- 2018-09-05 06:31:47
- ព័ត៌មាន
ទម្រាំអាចសម្ដែងល្ខោនខោលលើឆាកបាន មិនលឿនដូចការគិតទេ ក្រុមការងារត្រៀមរាប់ខែ
- 2018-09-05 06:31:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្រាំអាចសម្ដែងល្ខោនខោលលើឆាកបាន មិនលឿនដូចការគិតទេ ក្រុមការងារត្រៀមរាប់ខែ
ចន្លោះមិនឃើញ
ការរំលេចខ្លួនរយៈពេលជាង១ម៉ោង នៅលើឆាករបស់ក្រុមអ្នករបាំស្លៀកពាក់រៀបចំខ្លួនយ៉ាងល្អវិចិត្រ ព្រមទាំងតុបតែងដោយគ្រឿងអលង្ការលម្អរាងកាយយ៉ាងរស់រវើក មានមនុស្សភាគតិចណាស់ ដឹងថា ទម្រាំការសម្ដែងអាចលេចឡើងលើឆាកបាន ក្រុមការងារ ត្រូវចំណាយពេលយូររាប់ម៉ោង រហូតពេលខ្លះពេញមួយល្ងាចក៏មាន។
មុនការសម្ដែងមកដល់ក្រុមការងារនៅសមាគមសិល្បៈសុវណ្ណភូមិ ប្រាប់ថា យ៉ាងហោចណាស់ពិភាក្សាគ្នា រៀបចំរយៈពេលមុន២ខែ។ ដោយឡែក ពេលថ្ងៃសម្ដែងមកដល់ តួរបាំនារីនីមួយៗ ត្រូវធ្វើសក់ ផាត់មុខរាប់ម៉ោង។ ចំពោះការស្លៀកពាក់វិញ ត្រូវពឹងសមាជិកក្រុម ជួយរៀបចំឲ្យ ដើម្បីឲ្យមើលទៅមានរបៀបរៀបរយ និងត្រឹមត្រូវតាមបច្ចេកទេស។ បើតួសម្ដែងបុរសវិញ ពេលសម្ដែងម្ដងៗ មិនអាចយកសំលៀកបំពាក់មកពាក់ភ្លាមនោះទេ ត្រូវចំណាយពេលដេរបិទថ្នេរមិនក្រោម១ម៉ោង ហើយពេលដោះចេញ ក៏ត្រូវការពេលវេលាកាត់ចេញវិញផងដែរ។ ក្រៅពីនេះ ក្រុមការងារត្រូវញាប់ដៃញាប់ជើង បោសសំអាតទីធ្លា រៀបចំកន្លែងអង្គុយ ដោយរំពឹងថា មានទស្សនិកជនមកទស្សនាច្រើន។
ការសម្ដែងដោយទឹកមុខរីករាយរបស់ក្រុមសិល្បករ បានចំណាយទាំងកម្លាំងចិត្តកាយ អស់ពេលវេលាយូរដើម្បីសម្ដែងបង្ហាញជូនទស្សនិកជន តែពេលខ្លះ ពួកគេត្រូវខកចិត្ត ព្រោះគ្មានការគាំទ្រពីបងប្អូនជនរួមជាតិ មកទស្សនាទៅវិញ។
ក្រុមសិល្បកររបាំបុរាណទាំងអស់ សង្ឃឹមថា ការចូលរួមគាំទ្ររបស់មហាជនខ្មែរ ជាការរួមចំណែកយ៉ាងធំធេងដើម្បីសិល្បៈជាតិ ហើយក៏ជាកម្លាំងចិត្តយ៉ាងថ្លៃថ្លា មិនអាចកាត់ថ្លៃបាន សម្រាប់សិល្បករបុរាណទាំងអស់៕