• 2018-07-24 10:16:53
  • ព័ត៌មាន

អ្នកនិពន្ធ ម៉ៅ សំណាង រហស្សនាម ទន្សាយ បញ្ជាក់ពីបញ្ហាសុខភាព និងកម្លាំងចិត្តក្នុងការតែងនិពន្ធ

  • 2018-07-24 10:16:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្នាដែតែងនិពន្ធ ដែលប្រិយមិត្តធ្លាប់តែបានអាន នឹងឮគេនិយាយតៗ គ្នា ហើ់យពេលខ្លះអានសៀវភៅចំ ដូចជារឿង «កុលាបខ្មៅ» រឿង «ស្រមោលបេះដូងរលកបោកខ្សាច់» និងស្នាដៃជាច្រើនផ្សេងទៀត ពេលនេះបានជួបហើយអ្នកនិពន្ធ ម៉ៅ សំណាង រហស្សនាម ទន្សាយ។

អ្នកស្រី ម៉ៅ សំណាង និងកូនស្រី​

លោកស្រី ម៉ោង សំណាង ផ្តើមក្លាយខ្លួនជាអ្នកនិពន្ធដោយសារការចូលចិត្តអានសៀវភៅ និងការសាកល្បងបង្កើតស្នាដៃ​ដោយខ្លួនឯង។ មានវ័យត្រឹម ១៨ឆ្នាំ អ្នកស្រីបានក្លាយខ្លួនជាអ្នកនីពន្ធសៀវភៅប្រលោមលោកបាត់ទៅហើយ ដោយស្នាដៃរបស់អ្នកស្រីមានការស្រមើលស្រមៃ និងពោរពេញដោយទស្សនៈអប់រំ ការស៊ើបអង្កេត កម្សាន្ត ថែមទាំងរស់និយមនៃជីវិតមនុស្សលោក ពេលអានហើយ ជក់ចិត្តចង់អានបន្តដូច អ្នកចូលចិត្តមើលរឿងភាគថៃបច្ចុប្បន្ន។

អ្នកស្រី ម៉ៅ សំណាង

ដោយមកការលើកបង្ហាញវត្តមានអ្នកនិពន្ធ​ ម៉ៅ សំណាង ដោយក្រុមអ្នកនិពន្ធវ័យក្មេង មានដូចលោក សុខ ចាន់ផល និងសមាជិក អ្នកនិពន្ធវេទមន្តជាច្រើនរូបទទួលបានកិច្ចយលទទួលស្វាគមន៍ពីលោកស្រី និងបានបង្ហាញស្នាដៃប្រលោមលោកសម័យក្រោយជូនដល់លោកស្រីក្នុងគេហដ្ឋានដ៏សមរម្យមួយ។ បើតាមការបញ្ចាក់លោក កូនស្រី តែម្នាក់របស់លោកស្រីម៉ៅ សំណាង កញ្ញា ម៉ៅ ច័ន្ទរស្មី ប្រាប់ថាម្តាយរបស់ខ្លួនកម្រនឹងទទួលការណាត់ជួប ឬសម្ភាសឡើយ ដូចនេះទើប Sabay មិនអាចទទួលបានការសម្ភាសដោយផ្ទាល់បានច្រើន។

កញ្ញា ម៉ៅ ច័ន្ទរស្មី

យ៉ាងណាមិញ លោកស្រី ម៉ោង សំណាង ក៏បានបង្ហោះសារមួយដើម្បីបង្ហាញការគាំទ្រការតែងនិពន្ធដូចខាងក្រោមថា៖

«ជូនចំពោះ មិត្តអ្នកអានជាទីស្រឡាញ់»

«ខ្ញុំរំភើបចិត្តខ្លាំងណាស់ ដែលបានទទួលក្តីស្រឡាញ់ រាប់អាន ពីមិត្តអ្នកអានទាំងអស់។ កាលពីពេលថ្មីៗនេះ អ្នកនិពន្ធវ័យក្មេងជាច្រើននាក់ ក្នុងក្រុមអ្នកនិពន្ធវេទមន្ត ដែលមានដូចជា ក្មួយសុខ ចាន់ផល, សួង ម៉ាក់, ស៊ីណេត, សយ ស៊ីណា , សែត ហត្ថា, និង ឧត្តម បានមកសួរសុខទុក្ខខ្ញុំដល់ផ្ទះ ហើយមានទាំងកាដូផ្ញើរគឺសៀវភៅដែលជាស្នាដៃល្អៗរបស់ក្មួយ រួមមានរឿង សង្សារ១៤ថ្ងៃ, ព្រិលធ្លាក់កណ្តាលសមុទ្រខ្សាច់ និងវិញ្ញាសារជីវិត។

លោក សុខ ចាន់ផល និងសមាជិក អ្នកនិពន្ធវេទមន្ត មកសួរសុខទុក្ខលោកស្រី ម៉ៅ សំណាង

សម្រាប់ខ្ញុំ សៀវភៅគឺជាវត្ថុដែលខ្ញុំស្រឡាញ់បំផុត ដូច្នេះកាដូនេះមានតម្លៃខ្លាំងណាស់។ ខ្ញុំក៏សុំអរគុណដល់មិត្តអ្នកអាន ដែលបានបារម្ភពីសុខទុក្ខរបស់ខ្ញុំ និងតែងតែគាំទ្រស្នាដៃទាំងអស់របស់ខ្ញុំកន្លងមក ធ្វើឲ្យខ្ញុំមានកម្លាំងចិត្ត ព្រោះតែដឹងថា មិត្តអ្នកអានមិនដែលបំភ្លេចអ្នកនិពន្ធទន្សាយម្នាក់នេះទេ។ ពេលនេះខ្ញុំបានជាសះស្បើយហើយ អាចធ្វើការងារបានធម្មតា គ្រាន់តែជំងឺក្រពះត្រូវតមអាហារច្រើនយ៉ាង ទើបមិនអាចមានសាច់ឈាមដូចមុន។

តាំងពីដើមឡើយ ខ្ញុំជាមនុស្សចូលចិត្តរស់នៅជាមួយការងារក្នុងភាពស្ងៀមស្ងាត់ រហូតមកដល់ពេលនេះគិតថាវ័យរបស់ខ្ញុំគួរតែដល់វេលាសម្រាកដៃហើយ តែពេលដែលបានជួបក្រុមអ្នកនិពន្ធវេទមន្ត និងបានទទួលក្តីស្រឡាញ់រាប់អានពីមិត្តអ្នកអានទាំងអស់ ខ្ញុំស្រាប់តែមានកម្លាំងចិត្ត បន្តដំណើរទៅមុខទៀត ក្នុងជីវិតអ្នកនិពន្ធដែលខ្ញុំស្រឡាញ់។

ខ្ញុំនៅមានស្នាដៃថ្មីច្រើនទៀតដែលមិនទាន់មានឱកាសបានបោះពុម្ពផ្សាយ ហើយខ្ញុំសង្ឃឹមថានឹងបានជួបមិត្តអ្នកអានទាំងអស់របស់ខ្ញុំជាថ្មីម្តងទៀត នៅពេលដែលទីផ្សារប្រលោមលោកមានដំណើរការល្អឡើងវិញ។ ជាចុងក្រោយ ខ្ញុំសុំជូនពរដល់ក្រុមអ្នកនិពន្ធវេទមន្ត និងប្រិយមិត្តទាំងអស់ឲ្យមានតែសេចក្តីសុខ ចម្រុងចម្រើន និងទទួលជោគជ័យគ្រប់ការងារ។»

ដោយក្តីស្រឡាញ់ ពីខ្ញុំ ម៉ៅ សំណាង (ទន្សាយ)

នេះជា page ផ្លូវការរបស់អ្នកនិពន្ធម៉ៅ សំណាង Mao Samnang

អត្ថបទ៖ Sunny

រូបភាព៖ ហ្វេសប៊ុកអ្នកស្រី ម៉ៅ សំណាង​ និងលោក សុខ ចាន់ផល

មតិយោបល់