• 2018-07-04 03:05:31
  • ជីវិតតារា

ម្តាយបង្កើត ឌីជេ អាលីយ៉ា បង្ហាញមុខថ្ងៃបុណ្យ៧ថ្ងៃកូនស្រី

  • 2018-07-04 03:05:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្តាយ​បង្កើត ឌីជេ អាលីយ៉ា បាន​បង្ហាញ​មុខ​នៅ​ថ្ងៃ​បុណ្យ​៧​ថ្ងៃ​កូនស្រី​កាល​ពី​ម្សិល​មិញ វត្ត​ទួល​​សន្តិវ័ន​ ស្ថិត​ក្នុង​ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ  នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មិត្តភក្តិ​ជិត​ស្និទ្ធ​របស់ អាលីយ៉ា គឺ​អ្នក​នាង ស៊ូ ដាណេ។

អ្នកនាង ស៊ូ ដាណេ បាន​រៀប​រាប់​ថា តាម​ពិត​ម្តាយ​បង្កើត​របស់​ឌីជេ អាលីយ៉ា បាន​បង្ហាញ​ខ្លួន​តាំង​ពី​ថ្ងៃ​បុណ្យ​សព​កូនស្រី​មក​ម្ល៉េះ ប៉ុន្តែ​មិន​មាន​អ្នក​ចាប់​អារម្មណ៍ និង​ពុំ​ទាន់​ជឿ​ជាក់​១០០%​ថា អ្នក​ស្រី​ពិត​ជា​ម្តាយ​បង្កើត​របស់ ឌីជេ អាលីយ៉ា។

បង្ហាញ​វត្តមាន​ជា​ថ្មី​ក្នុង​ពិធី​បុណ្យ​គម្រប់​៧​ថ្ងៃ ឌីជេ អាលីយ៉ា កាល​ពី​ម្សិល​មិញ​នេះ រួម​ជាមួយ​ការ សួរ​នាំ​អំពី​ដំណើរ​ដើម​ទង​នៃ​សាច់​រឿង​គ្រួសារ និង​មាន​ការ​អះអាង​ពី​អ្នក​ដែល​ធ្លាប់​ស្គាល់​ផង​នោះ ទើប​គ្រប់​គ្នា ច្បាស់​ថា អ្នកស្រី​ពិត​ជា​ម្តាយ​បង្កើត​របស់ អាលីយ៉ា មែន។

បើ​តាម​អ្នកនាង ស៊ូ ដាណេ ឪពុក​ម្តាយ​បង្កើត​របស់​ឌីជេ អាលីយ៉ា បាន​លែង​លះ​គ្នា​ពេល​កើត​អាលីយ៉ា ដោយ​គ្មាន​លទ្ធភាព​ក៏​ទុក​កូន​ស្រី​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ចុង​ក្រោយ​ក៏​ប្រគល់ អាលីយ៉ា ជូន​ស្រ្តី​ចិត្ត​ធម៌​ម្នាក់​យក​ទៅ​ចិញ្ចឹម​បីបាច់។

ប្រភព​ដដែល​អះ​អាង​ថា អាលីយ៉ា លុះ​នាង​ធំ​ដឹង​ក្តី នាង​មិន​ដែល​ធ្វើ​ឲ្យ​ម្តាយ​ចិញ្ចឹម​ពិបាក​ឡើយ ពេល​បាន​ចូល​សិល្បៈ​ អាលីយ៉ា ​សម្រេច​ចិត្ត​បែក​ផ្ទះ ចំណែក​ម្តាយ​ចិញ្ចឹម​របស់​នាង​បាន​ទទួល​មរណភាព​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន។

ងាក​មក​ម្តាយ​បង្កើត អាលីយ៉ា វិញ នៅ​ពេល​អ្នកស្រី​មាន​ជីវភាព​ធូធារ ក៏​ធ្លាប់​ស្កាត់​មក​ជួប​កូន​ស្រី​ដែរ ប៉ុន្តែ អាលីយ៉ា នៅ​មាន​គំនុំ​ខឹង​ម្តាយ ណា​មួយ​អ្នក​ម្តាយ​ក៏​មាន​ស្វាមី​ក្រោយ​ទៀត ទើប​ម្តាយ​អាលីយ៉ា​ក៏​បណ្តោយ​ទៅ​តាម​វាសនា​រៀងៗ​ខ្លួន ទើប​ឮ​ដំណឹង​ចុង​ក្រោយ​ថា​កូន​ស្រី​ធ្លាក់​ខ្លួន​ឈឺ ទើប​ខំ​ស្កាត់​មក​ជួប តែ​ទម្រាំ​បាន​ជួប​ក៏​ឮ​ដំណឹង​មរណភាព​ទៅ​ហើយ។

យ៉ាង​ណា​ក៏​ដោយ​មិត្តជិត​ស្និទ្ធ​របស់​ឌីជេ អាលីយ៉ា រូប​នេះ ទទូច​សុំ​ឲ្យ​មហាជន​បញ្ចប់​ចម្ងល់ និង​សូម​ឈប់ យល់​ខុស​លើ​ឪពុក​ម្តាយ​អាលីយ៉ា ដែល​បាន​បោះបង់​កូន​ចោល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ទៀត។

ឌីជេ អាលីយ៉ា បាន​ទទួល​មរណភាព​នៅ​ថ្ងៃទីថ្ងៃ​ទី​២៨ ខែមិថុនា នេះ ក្នុងវ័យ៣០ឆ្នាំ នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ ដោយ​ជំងឺ​សួត​រ៉ាំរ៉ៃ។

អត្ថបទ៖ ដេត ធន្នី

មតិយោបល់
អត្ថបទថ្មី