹង​មិត្ត​រួម​អាជីព​ខាង​លើ តារា​សម្ដែង​ដែល​ទើប​ត្រឡប់​មក​សិល្បៈ​វិញ ក្រោយ​ផ្អាក​២​ឆ្នាំ​រូប​នេះ កំពុង​គ្រប់​គ្រង​អាជីវកម្ម​កាហ្វេ និង​ភេសជ្ជៈ​ដូច​គ្នា​ដែរ។ ហ្គិច បាន​ដាក់​ឈ្មោះ​អាជីវកម្ម​ពេញ​និយម​សម្រាប់​យុវវ័យ​ថា "Frame Tea” មាន​ទីតាំង​នៅ​តំបន់​បឹង​កេងកង។

ម្ចាស់​អាជីវកម្ម​វ័យ​ក្មេង​រូប​នេះ​អះអាង​ថា បើ​ទោះ​ទើប​ដំណើរ​ការ​មិន​ទាន់​បាន​១​ឆ្នាំ​ក្ដី ប៉ុន្តែ​ដោយ​សារ​ថា ទទួល​បាន​ការ​គាំទ្រ មក​ដល់​បច្ចុប្បន្ន អាជីវកម្ម​បម្រើ​ភេសជ្ជៈ​របស់​នាង បាន​ពង្រីក​សាខា​ចំនួន​៣​ហើយ គឺ​នៅ​រាជធានី​ភ្នំពេញ១​កន្លែង និង​នៅ​ខេត្ត​សៀម២​កន្លែង។ តួ​ស្រី​ក្នុង​រឿង "គូ​ស្នេហ៍​រុងរឿង" បញ្ជាក់​ថា ​នាង​នឹង​ខំ​ពង្រីក​អាជីវកម្ម​នេះ ព្រោះ​នាង​ក៏​មាន​គម្រោង​លក់ Franchise នេះ​ដែរ នា​ពេល​អនាគត។

៣.ម៉ាក សែន​សូនីតា៖ ស្រី​ស្អាត​រូប​នេះ​ហាក់​លេច​ធ្លោ​ជាង​គេ ក្នុង​ចំណោម​សិល្បករ​ជា​ម្ចាស់​អាជីវកម្ម Franchise ក្នុង​ស្រុក​ខាង​លើ។បច្ចុប្បន្ន តូតា គឺ​ជា​ថៅកែ​ស្រី​លើ​អាជីវកម្ម​បម្រើ​អាហារ​សមុទ្រ​ឈ្មោះ​ថា "ផែ​សមុទ្រ" ចំនួន​៣​សាខា។ សមិទ្ធផល​នេះ គឺ​ជា​ភាគ​ហ៊ុន​នាង ជាមួយ​ចាងហ្វាង​ផលិតកម្ម​អង្គរ​ភិចឈ័រ លោក ប៉ុល វិបូ ហៅ នីត ជា​សង្សារ។

តូតា ហាក់​​ឈាន​មុខ​មួយ​ជំហាន​លើ​មិត្ត​រួម​អាជីព ក្នុង​អាជីវកម្ម​បង្កើត Franchise ខ្លួន​ឯង​នេះ ព្រោះ​ថា នាង​បាន​លក់​ចេញ Franchise នាង​មួយ​រួច​ទៅ​ហើយ ដែល​មាន​តម្លៃ​ដល់​ទៅ​ជិត​១០ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ បើ​ទោះ​ទើប​ដំណើរ​ការ​បាន​ប្រមាណ​កន្លះ​ឆ្នាំ​ក្ដី។ តារា​សម្ដែង​ល្បី​ឈ្មោះ​រូប​នេះ បាន​ប្រាប់​ឲ្យ​ដឹង​ថា តាម​ផែន​ការ នាង​នឹង​ពង្រីក "ផែ​សមុទ្រ" ឲ្យ​បាន​១២​សាខា​នៅ​ក្នុង​រាជធានី។

អាជីវកម្ម Franchise ត្រូវ​បាន​គេ​ស្គាល់​ថា គឺ​ជា​គំរូ​អាជីវកម្ម​ទិញ​លក់​សិទ្ធិ​សម្រាប់​ធ្វើ​អាជីវកម្ម​បន្ត ក្រោម​ការ​ផ្ដល់​នូវ​គំរូ ឬ​រូបមន្ត​យ៉ាង​ជាក់លាក់​ទៅ​ប្រតិបត្តិ​ករ​អាជីវកម្ម​ថ្មី(អ្នក​ទិញ​សិទ្ធិ​បន្ត)​ពី​ម្ចាស់​ដើម​នៃ​អាជីវកម្ម។ អាជីវកម្ម​សម័យ​ទំនើប​មួយ​នេះ ត្រូវ​បាន​អ្នក​ជំនាញ​អះអាង​ថា មាន​ទាំង​ភាព​ងាយ​ស្រួល មាន​ទាំង​ហានិភ័យ។

ភាព​ងាយ​ស្រួល គឺ​ថា អ្នក​មិន​មាន​បទ​ពិសោធន៍​អាជីវកម្ម​ជ្រៅ​ជ្រះ​ក៏​អាច​រកស៊ី​បាន​ដែរ ព្រោះ​តែ​គំរូ និង​រូបមន្ត​លើ​សេវាកម្ម និង​យុទ្ធសាស្ត្រ​ទីផ្សារ ត្រូវ​បាន​ផ្ដល់​ជា​ស្រេច​ពី​ម្ចាស់​ដើម​ហៅ​ថា Franchisor ។ ប៉ុន្តែ​ការ​ទិញ​សិទ្ធិ Franchise ពី​បរទេស ត្រូវ​ការ​ចំណាយ​ខ្ពស់ និង​ត្រូវ​រ៉ាប់​រង​ការ​ចំណាយ​ច្រើន​ទៅ​ឲ្យ​ម្ចាស់​ដើម​អាជីវកម្ម និង​ភ្ជាប់​ជាមួយ​លក្ខខណ្ឌ​ច្រើន​ទៀត។ ការ​ចំណាយ​ទាំង​នោះ មាន​រាប់​ចាប់​ពី​ដំណាក់​កាល​មុន​អាជីវកម្ម​ដំណើរ​ការ ពេល​កំពុង​ដំណើរ​ការ រួម​ទាំង​ការ​ប្រតិបត្តិ​ការ​ផង។ ទាំង​នេះ រាប់​ជា​ហានិភ័យ​ របស់ Franchise ទិញ​សិទ្ធិ​ពី​បរទេស ព្រោះ​ប្រសិន​បើ​ការ​អាជីវកម្ម​មិន​ទទួល​បាន​ការ​គាំទ្រ ប្រឈម​នឹង​ដួល​រលំ​ទៅ​វិញ​ក្នុង​រយៈ​ពេល​ខ្លី​បំផុត៕

អត្ថបទ៖ ទារិកា

មតិយោបល់