• 2018-06-21 03:35:00
  • ជីវិតតារា

មិន​នឹក​ស្មាន អ៊ុន សិទ្ធា ជា​អ្នក​នៅ​ពី​ក្រោយ​ស្នេហា​ថ្មី ប៉ុបពី

  • 2018-06-21 03:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ភេទ​ទី៣ ប៉ុបពី បាន​រក​ឃើញ​ស្នេហា​​ថ្មី​ហើយ​ ក្រោយ​ពី​ទុក​បេះ​ដូង​ឲ្យ​នៅ​ទំនេរ​អស់​មួយ​រយៈ​។ ស្នេហ៍​ថ្មី​នេះ​កើត​ឡើង​បន្ទាប់​ពី​រូប​នាង ទៅ​ចូល​រួម​​ពិធី​បុណ្យ​បច្ច័យ​បួន​ម្ដាយ​របស់​លោក អ៊ុន សិទ្ធា កាល​ពី​ថ្ងៃ​ទី ២៦ ខែ ឧសភា ឆ្នាំ២០១៨ កន្លង​ទៅ​ថ្មីៗ​នេះ។

តួ​អង្គ​​ភេទ​ទី៣​ក្នុង​រឿង​"គូស្នេហ៍​បម្រុង" និយាយ​ថា ទំនាក់​ទំនង​ខ្លួន​ជាមួយ​គូស្នេហ៍​ថ្មី​នេះ​បាន​រីក​លូត​លាស់​បាន​ជិត​ ១​ខែ​ហើយ តែ​មិន​ទាន់​មាន​អ្វី​ជ្រុល​ជ្រួស​ជាមួយ​គ្នា​នោះ​ទេ ខណៈ​ពេល​នេះ​កំពុង​តែ​មើល​ចិត្ត​ថ្លើម​គ្នា​ទៅ​វិញ​ទៅ​មក​ ព្រោះ​​មិន​ចង់​ជួប​ស្នេហ៍​បោក​ប្រាស់​ម្ដង​ហើយ​ម្ដង​ទៀត។

ក្នុង​អារម្មណ៍​រំភើប​កំពុង​​ត្រេកត្រអាល​ជាមួយ​ស្នេហា​ថ្មី​ ប៉ុបពី ថា៖"ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ខ្ញុំ​ សូម​អរគុណ​ដល់​បង​​ប្រុស​ សុទ្ធា ដោយ​សារ​តែ​បុណ្យ​បច្ច័យ​បួន​គាត់​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ខ្ញុំ​ បាន​ជួប​បុរស​នៅ​ក្នុង​ក្ដី​សុបិន​ខ្ញុំ​ម្នាក់​ទៀត"។

ទោះបី​ជា​អំឡុង​ពេល​នេះ​ ប៉ុបពី កំពុង​តែ​មាន​ក្ដី​សុខ​ជាមួយ​ស្នេហា​ថ្មី​ក្ដី តែ​នាង មិន​ទាន់​ជឿជាក់​ថា​វា​ជា​ស្នេហា​ចុង​​ក្រោយ​របស់​ខ្លួន​នោះ​ទេ អ្វីៗ​គ្រប់​យ៉ាង​ស្ថិត​​អាស្រ័យ​ទៅ​លើ​ពេល​វេលា​នៅ​ថ្ងៃ​មុខ​ទៀត​ជា​អ្នក​សម្រេច។

រីឯ​កំលោះ​សង្ហា ប៊ីលី ប៊ីលី ត្រូវ​ជា​ប្រុស​ស្នេហ៍​ថ្មី​​បាន​អះ​អាង​ថា​ លោក ស្រឡាញ់​ ប៉ុបពី ដោយ​ស្មោះ​មិន​មាន​ចិត្ត​គំនិត​បោក​ប្រាស់​ ឬ មើល​ឃើញ​ទ្រព្យ​សម្បត្តិ​​អ្វីឡើយ។ គ្រប់​យ៉ាង​កើត​ចេញ​​ពីអារម្មណ៍​ល្អ​ដែល​មាន​ចំពោះ​គ្នា​ទៅ​វិញ​ទៅមក។​​​​​

​​​​​​​បន្ថែម​ពី​នេះ​លោក ថា បច្ចុប្បន្ន​​​ខ្លួន​មាន​ការ​ងារ​ជា​មេ​ចុងភៅ​ទៅ​ ទទួល​បាន​ប្រាក់​ខែ​សមរម្យ​អាច​ចិញ្ចឹម​ខ្លួន​ឯង​រស់​បាន​យ៉ាង​ស្រួល​មាន​រឿង​អ្វី​ទៅ​បោក​ប្រាស់​ ប៉ុបពី ។

“ចំណុច​ពិសេស​ធ្វើ​ឲ្យ​ខ្ញុំ​ស្រឡាញ់​គាត់​(ប៉ុបពី) មក​ពី​គាត់​ជា​មនុស្ស​ម្នាក់​ម៉ត់​ចត់​ជាមួយ​ការ​ងារ រួសរាយ​រាក់​ទាក់​ មិន​ប្រកាន់​ច្រើន​ ជា​មនុស្ស​បើក​ចិត្ត​ទូលាយ ពេល​នៅ​ជាមួយ​គាត់​ខ្ញុំ​​មាន​អារម្មណ៍​ល្អ​ សប្បាយ​ច្រើន​ជាង​កើត​ទុក្ខ"។ ប្រុស​ស្នេហ៍​ថ្មី​ ប៉ុបពី​​ បញ្ជាក់៕​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់
អត្ថបទពេញនិយម