• 2018-09-10 09:12:09
  • ជីវិតតារា

​អាសូរ​តារា​ចម្រៀង​ជើង​ចាស់ នូ ស៊ឹប ​មិន​ប្រាថ្នា​វិល​ចូល​សិល្បៈ​វិញ ​សុំ​ត្រឹម​អាចរស់មានក្តីសុខជាងនេះ (វីដេអូ)

  • 2018-09-10 09:12:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តារា​ចម្រៀង​ជើង​ចាស់ នូ​ ស៊ឹប ​បាន​ប្រឡូក​ក្នុង​សិល្បៈ​ជិត​៤០​ឆ្នាំ​មក​ហើយ ប៉ុន្តែ​មក​ទល់​ពេល​នេះ ​​លោក​មិន​សល់​អ្វី​ជា​ដុំ​កំភួន​ឡើយ ក្រៅ​ពី​រស់​នៅ​ក្នុង​ផ្ទះ​ជួល​តូច​មួយ​ជាមួយ​ក្មួយ​ប្រុស​មាន​សតិ​មិន​សូវ​​ល្អ​។ លោក​មិន​មាន​ប្រពន្ធ​​ កូន​រស់​នៅ​ជាមួយ​ទេ បន្ទាប់​ពី​បាន​លែង​លះ​គ្នា​តាំង​ពី​ឆ្នាំ១៩៨៧។​

ចំពោះ​តារា​ចម្រៀង​នៅ​ខេត្ត​កំពង់​ធំ គ្មាន​សង្ឃឹម​ថា​អាច​វិល​ទៅ​កាន់​អាជីព​ចម្រៀង​វិញ​នោះ​ទេ ព្រោះ​លោក​ដឹង​ខ្លួន​ថា វ័យ​កាន់​តែ​ចាស់ សុខភាព​កាន់​តែ​ខ្សោយ។ ទោះ​យ៉ាងណា អ្វី​ដែល​លោក​រំពឹង​ចង់​បាន​ជាង​គេ សុំ​ត្រឹម​អាច​រស់​នៅ​បាន​ក្ដី​សុខ មិន​ខ្វះ​មុខ​ខ្វះ​ក្រោយ​បែប​នេះ។

​​សព្វ​ថ្ងៃ​តារា​ចម្រៀង​វ័យ​៧២​ឆ្នាំ ​លែង​រក​ប្រាក់​បាន តាម​រយៈ​ការ​ច្រៀង​ទៀត​ហើយ ។ លោក​រស់​នៅ​ពឹង​ផ្អែក​លើ​​ប្រាក់​ខែ​ចូល​និវត្តន៍​ចំនួន​៤៥​ម៉ឺន​រៀល ​ដែល​លោក​ធ្លាប់​បម្រើ​ការងារ​ជា​មន្ត្រី​រាជការ​ពី​មុន​មក។ ​​ថ្ងៃ​ខ្លះ ​លោក​គ្មាន​​ប្រាក់​សូម្បី​មួយ​​រៀល​ ​ហើយ​អ្នក​ជិតខាង​អាណិត​អាសូរ​ ក៏​យក​បាយ​សម្ល និង​ផ្ដល់​ថវិកា​បន្តិច​បន្តួច​ឲ្យ​​។ ពេល​បើក​ប្រាក់​ខែ ​លោក​ក៏​យក​ប្រាក់​សង​គេ​វិញ មួយ​ចំណែក​ទៀត​ទុក​សម្រាប់​ថ្លៃ​ផ្ទះ ទឹក​ភ្លើង និង​សម្រាប់​ទិញ​នំ​ចំណី​ពិសា​។

​​លោក នូ ស៊ឹប រស់​ក្នុង​ជីវភាព​បែប​នេះ​យូរ​ឆ្នាំ​មក​ហើយ តែ​ម្ចាស់​បទ "​ទឹក​ភ្នែក​ដើម​ឆ្នាំ​" មិន​ដែល​បង្ហាញ​ទៅ​សាធារណ​ជន​ឡើយ។ ដោយ​សារ​នៅ​​​ឆ្នាំ​២០១៥ ​លោក​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍ ត្រូវ​ជួប​នូវ​ការ​លំបាក​ច្រើន ទើប​មិត្តភ័ក្ដិ​លោក បង្ហោះ​រូប​ភាព​ការ​រស់​នៅ​ក្នុង​ផ្ទះ​ជួល​​តូច​មួយ​យ៉ាង​សង្វេគ​ព្រម​ទាំង​ស្ថាន​ភាព​ទ្រុឌទ្រោម​របស់​លោក​ជា​សាធារណៈ ធ្វើ​ឲ្យ​អ្នក​សិល្បៈ​មាន​ការ​ភ្ញាក់​ផ្អើល និង​អាណិត​អាសូរ​យ៉ាង​ខ្លាំង។ ​គ្រា​នោះ​ម្ដង​ម្កាល​ លោក​ត្រូវ​បាន​គេ​អញ្ជើញ​ឡើង​ឆាក និង​ច្រៀង​តាម​ពិធី​មង្គលការ​ ​ដើម្បី​បាន​ប្រាក់​បន្តិច​បន្តួច​។

ផ្ទះជួលរបស់តារាចចម្រៀង នូ ស៊ឹប

​ប៉ុន្តែ​រហូត​មក​ដល់​បច្ចុប្បន្ន លោក នូ ស៊ឹប នៅ​តែ​ជួប​បញ្ហា​លំបាក​ដដែល ព្រោះ​ទី​ផ្សារ​ចម្រៀង​បាន​បង់​ទាំង​ស្រុង​ទៅ​ហើយ គួប​ផ្សំ​នឹង​ជំ​ងឺ​ប្រចាំ​កាយ គឺ​លើស​ឈាម និង​ឈឺជើង៕ ​​​​​​

អត្ថបទ៖ លឹម សុនា

មតិយោបល់