• 2018-09-17 03:17:40
  • ព័ត៌មាន

ភ្ញាក់​ផ្អើល គូម៉ា លេច​មុខ​ក្នុង​គម្រោង​មាន​តម្លៃ​ប្រមាណ ២លានដុល្លារ​អាមេរិក

  • 2018-09-17 03:17:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ចេញ​ដំណឹង​ហក់​ចូល​ប្រឡូក​ការ​សម្ដែង​ភាពយន្ត​ដំបូង ឥឡូវ​តារា​ចម្រៀង គូម៉ា បញ្ចេញ​សមិទ្ធផល​ថ្មី​ទៀត ក្នុង​គម្រោង​អាជីវកម្ម​ដែល​មាន​តម្លៃ​ប្រមាណ ២លាន​ដុល្លារ​អាមេរិក​ឯណោះ។

សមិទ្ធផល​ថ្មី​នោះ គឺ​អាជីវកម្ម​ផ្នែក​រៀលអ៊ីសស្តេត ដែល​មិត្ត​រួម​អាជីព​របស់​លោក​មួយ​ចំនួន​ទៀត មាន​ដូច​ជា ព្រាប សុវត្ថិ សិរីមន្ត និង​អ៊ីណូ​ជា​ដើម ក៏​កំពុង​សកម្ម​ដែរ។ គូម៉ា បាន​បញ្ចេញ​តម្រុយ​នៅ​លើ​បណ្ដាញ​សង្គម ខណៈ​ប្រិយមិត្ត អ្នក​គាំទ្រ​របស់​លោក​មួយ​ចំនួន លេច​ចេញ​ការ​ងឿង​ឆ្ងល់។

សាមី​ខ្លួន បាន​សារភាព​ដោយ​ត្រង់​លើ​បញ្ហា​នេះ ដោយ​បាន​ប្រាប់​ថា លោក​បាន​ហក់​ចូល​ប្រឡូក​ក្នុង​ទីផ្សារ​ពុះដីឡូ​លក់​ដូច​រៀម​ច្បង​ខាង​លើ​ពិត​មែន។ ម្ចាស់​បទ "សង្សារ​ពាល" បញ្ចេញ​ថា លោក​មិន​មែន​ជា​ម្ចាស់​ហ៊ុន​តែ​ម្នាក់​ឯង​នោះ​ទេ គឺ​លោក​បាន​ចូលហ៊ុន​ជាមួយដៃ​មួយ​ចំនួន​ទៀត វិនិយោគ​លើ​គម្រោង​ដែល​ផ្ទៃ​ដី​៤ហិកតា មាន​ទីតាំង​នៅ​រមណីយដ្ឋាន​ត្រាវកុដិ នា​ខេត្ត​សៀមរាប។

ទំហំវិនិយោគ​រួម ត្រូវ​បាន​តារា​ចម្រៀង​បញ្ចេញ​ថា មាន​ប្រមាណ​ជិត ២លាន​ដុល្លារ​អាមេរិក។ យ៉ាង​នេះ​ក្ដី លោក​មិន​ព្រម​បញ្ចេញ​តួលេខ​ពិត​ប្រាកដ​ដែល​លោក​ខ្លួន​ឯង​បាន​វិនិយោគ​ឡើយ។ គូម៉ា បញ្ជាក់​ថា សម្រាប់​លោក គឺ​ជា​ការ​ចាប់​ផ្ដើម​ដំបូង​បំផុត​ក្នុង​អាជីព​ជា​អ្នក​រកស៊ី​ពុះដីឡូតិ៍​លក់។ ដូច្នេះ​ហើយ លោក​មិន​ទាន់​ហ៊ាន​និយាយ​ពី​លទ្ធផល​ឡើយ។

"ចេះ​តែ​ខំ​ៗ​ទៅ​បង ទាន់​មាន​ឱកាស...វា​ជា​ការ​ចាប់​ផ្ដើម ដូច្នេះ​មិន​អាច​និយាយ​បាន​ថា ផ្លូវ​ដែល​ដើរ​ទៅ​នេះ វា​ជោគជ័យ​ទេ ប៉ុន្តែ​ចាត់​ថា ជា​ការ​រៀន​សូត្រ...ជួប​ឧបសគ្គ​អី យើង​ចេះ​តែ​ខំ​ពុះពារ​ទៅ"។

រូបថត៖ ហ្វេសប៊ុក គូម៉ា

ទន្ទឹម​នឹង​ការ​បញ្ចេញ​ពី​សមាសភាព ធ្វើ​ជា​អ្នកជំនាញ​ដីធ្លី​លើក​ដំបូង គូម៉ា ប្រាប់​ទៀត​ថា បន្ទាប់​ពី​គម្រោង​ខាង​លើ​ធ្វើ​នៅ​ខេត្ត ក្រុម​របស់​លោក ក៏​បាន និង​កំពុង​រៀប​ចំ​គម្រោង​បន្ទាប់​ទៀត​ដែរ ដែល​អាច​វិល​មក​តំបន់​កៀក​ៗ​រាជធានី​ភ្នំពេញ​វិញ​ម្ដង៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម