• 2018-06-26 02:45:58
  • ជីវិតតារា

ងាកមកមើលការងារសង្គម និងសិល្បៈ​របស់ VJ អារីយ៉ា មុនពេលធ្លាក់ខ្លួនឈឺ

  • 2018-06-26 02:45:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មាន​​ជុំ​វិញ​ការ​ធ្លាក់​ខ្លួន​ឈឺ របស់​តារា​សម្ដែង និង​ពិធី​ការិនី ​ VJ អារីយ៉ា បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​ក្នុង​មហាជន និង​ក្នុង​ចង្កោម​អ្នក​សិល្បៈ។ ត្បិត​ជា​តារា​ដែល​និយម​លេង​សិច​ស៊ី​មិន​ចាញ់​បរទេស ប៉ុន្តែ​មុន​ធ្លាក់​ខ្លួន​ឈឺ​រហូត​ចូល​​សង្គ្រោះ​បន្ទាន់​គួរ​ឲ្យ​អាសូរ ​អាលីយ៉ា ធ្លាប់​បាន​សាង​ស្នាដៃ​ជា​ច្រើន​ក្នុង​សង្គម​សិល្បៈ បូករួម​ទាំង​ការងារ​សប្បុរសធម៌​ជា​ហូរហែ។ ​

ក្នុង​អំឡុង​ខែ​មិថុនា ឆ្នាំ២០១២ អាលីយ៉ា ធ្លាប់​​បាន​ផ្ដើម​គំនិត​ក្នុង​​ប្រមូល​ថវិកា​មួយ​ចំនួន​ពី​មិត្ត​រួម​អាជីព និង​ក្រៅ​រង្វង់​សិល្បៈ​ ដើម្បី​ជូន​ដល់​សិល្បករ​ចាប៉ី​ដ៏​ល្បី​ល្បាញ​លោក​តា​ភិរម្យ ប្រាជ្ញ ឈួន ។ ជា​មួយ​គ្នា​នោះ នាង​ក៏​បាន​ដឹក​នាំ​អ្នក​សិល្បៈ និង​ក្រុម​ការងារ​មួយ​ចំនួន​ចុះ​ទៅ​សាកសួរ​សុខទុក្ខ វីរ​សិល្បករ​ខាង​លើ​ដោយ​ផ្ទាល់​ដល់​ស្រុកកំណើត​ភូមិ​សម៉ ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្ត​តាកែវ។

អ្វី​ដែល​មហាជន​កាន់​តែ​ដោត​សរសើរ​អំពី​ទឹក​ចិត្ត​នាង​គឺ​ក្នុង​អំឡុង​ខែ​ កក្កដា​ឆ្នាំ២០១២​ នាង​ក៏​បាន​ផ្តួច​ផ្តើម​បង្កើត​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី និង​សម្តែង​ទស្សនីយភាព​សិល្បៈ​ដ៏​ធំ​មួយ ​ ​នៅ​សាល​មហោស្រព​ចតុមុខ​ មាន​ ឈ្មោះ​ថា​ «​តន្ត្រី​មនុស្ស​ធម៌​រៃអង្គាស​ប្រាក់​ជួយ​កុមារ​កំព្រា»។

ជា​​មួយ​ការងារ​​មនុស្សធម៌​នេះ​នាង​ក៏​តែងតែ​ចូល​រួម​សកម្មភាព​​ជា​មួយ​សិល្បករ​ដទៃ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ជា​ច្រើន​ឆ្នាំ​បន្តបន្ទាប់​គ្នា​ផង​ដែរ។

មុន​ពេល​បាត់​មុខ​​​សិល្បៈ​ កាល​ពី​អំឡុង​ចុង​ខែ​កញ្ញា ឆ្នាំ ២០១៦ តារា​ស្រី​រូប​នេះ​ធ្លាប់​បាន​ចូលរួម​ដោយ​ស្ម័គ្រ​ចិត្ត​ក្នុង​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​សប្បុរស​ធម៌​នៅ​សាកល​វិទ្យាល័យ​ន័រតុន ដើម្បី​រក​ថវិកា​ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ផង​ដែរ។ នៅ​មាន​សកម្មភាព​សង្គម​ជា​ច្រើន​ទៀត​ដែល​តារា​ស្រី​រូប​នេះ​ធ្លាប់​បាន​ចូល​រួម​ចំណែក​ជាមួយ​សិល្បករ​ដទៃ​ជួយ​ដល់​សង្គម។

ជីវិត​នាង​ចាប់​ផ្តើម​ប្រែប្រួល​ក្រោយ​ពី​រង​អំពើ​ហិង្សា​ដោយ​ការ​វាយ​ធ្វើបាប​ពី​បុរស​ម្នាក់​អស់​រយៈពេល​ជាង​២​ឆ្នាំ​មក​ហើយ ហើយ​ពេល​នេះ​នាង​នៅ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​នៅ​ឡើយ។ ក្រៅ​ពី​រង​សម្ពាធ​ផ្លូវ​ចិត្ត​ដ៏​ធ្ងន់ធ្ងរ​ នាង​ក៏​ត្រូវ​បាន​គេ​រំលោភ​យក​ហាង​លក់​​សម្លៀក​បំពាក់​ បូក​រួម​ទាំង​សម្ភារៈ​ក្នុង​ហាង​ជា​ច្រើន រហូត​ធ្វើ​ឲ្យ​នាង​កាន់​តែ​បាត់​បង់​អស់​ទី​ពឹង​មួយ​ផ្នែក​ធំ។

ទោះ​បែប​នេះ​ក្តី តារា​ស្រី​រូប​នេះ​ក៏​នៅ​តែ​ប្រឹង​ប្រែង​បន្ត​សកម្មភាព​សិល្បៈ​និង​ធ្វើ​ខ្លួន​ជា​មនុស្ស​រឹង​មាំ​ម្នាក់​ ដោយ​មិន​ចុះ​ចាញ់​នឹង​វិបត្តិ​ផ្លូវ​ចិត្ត និង​ការ​មាក់​ងាយ​ជា​ច្រើន​។ ប៉ុន្តែ​ការ​ប្រឹង​ប្រែង​​របស់​នាង​កន្លង​មក​ ហាក់​មិន​អាច​ទប់​ទល់​នឹង​​រឿង​រ៉ា​វជា​ច្រើន​បន្ត​បន្ទាប់។

ការ​ខ្វះ​ខាត​មុខ​ក្រោយ ជំងឺ​ផ្លូវ​ចិត្ត បាន​រុញ​ច្រាន​ឲ្យ​ជីវិត​នាង​កាន់​តែ​ដុន​ដាប រហូត​ធ្លាក់​ខ្លួន​ឈឺ​ស្វិត​ដៃ​ជើង និង​ជំងឺ​រលាក​ទង​សួត​កាន់​តែ​ខ្លាំង រហូត​នាង​សុខ​ចិត្ត​រស់​នៅ​ក្នុង​ទី​ស្ងប់​ស្ងាត់ មិន​ភ្ជាប់​ទំនាក់​ទំនង​ជា​មួយ​អ្នក​ដទៃ។

អាលីយ៉ា នៅ​តែ​សង្ឃឹម​ថា យុត្តិធម៌​នឹង​មិន​នៅ​ឆ្ងាយ​ពី​នាង​នោះ​ទេ ហើយ​នាង​ក៏​ជឿ​ដែរ​ថា​ ទេវតា​ពិត​ជា​មាន​ភ្នែក​មើល​ឃើញ​ពីទុក្ខ​លំបាក​របស់​នាង ផ្ដល់​ឲ្យ​នាង​នូវ​ពន្លឺ​ជីវិត​វិញ​ជា​ថ្មី​នៅ​ថ្ងៃ​ខាង​មុខ។

បច្ចុប្បន្ន​នាង​ ​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ ទាំង​រាង​កាយ​ស្គម​ស្គាំង​ព្រោះ​​ជំងឺ​សួត​រ៉ាំ​រ៉ៃ និង​គ្មាន​ប្រាក់​សូម្បី​មួយ​រៀល​ជាប់​ខ្លួន​។ ដំណឹង​នេះបាន​ធ្វើ​ឲ្យ​​មិត្ត​សិល្បករ និង​សប្បុរស​ជន​ជាច្រើន មាន​ការ​សង្វេគ​ជា​ខ្លាំង ហើយ​​បាន​ចុះ​សួរ​សុខទុក្ខ និង​​ផ្ដល់​ថវិកា​មួយ​តាម​លទ្ធភាព​ជា​បន្ត​បន្ទាប់៕

អត្ថបទៈ ស៊ុនហួត

មតិយោបល់