• 2018-09-24 03:46:07
  • ជីវិតតារា

​ជា​នារី​របាំ​ល្វត់​ល្វន់​ កែ ​មុនី​រត្ន​ទិកា ​ចង់​ក្លាយ​ជា​ទាហាន​

  • 2018-09-24 03:46:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាដកា​រាង​តូច​ច្រ​លឹង កែ មុន្នី​រត្ន​ទិ​កា ប្រាប់​ថា បំណង​ប្រាថ្នា​របស់​នាង​ហាក់​ខុស​ប្លែក​ពី​នារី​ទូ​ទៅ​ ដោយ​ចង់​ក្លាយ​ជា​ទាហាន​ម្នាក់ ។ ទោះ​ជា​យ៉ាង​ណា ក្ដី​ស្រមៃ​នេះ​ហាក់​មិន​សូវ​មាន​ការ​គាំ​ទ្រ​ពី​ក្រុម​គ្រួសារ​ឡើយ ​ដោយ​ម្ដាយ​ឪពុក​របស់​ ទិ​កា ​ចង់​ឲ្យ​នាង​ធ្វើ​ការ​នៅ​ក្នុង​ក្រុម​ហ៊ុន​មាន​ម៉ាស៊ីន​ត្រជាក់​ច្រើន​ជាង។

កូន​ពៅក្នុង​ចំណោម​បងប្អូន២នាក់រូប​នេះ ​ប្រាប់​ថា អ្នក​ខ្លះ​ចូល​ចិត្ត​និយាយ​ មនុស្ស​ស្រី​មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ ឬ ស្រ្តី​បង្វិល​ចង្រ្កាន​មិន​ជុំ ​ហើយ​គិត​ថា​ស្ត្រី​ទន់​ខ្សោយ។ ​ប៉ុន្តែ​សម្រាប់​នាង​ ​យល់​ថា សម័យ​នេះ​គួរ​ឲ្យ​តម្លៃ​យេនឌ័រ ជា​ជាង​បន្ទាប​តម្លៃ​ម្ខាង​ៗ។

សិស្ស​ទើប​បញ្ចប់​ការប្រឡង​បាក់​ឌុប​រូប​នេះ បន្ថែម​ថា ​តាម​ពិត​ទៅ​ មិន​មែន​តែ​រឿង​ចង់​ធ្វើ​ទាហាន​ទេ ដែល​ម្ដាយ​ឪពុក​នាង​ហាម​ឃាត់ សូម្បី​​​រៀន​របាំ​ ​ក៏​រូប​នាង​លួច​មក​ហាត់​មិន​ឲ្យ​អ្នក​ផ្ទះ​ដឹង​ដែរ។ ​ដោយសារ​តែ​ក្ដី​ស្រលាញ់​តាំង​ពី​តូច និង​ចង់​ថែរក្សា​របាំ​ខ្មែរ​ផង ​ទើប​ទិកា ​តែង​ជម្នះ​រាល់​ការ​លំបាក និង​ការ​មិន​សូវ​ផ្ដល់​តម្លៃ​ពី​មជ្ឈដ្ឋាន​ទូ​ទៅ។ ការ​ប្រឹង​ប្រែង​ទាំង​អស់​នេះ ​ធ្វើ​ឲ្យ​យុវតី​ ទិកា ​​មុត​មាំ ​និង​រឹង​មាំ​កាន់​តែ​ខ្លាំង។​​​​

​ចំពោះ​ការ​ហាត់​រៀន​សិល្បៈ​បុរាណ​វិញ នារី​របាំ​មាន​កំណើត​នៅ​ក្រុង​ភ្នំ​ពេញ​ បាន​រៀន​​តាម​សមាគម​សិល្បៈ​អស់​ពេល​ជាង​២​ឆ្នាំ ​ព្រម​ទាំង​ចេះ​របាំ​ជា​ច្រើន​ដូច​ជា ​របាំ​បួង​សួង របាំ​ជូន​ពរ របាំ​អប្សរា របាំ​ព្រាប​ស ​ ​និង​របាំ​គោះ​ត្រ​លោក​ ជា​ដើម រួម​ទាំង​ទម្រង់​សិល្បៈ​ជា​ច្រើន។ សម្រាប់ យុវតី ​កែ ​មុន្នី​រត្ន​ទិកា ប្រាប់​ថា ​បើ​សិន​​ថ្ងៃ​ណា​មួយ មាន​គេ​ប្រកាស​ជ្រើស​រើស​ទាហាន​ស្រី ​នាង​មាន​ចំណាប់​​អារម្មណ៍​ប្រឡង​ចូល ​តែ​យ៉ាង​ណា​ក៏​ត្រូវ​និយាយ​ជា​មួយ​ឪពុក​ម្ដាយ សុំ​កា​អនុញ្ញាត​ពី​លោក​ទាំង​ពីរ​ដែរ។ ចំពោះ​ការ​សម្ដែង​របាំ​វិញ ទិ​កា នៅ​តែ​ស្រលាញ់ ​និង​​​​​គ្មាន​ថ្ងៃ​បោះ​បង់​ចោល​ចោល​ឡើយ៕​

អត្ថបទ៖ លឹម សុនា

មតិយោបល់
អត្ថបទថ្មី