• 2018-10-04 02:28:35
  • ព័ត៌មាន

​​​ស្ទើរ​ស្រក់​ទឹក​ភ្នែក ​អ្នក​គ្រូ ​គង់ ណា​រី ​ត្រូវ​ការ​​រឿង​នេះ​ចាំ​បាច់ ​ពេល​កើត​​ជំងឺ​ធ្ងន់​ធ្ងរ

  • 2018-10-04 02:28:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គ្រូ​ គង់ ណា​រី ​ដែល​ត្រូវ​គេ​ស្គាល់​ថា អ្នក​សិល្បៈ​ជើង​ចាស់​បណ្ដុះបណ្ដាល​សិល្បករ​ជំនាន់​ក្រោយ​ឲ្យ​ចេះ​សិល្បៈ​ច្រើន​ទម្រង់ ​និង​ជា​សាស្ត្រាចារ្យ​ផ្នែក​អក្សរសាស្ត្រ​ខ្មែរ នៅ​​វិទ្យាល័យ​វត្ត​កោះ ​កំពុង​​សម្រាក​ព្យាបាល​ជំងឺ​ថ្លើម ​ប្រភេទ​ C នៅ​មន្ទីរ​ពេទ្យ​លោក​សង្ឃ ​។​ ​

ប្រភេទ​ជំ​ងឺ​មាន​សភាព​ធ្ងន់​ធ្ងរ ​ធ្វើ​ឲ្យ​អ្នក​គ្រូ​បាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង ហើយ​អ្វី​ដែល​អ្នក​គ្រូ ណា​រី ត្រូវ​កា​រ​បំ​ផុត​នៅ​ពេ​ល​នេះ ​គឺ​កម្លាំង​ចិត្ត​។

​និយាយ​បណ្ដើរ​ យំ​បណ្ដើរ​ ​អ្នក​គ្រូ ប្រាប់​ថា ​ពេល​ខ្លះ​មាន​អារម្មណ៍​ ឯកា ទោះ​ជា​បាន​ខំ​ប្រឹង​ក្នុង​សិល្បៈ​អស់​ពេល​ជាង​៣០​ឆ្នាំ​មក​ហើយ ​តែ​ពេល​មាន​ទុក្ខ​លំបាក ​ហាក់​មិន​សូវ​មាន​អ្នក​អើពើ។ ​លើស​ពី​នេះ ​កូន​សិស្ស​​ជា​ច្រើន ​​ដែល​ធ្លាប់​ទទួល​ការ​បណ្ដុះ​បណ្ដាល​ ​មួយ​ចំនួន​ធំ​ក៏​មិន​សូវ​ខ្វល់​ខ្វាយ​ពី​សុខ​ទុក្ខ ពេល​គ្រូ​ជួប​បញ្ហា។​​​

បើ​និយាយ​ពី​ស្ថាន​ភាព​ជំ​ងឺ​វិញ ​ដោយ​សារ​ជាតិ​ពុល​ក្នុង​ថ្លើម​ច្រើន ធ្វើ​ឲ្យ​ពេល​ខ្លះ ​អ្នក​គ្រូ​ណែន​តឹង​ពោះ ​ពិបាក​ដក​ដង្ហើម ​និង​ហើម​ជើង​ហើម​ដៃ។ ​តាម​ពិត​ អ្នក​គ្រូ​មាន​ជំងឺ​នេះ​យូរ​ណាស់​មក​ហើយ ​តែ​ទើប​ដឹង​ច្បាស់​នៅ​ខែ​៦​ខែ​មុន​ប៉ុណ្ណោះ​។ ​ចំពោះ​ការ​តាម​ដាន​និង​មើល​ជំ​ងឺ មាន​សមាគម​មិត្ត​គ្រូ​ពេទ្យ​​គ្មាន​ព្រំ​ដែន បាន​ជួយ​ដោយ​មិន​យក​ប្រាក់ ​ ប៉ុន្តែ​បន្ទុក​មួយ​ធ្ងន់ ​គឺ​​​​​​ថ្នាំ​សង្កូវ ដែល​ត្រូវ​ចំណាយ​ខ្ពស់​ដល់​​ទៅ​​រាប់​រយ​ដុល្លារ ​ជា​រៀង​រាល់​ខែ ជា​ហេតុ​ធ្វើ​ឲ្យ​ការ​ចំណាយ​កាន់​តែ​ច្រើន ​​និង​ខ្វះ​ខាត​គួរ​ឲ្យ​ព្រួយ​បារម្ភ​។ ​​​​​​

អ្នក​គ្រូ ​ធ្លាប់​​ទទួល​បាន​ថវិកា​ខ្លះ​ៗ ពី​សប្បុរស​ជន ​ប៉ុន្តែ​ដោយ​សារ​ជំ​ងឺ​នេះ ​ស្ថិត​ក្នុង​ប្រភេទ​ធ្ងន់​ធ្ងរ​ ​ដូច្នេះ​ត្រូវ​ចំណាយ​ច្រើន។ ​ក្រៅ​ពី​មាន​ជំ​ងឺ​ប្រចាំ​កាយ​ហើយ ​អ្នក​គ្រូ​នៅ​​មាន​បន្ទុក​ចិញ្ចឹម​ម្ដាយ​ឪពុក​ចាស់​ជរា ​វ័យ​ប្រមាណ​៨៨​ឆ្នាំ​ និង​ទារក​អាយុ​៩​ខែ​ ​ដែល​​រើស​មក​ចិញ្ចឹម​ថែម​ទៀត។​​ ​

បម្រើ​សិល្បៈ​ច្រើន​ឆ្នាំ​មែន តែ​អ្នក​គ្រូ​ហាក់​មិន​សល់​អ្វី​ច្រើន​ទេ ​ក្រៅ​ពី​ជំ​ងឺ។ ​អ្នក​គ្រូ ​មិន​ចង់​លើក​ដៃ​អំពាវ​នាវ​ឲ្យ​មាន​ការ​ជួយ​ជា​ថវិកា​នោះ​ទេ ​តែ​បើ​​សប្បុរស​ជន ​មាន​ឆន្ទៈ ​ទឹក​ចិត្ត​អាណិត​ស្រលាញ់​ជួយ ​អ្នក​គ្រូ ​ក្នុង​នាម​ជា​អ្នក​ធ្លាប់​មាន​ស្នាដៃ​ក្នុង​វិស័យ​មួយ​នេះ​ ​​ ​​នោះ​អ្នក​គ្រូ​រីក​រាយ​ទទួល​​បំណង​នេះ​។

អ្នក​គ្រូ ​គង់ ណា​រី ​ធ្លាប់​មាន​ស្នាដៃ​បណ្ដុះ​បណ្ដាល​តារា​ជា​ច្រើន ឲ្យ​ចេះ​ច្រៀង ពិធីករ ​បង្ហាញ​ម៉ូដ ​និង​សិល្បៈ​ច្រើន​ទម្រង់​ទៀត ​ក្នុង​នោះ ​ក៏​មាន​តារា​ដូច​ជា ​ទូច ស៊ុននិច ​អ៊ឹង រដ្ឋា ​ហៅ​ទុយ សាន ផានិត ជា​ដើម។ ​ពេល​នេះ ​អ្នក​គ្រូ​ណារី​ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​លោក​សង្ឃ ​នៅ​អគារ​លាង​ឈាម ​ក្នុង​បន្ទប់ G1-G2 ៕​​​​​

អត្ថបទ៖ លឹម សុនា

មតិយោបល់
អត្ថបទពេញនិយម