- 2018-07-03 03:16:13
- ព័ត៌មាន
ជុំវិញរឿង អ៊ីវ៉ា ចោលសាន់ដេ ទៅថោន ឥឡូវខាង ថោន ឆ្លើយវិញហើយ!
- 2018-07-03 03:16:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជុំវិញរឿង អ៊ីវ៉ា ចោលសាន់ដេ ទៅថោន ឥឡូវខាង ថោន ឆ្លើយវិញហើយ!
ចន្លោះមិនឃើញ
តារាចម្រៀង អ៊ីវ៉ា ដែលល្បីថា ត្រៀមចាកចេញពីសាន់ដេ ក្រោយចប់កុងត្រានោះ ឥឡូវថ្មីៗនេះ មានព័ត៌មានថា នាងបានទៅចូលរួមជាមួយថោនវិញហើយ ហើយនៅថ្ងៃនេះ ខាងថោន បានឆ្លើយតបវិញហើយចំពោះករណីនេះ។
លោក មាស សុខរតនៈ អ្នកចាត់ការទូទៅ ផលិតកម្មថោន បានឆ្លើយប្រាប់ Sabay ថា លោកមិនទាន់ទទួលបានព័ត៌មានជាក់លាក់ពីករណីរបស់តារាចម្រៀងមកពីខេត្តកំពង់ស្ពឺមកចូលរួមជាមួយផលិតកម្មថោនរបស់លោកឡើយ។ យ៉ាងនេះក្ដី លោកក៏មិនទាន់ហ៊ានទាត់ចោលដែរ ចំពោះករណីដែលថា អ៊ីវ៉ា អាចបានជួបចរចាគ្នាជាមួយថ្នាក់លើ(ថៅកែ)របស់លោករួចហើយ ឬក៏អត់នោះ។
តាមការបញ្ជាក់ពីបងប្រុសរបស់ មាស សុខសោភា រូបនេះ ត្បិតថាលោកជាអ្នកគ្រប់គ្រងទូទៅផលិតកម្មថោន ប៉ុន្តែការងារខ្លះ ពិសេសរឿងធនធានមនុស្ស គឺលោកទទួលបានពីថ្នាក់លើរបស់លោកដែរ ប៉ុន្តែករណីរបស់ អ៊ីវ៉ា មកទល់ពេលនេះ(រសៀលម្សិលមិញ) លោកមិនទាន់ទទួលបានព័ត៌មានអ្វីឡើយ។ លោក លើកឡើងថា "មិនទាន់មានការបញ្ជាក់ច្បាស់លាស់ពីថ្នាក់លើនៅឡើយទេអូនអើយ"។
នេះមិនមែនជាលើកទី១ឡើយ ដែលតារាចម្រៀង អ៊ីវ៉ា ត្រូវបានព័ត៌មានចងភ្ជាប់ ថាចង់ផ្លាស់ប្ដូរទ្រនំ ក្រោយរួមរស់ជាមួយសាន់ដេជាច្រើនឆ្នាំ។ សាច់រឿងបានកើតឡើងតាំងពីឆ្នាំ ២០១៦ ក្នុងនោះ ល្បីថា នាងទៅចូលរួមជាមួយហង្សមាស ជាទីដែលមិត្តរួមទ្រនំរបស់នាង គឺតារាចម្រៀង សុខ ស្រីនាង និង ខេមរៈ សិរីមន្ត បានទៅចូលរួមបន្តបន្ទាប់។
ក្រោយពីស្ងាត់មួយរយៈ តារាចម្រៀងកំព្រាម្ដាយរូបនេះ ទើបធ្លាយព័ត៌មានជាថ្មីនៅប៉ុន្មានថ្ងៃនេះថា នាងបានប្ដូរចិត្តឈប់ទៅហង្សមាស វិញហើយ ហើយបានទៅចូលរួមជាមួយផលិតកម្មថោនជាជំនួស។ ចំពោះមូលហេតុ ដោយសារ ហង្សមាស ជាផ្ទះធំ មានមនុស្សច្រើនរួចហើយទៅហើយ។ ដូច្នេះបើទោះនាងមានសមត្ថភាពក៏ពិតមែន ក៏មិនប្រាកដថា នាងអាចនឹងលេចត្រដែតបានដែរ។
ជុំវិញរឿងទៅចូលរួមជាមួយផលិតកម្មថោននេះទៀត អ៊ីវ៉ា នៅលេចលឺព័ត៌មានទៀតថា នាងមានបទចម្រៀងក្នុងផលិតកម្មមួយនេះរួចទៅហើយ ដោយនាងត្រូវបានរៀបចំឲ្យចាប់ដៃគូជាមួយតារាចម្រៀង កែវ វាសនា ដែលជាអតីតមិត្តរួមទ្រនំរបស់នាងនៅសាន់ដេរដែរ។
យ៉ាងនេះក្ដី លោក មាស សុខរតនៈ បានច្រានចោលជាថ្មី ក្នុងនោះ បើទោះរឿងធនធានមនុស្ស លោកមិនក្ដោបក្ដាប់១០០% ប៉ុន្តែបទចម្រៀង ជាសមត្ថកិច្ចរបស់លោក។ ដូច្នេះ លោកអះអាងថា មិនមានបទចម្រៀងមួយណា ត្រូវបានរៀបចំសម្រាប់ អ៊ីវ៉ា នៅឡើយ។ លោកលើកឡើងថា "អត់មានទេ...បងអ្នកធ្វើ បងដឹង!”។
វិលមកសាមីខ្លួន អ៊ីវ៉ា និងភាគី សាន់ដេ ដែលមានលោក ឡាយ សុកចម្រើនជាអ្នកចាត់ការទូទៅវិញ នៅព្រឹកនេះ មិនទាន់អាចសុំការអធិប្បាយបានទេ ដោយទូរសព្ទមិនទាន់អាចភ្ជាប់ទំនាក់ទំនងបាន។ ប៉ុន្តែមុននេះ លោក ឡាយ សុកចំរើន ធ្លាប់ប្រាប់ Sabay ថា អ៊ីវ៉ា មិនទៅថោនទេ។ បន្ថែមពីលើនេះ ប្រភពមួយផ្សេងនៅមិនឆ្ងាយពីសាន់ដេ ខ្សឹបប្រាប់ Sabay ថា សាន់ដេទើបចេញបទឲ្យ អ៊ីវ៉ា ថ្មីៗ។ "ខ្ញុំលឺតែព័ត៌មានថា គាត់ចេញៗដែរបង ប៉ុន្តែថ្មីៗនេះ ទើបឃើញផលិតកម្មបញ្ចេញ Trailer បទថ្មីឲ្យគាត់ដែរ គឺដូចជាម្សិលមិញម្សិលម្ង៉ៃហ្នឹង...អីចឹងមិនដឹងយ៉ាងម៉េចដែរបង!”។
ករណីនេះដែរ អ៊ីវ៉ា ធ្លាប់ប្រាប់សារព័ត៌មានដែរថា ប្រសិនបើផលិតកម្មចាស់ មានបទថ្មីធ្វើឲ្យនាងផ្ទុះនៅលើទីផ្សារបាន និងមើលឃើញជាវិជ្ជមានលើសមត្ថភាពរបស់នាង នាងនឹងមិនទៅណាចោលនោះទេ៕