- 2018-06-15 03:37:26
- ព័ត៌មាន
តាវ៉ិចទ័រ និយាយអ្វីខ្លះ បន្ទាប់ពីអតីតគូដណ្ដឹង នីឡា ភ្ជាប់ពាក្យស្រីថ្មី?
- 2018-06-15 03:37:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាវ៉ិចទ័រ និយាយអ្វីខ្លះ បន្ទាប់ពីអតីតគូដណ្ដឹង នីឡា ភ្ជាប់ពាក្យស្រីថ្មី?
ចន្លោះមិនឃើញ
ដូចប្រិយមិត្តបានដឹងហើយកាលពីម្សិលមិញនេះ កូនប្រុសថៅកែល្ខោន ភី សុគន្ធធី ដែលជាអតីតគូដណ្ដឹង កញ្ញា នីឡា បានភ្ជាប់ពាក្យជាមួយស្រីថ្មីហើយ ដែលមានសម្រស់មិនចាញ់តារាឡើយ។ លោក សុវណ្ណរិទ្ធី ហៅ តាវ៉ិចទ័រ ដែលជាមិត្តភ័ក្ដិជិតស្និទ្ធជាមួយថៅកែល្ខោន ភី សុគន្ធធី ហើយដល់ថ្នាក់ធ្វើដន្លងជាមួយគ្នា តែមិនបានសម្រេចនោះ បានថ្លែងឲ្យដឹងថា លោកគ្មានអ្វីក្រៅពីជូនពរឲ្យអ្នកទាំង២ឲ្យទទួលបានភាពសុខសាន្តចម្រុងចម្រើនក្នុងជីវិតជារៀងរហូត។
អ្នកដឹកនាំក្រុមកំប្លែងល្បីឈ្មោះរូបនេះ បានបន្តឲ្យដឹងថា ទោះបីជា លោក ផន រង្សី អតីតគូដណ្ដឹងកូនស្រីរបស់លោក បានភ្ជាប់ពាក្យជាមួយអ្នកថ្មីក៏ពិតមែន ក៏មិនអាចកាត់ផ្ដាច់ទំនាក់ទំនងរវាងគ្រួសារលោក និងថៅកែល្ខោន ភីសុគន្ធធី ដែលរក្សាជាច្រើនឆ្នាំមកហើយនោះទេ គឺនៅតែរក្សាទំនាក់ទំនងល្អដដែល។
រឿងអនាគត នីឡា បន្តទៀត នឹងត្រូវរៀបចំបែបណានោះ លោក សុវណ្ណរិទ្ធី បានប្រាប់យ៉ាងខ្លីថា គឺគ្មានអ្វីពិបាកនោះទេ ព្រោះកូនស្រីរបស់លោកមានអាណាព្យាបាលគ្រប់គ្រង រាល់ការធ្វើអ្វីស្ថិតនៅក្រោមការគ្រប់គ្រងរបស់ឪពុកម្ដាយ។ "ចំពោះអនាគតកូនស្រីខ្ញុំ វាងាយស្រួលទេប្អូន ព្រោះថាកូនខ្ញុំវាមានសំបុក វាមានអ្នកឃុំគ្រង អីចឹងកូនខ្ញុំធ្វើអី គឺស្ថិតការគ្រប់គ្រងឪពុកម្ដាយ" តាវ៉ិចទ័រ លើកឡើង។
លោក ផន រង្សី និង នីឡា បានផ្ដាច់កាលថ្ងៃទី១៩ ខែ ឧសភា ឆ្នាំ២០១៦ កន្លងទៅ ហើយបានផ្ដាច់ពាក្យវិញកាល អំឡុងឆ្នាំ២០១៧ ក្រោមហេតុផលមិនចុះសម្រុងគ្នា។ ។ កូនប្រុសថៅកែល្ខោនល្បីឈ្មោះប្រចាំខេត្តតាកែវរូបនេះបានភ្ជាប់ពាក្យហើយនៅកាលពីម្សិលមិញនេះ ជាមួយកញ្ញា ហ៊ុន អាប៉ូ ជាអ្នកលក់ផលិតផលតាម Online និងជានិស្សិតឆ្នាំទី៤ ផ្នែកគណនេយ្យ។ គូដណ្ដឹងលោក ផន រង្សី ជាកូនអ្នកភ្នំពេញ ហើយអ្នកទាំងពីរគ្រោងចូលរោងការនៅ ខែមីនា ឆ្នាំ ២០១៩ ខាងមុខនេះ៕