• 2018-09-12 02:37:11
  • ជីវិតតារា

គង់ ដា​រិទ្ធ តួ​សិតា ធ្លាប់​បាក់​ទឹក​ចិត្ត​នឹង​ពាក្យ​គេ​មើល​ងាយ​ច្រើន​ដង ព្រោះ​ប្រុស​តែង​ខ្លួន​ជា​ស្រី​​​

  • 2018-09-12 02:37:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ទម្រង់​ល្ខោន​ខោល ថ្វី​ត្បិត​តួ​សេ​ដា​ ជា​នារី​ តែ​គេ​មិន​តម្រូវ​ឲ្យ​ស្រ្តីសម្ដែង​ឡើយ គឺ​យក​មនុស្ស​ប្រុស​មក​សម្ដែង ​ហើយ​តែង​ខ្លួន​ជា​ស្រី។ ​ដោយសារ​តែ​មនុស្ស​មួយ​ចំនួន​ មិន​យល់​ច្បាស់​ពី​ទម្រង់​នេះ យុវជន គង់ ដា​រិទ្ធ សម្ដែង​ជា​តួ​សេដា ត្រូវ​រង​ការ​មាក់ងាយ មិន​ផ្ដល់​តម្លៃ រហូត​បាក់​ទឹក​ចិត្ត ​ចង់​បោះ​បង់​ការ​សម្ដែង​ច្រើន​ដង។​​​

​​​ដំបូង​ឡើយ ម្ដាយ​ឪពុក​របស់​ដា​រិទ្ធ​មិន​សប្បាយ​ចិត្ត​ទេ​ ព្រោះ​ខ្លាច​អ្នក​ដទៃ​មើល​មក​មិន​ទំនង​លើ​កូន​ប្រុស ពេល​តែង​ខ្លួន​ជា​ស្រី​បែប​នេះ។ ចំណែក​មិត្តភ័ក្ដិ​របស់​ដា​រិទ្ធ​វិញ ខ្លះ​គាំ​ទ្រ ខ្លះ​វិញ​បែរ​ជា​សើច​ចំអក​ ហើយ​ទស្សនិកជន​ខ្លះ​បាន​ឡកឡឺយ​ថា ម៉េច​ល្ខោន​ខ្មែរ​យក​ខ្ទើយ​មក​រាំ​អ៊ី​ចឹង។ ពាក្យ​សម្តីទាំង​នេះ បាន​ក្លាយ​ជា​សម្ពាធ​ផ្លូវ​ចិត្ត​ ធ្វើ​ឲ្យ​សិស្ស​រៀន​នៅ​វិទ្យាល័យ​ឥន្រ្ទ​ទេ​វីរូប​នេះ​ លែង​ចង់​បន្ត​ដំណើរ​លើ​ការ​សម្ដែង​ល្ខោន​ខោល​បន្ត​ទៀត។ តែ​ដោយ​កើត​ចេញ​ពី​ចិត្ត​ស្រលាញ់​សុទ្ធ​សាធ ដា​រិទ្ធ​ព្យាយាម​ជម្នះ ហើយ​ពន្យល់​មូល​ហេតុ​ឲ្យ​ឪពុក​ម្ដាយ​យល់ ទើប​លោក​ទាំង​ពីរ​គាំ​ទ្រ​និង​ផ្ដល់​កម្លាំងចិត្ត។

ចំពោះ​ការ​ហាត់​រៀន​ផ្នែក​សិល្បៈ​បុរាណ​នេះ ដា​រិទ្ធ​ហាត់​រៀន​អស់​ពេល​៣​ឆ្នាំ​ហើយ តាម​រយៈ​សមាគម ​ដោយ​ចេះ​ផ្នែក​របាំ​ប្រពៃណី និង​ល្ខោន​ខោល។ បើ​និយាយ​ពី​ការ​សម្ដែង​ជា​តួ​សេដា​វិញ យុវជន​អាយុ​១៨​ឆ្នាំ​ ខំ​ប្រឹង​សម្ដែង​យ៉ាង​ណា​ឲ្យ​ចូល​តួ​បាន​ល្អ ពិសេស​ត្រង់​ឈុត​កម្សត់​ ដែល​សេដា ត្រូវ​ព្រាត់​ពី​ព្រះ​រាម។ ដោយ​សារ​ល្ខោន​ប្រភេទ​នេះ ហាក់​មិន​សូវ​ទូលំទូលាយ​សម្រាប់​ទស្សនិកជន​ខ្មែរ​នៅ​ឡើយ ដូច្នេះ​ដា​រិទ្ធ មិន​សូវ​មាន​ឱកាស​បាន​ចេញ​សម្ដែង​នៅ​ខាង​ក្រៅ​ឡើយ។ ​​​​​

​ដា​រិទ្ធ ស្រលាញ់​សិល្បៈ​បុរាណ​​ខ្លាំង​ណាស់​ ទោះ​ពី​មុន​ធ្លាប់​តូច​ចិត្ត​ព្រោះ​ពាក្យ​មើល​ងាយ​របស់​អ្នក​ដទៃ​ក្តី តែ​ពេល​នេះ ដា​រិទ្ធ​ មិន​បោះ​បង់​ការ​សម្ដែង​សិល្បៈ​បុរាណ​ខ្មែរ​ចោល​ទេ ។ នេះ​​ជា​ក្ដី​ស្រមៃ​តាំង​ពី​តូច​របស់​ដារិទ្ធ និង​ដើម្បី​ថែ​រក្សា​វប្បធម៌​ដ៏​ផូរ​ផង់​នេះ​ឲ្យ​គង់​វង្ស​៕​

អត្ថបទ៖ លឹម សុនា

មតិយោបល់
អត្ថបទថ្មី