• 2018-07-31 03:29:00
  • ព័ត៌មាន

Demi Lovato នៅ​បន្ត​សម្រាក​ក្នុង​មន្ទីរពេទ្យ ក្រោយ​ប្រតិកម្ម​ការ​ប្រើប្រាស់​ថ្នាំ​លើស​កម្រិត

  • 2018-07-31 03:29:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង Demi Lovato នៅ​តែ​បន្ត​សម្រាក​ព្យាបាល​ក្នុង​មន្ទីរ​ព្យាបាល Cedras-Sinai Medical Center នៅ​ឡើយ ក្រោយ​នាង​ត្រូវ​បាន​បញ្ជូន​សង្គ្រោះ​បន្ទាន់​កាល​ពី​ថ្ងៃ​អង្គារ​មក​។

មូលហេតុ​ដែល​តារា​ស្រី​រូប​នេះ​នៅ​បន្ត​សម្រាក​ក្នុង​មន្ទីរ​ពេទ្យ​​ គឺ​ដោយ​សារ​តែ​សុខភាព​របស់​នាងបច្ចុប្បន្ននៅ​មាន​សភាព​ទន់​ខ្សោយ​នៅ​ឡើយ។ បើ​តាម​វិប​សាយ TMZ បាន​ឲ្យ​ដឹង​ថា ម្ចាស់​បទ "Heart Attack” រូប​នេះ នៅ​​វិល​មុខ ក្ដៅ​ខ្លួន​ខ្លាំង រួម​នឹង​បញ្ហា​សុខភាព​ផ្សេង​ៗ​ទៀត ដែល​បង្ក​ឡើង​ដោយ​ការ​ប្រើប្រាស់​ថ្នាំ​ហួស​កម្រិត។

បើ​តាម​សារព័ត៌មាន The People បាន​ឲ្យ​ដឹង​ដែរ​ថា៖ "Demi នៅ​មិន​ទាន់​ស្រួល​ប៉ុន្មាន​ទេ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ។ នាង​ក្ដៅ​ខ្លួន និង​ដូច​ជា​​មាន​មេរោគ​ក្នុង​ខ្លួន។ Demi ត្រូវ​បន្ត​សម្រាក​ព្យាបាល​​ប៉ុន្មាន​ថ្ងៃ​ទៀត ទើបនាង​អាចជា​សះស្បើយ​ជា​ធម្មតា​វិញ​"។

តាម​សេចក្ដី​រាយការណ៍​មុន​ដំបូង​បាន​និយាយ​ថា ការ​ប្រើប្រាស់​ថ្នាំ​លើស​កម្រិត​របស់ Demi ស្ទើរនឹង​ធ្វើ​ឲ្យ​នាង​បាត់បង់​ជីវិត។ នាង​បាន​សន្លប់​បាត់​ស្មារតី នៅ​ពេល​បុគ្គលិក​ពេទ្យ​បាន​ទៅ​ដល់​ផ្ទះ​នាង។ ពួក​គេ​បាន​ប្រើប្រាស់​ថ្នាំ​ប្រភេទ Narcan ចាក់​ទៅ​លើ​នាង ដើម្បី​បង្ការ​ការ​មាន​ប្រតិកម្ម​ពី​ថ្នាំ​ដែល​នាង​បាន​ផឹក​លើស​កម្រិត​នោះ។ ជាមួយ​គ្នា​នេះ​ដែរ តារា​ចម្រៀង Demi បាន​បដិសេធ​មិន​ព្រម​ប្រាប់​បុគ្គលិក​ពេទ្យ​ពី​ឈ្មោះ​ថ្នាំ​ដែល​នាង​បាន​ប្រើប្រាស់​ទេ ប៉ុន្តែ​បើ​តាម​សារព័ត៌មាន TMZ បាន​បញ្ជាក់​ថា វា​ជា​ប្រភេទ​ថ្នាំ​ញៀន​ប្រើប្រាស់​ដើម្បី​កាត់​បន្ថយ​ការ​ឈឺចាប់។

គួរ​បញ្ជាក់​ដែរ​ថា បច្ចុប្បន្ន​ខាង​ក្រុម​គ្រូពេទ្យ​មិន​ទាន់​បាន​សម្រេច​ចិត្ត​នៅ​ឡើយ​ទេ ថា​អាច​ឲ្យ​តារា​ចម្រៀង​ស្រី​រូប​នេះ​ចាកចេញ​ពី​មន្ទីរពេទ្យ​ពេល​ណា​បាន​នោះ​ ខណៈ​សុខភាព​របស់​នាង​នៅ​មាន​សភាព​ទន់​ខ្សោយ​នៅ​ឡើយ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់
អត្ថបទពេញនិយម