- 2018-10-02 03:38:30
- ព័ត៌មាន
វីវរហើយ! ប្រធានសមាគមភាពយន្ត គ្រោងធ្វើ "បញ្ជីខ្មៅ" ដាក់សិល្បករមួយចំនួន
- 2018-10-02 03:38:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីវរហើយ! ប្រធានសមាគមភាពយន្ត គ្រោងធ្វើ "បញ្ជីខ្មៅ" ដាក់សិល្បករមួយចំនួន
ចន្លោះមិនឃើញ
ប្រធានសមាគមភាពយន្ត លោក ឆាយ បូរ៉ា បានបង្ហើបថា លោកនឹងធ្វើបញ្ជីខ្មៅ (Black List) ទុកដាក់បញ្ចូលសិល្បៈ ឬតួសម្ដែងទាំងឡាយដែលមានអត្តចរិត ឫកពាមិនឲ្យតម្លៃលើការងាររវាងគ្នា ដើម្បីចែកជូនដល់ផលិតករក្នុងស្រុក ទុកជាការប្រុងប្រយ័ត្ន។
"យើង នឹងធ្វើបញ្ជីខ្មៅ black list ហើយ ចែកចាយដល់ផលិតករទាំងអស់ ដើម្បីប្រុងប្រយ័ត្ន"។ សារលោក ឆាយ បូរ៉ា សរសេរលើបណ្ដាញសង្គម។ យ៉ាងនេះក្ដី លោកមិនបានបញ្ចេញឡើយថា សិល្បករណាខ្លះ ដែលលោកបានដៅទុក្ខក្នុងសាច់រឿងខាងលើ។
សារផ្សេងទៀតពាក់ព័ន្ធបញ្ហាខាងលើ លោក ឆាយ បូរ៉ា លើកឡើងថា លោកផ្ទាល់ ក៏ដូចជាផលិតករភាពយន្តខ្មែរផ្សេងទៀត បានខិតខំក្រាញននៀល តស៊ូគ្រប់បែបយ៉ាង ដើម្បីបង្កើតការងារដល់ ក្រុមផលិត ដល់តួសម្ដែង ទ្រទ្រង់វិស័យមួយនេះ កុំអោយលិចលង់ ការពារកុំអោយ ភាពយន្តបរទេសជាន់ឈ្លីភាពយន្តខ្មែរ ដោយបង់ទាំងនឿយហត់ និងខាតបង់ថវិកា ។
យ៉ាងនេះក្ដី លោកបញ្ជាក់ថា មិននឿយហត់ទេ ប៉ុន្តែរឿងដែលធ្វើឲ្យលោកនឿយណាយនោះ គឺអត្តចរិតធ្វើការរបស់តារាខ្មែរទៅវិញ។ "ខ្ញុំនឿយណាយនឹង តួសម្ដែងខ្មែរគ្នាឯង ដែលបង្កបញ្ហាឥតឈប់ឈរ។ ខ្ញុំជួបស្ទើរគ្រប់រឿង ដូចផលិតករដទៃដែរ ។ ខ្ញុំអត់ធ្មត់ សន្តោសច្រើន ថែមទាំងប្រាប់ផលិតករដទៃអោយបន្តការអត់ធ្មត់ ដើម្បីរក្សាសេចក្តីថ្លៃថ្នូរក្នុងវិស័យភាពយន្ត"។
លោក ឆាយ បូរ៉ា មិនបានបញ្ជាក់ច្បាស់ទេថា តួសម្ដែងមួយចំនួននោះ បង្កផលលំបាកដល់ផលិតករនានា យ៉ាងដូចម្ដេចខ្លះ។ ប៉ុន្តែលោកបានបញ្ចេញទៀតថា កាលពីឆ្នាំទៅ លោកធ្លាប់ លើកទោសអោយម្នាក់ហើយ ហើយបន្ទាប់ពីមានរឿង មិនមានផលិតករតួសម្ដែងអាថ៌កំបាំងនោះទៀត។
យ៉ាងនេះក្ដី លោកថា ការអត់ធ្មត់របស់លោកឈានដល់ដំណាក់កាលចុងក្រោយហើយ។ លោកសង្កត់ធ្ងន់ថា "នឹងមិនអត់ធ្មត់ទៀតទេ ដើម្បី អោយអ្នកដែលតាំងខ្លួនជាតារា បានភ្ញាក់ខ្លួនខ្លះ។ ព្យួរការសម្ដែង ១ ឆ្នាំ មិនមល្មមទេ ។ ១ សង ១០ លើថ្លៃផលិត តាមកិច្ចសន្យា បានមានប្រសិទ្ធិភាពជាង"។
បន្ថែមពីលើនេះ ប្រធានសមាគមភាពយន្តដដែល នៅបានក្រើនរំលឹកដល់បងប្អូនផលិតករទាំងឡាយ សូមប្រុងប្រយ័ត្នប្រយែងផង ពេលជ្រើសរើសតួសម្ដែងដាក់ក្នុងការផលិតរឿងរបស់ខ្លួន។
នេះជាបញ្ហាថ្មីទៀតក្នុងវិស័យសិល្បៈភាពយន្តខ្មែរគិតត្រឹមដើមខែតុលា ចុងឆ្នាំ ២០១៨ ។ នៅមុនប្រតិកម្មរបស់ប្រធានសមាគមភាពយន្តសំដៅតួសម្ដែង នៅមុននេះ តារាសម្ដែង ណាក់ ស្រីណា និង ហង្ស សម្បើមស័ក្តិ ក៏បានវាយប្រហារលោក អ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស និងជាផលិតករថា កេងប្រវ័ញ្ចថ្លៃពលកម្មរបស់ពួកគេដែរ។
យ៉ាងណា ក្រោយពីឆ្លើយឆ្លងគ្នាមួយរយៈ ខ្លីរវាងភាគីទាំងពីរ ចុងក្រោយ ខាងសិល្បករបានសុខចិត្តសុំទោស ផលិតករ ហើយភាគីទាំងពីរ ព្រមព្រៀងបញ្ចប់រឿង ជាមួយហេតុផល "ជាការយល់ច្រឡំ"៕