• 2018-10-12 07:28:30
  • ជីវិតតារា

អីយ៉ា! ​តារាចម្រៀងពលករម្នាក់កំពុងដើរតាមគន្លងឧកញ៉ា​ល្បីឈ្មោះមួយរូប

  • 2018-10-12 07:28:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រសិន​បើ​និយាយ​ពី​តារា​ចម្រៀង​ពលករ​​ធ្វើ​ការ​​នៅ​ក្រៅ​ប្រទេស សម្រាប់​ទីផ្សារ​​​ ក្នុង​ស្រុក​ទស្សនិកជន​ប្រហែល​ជា​ស្គាល់​មិន​សូវ​ច្រើន​ឡើយ ប៉ុន្តែ​សម្រាប់​ទីផ្សារ​ខ្មែរ​នៅ​ក្រៅ​ស្រុក​អាច​មាន​អ្នក​ស្គាល់​ច្រើន ត្បិត​អី​បទ​ចម្រៀង​របស់​ពួក​គេ​​​ភាគ​ច្រើន​រៀបរាប់​​ពី​ជីវិត​ពិត​ពលករ ដែល​ធ្វើ​ឲ្យ​ពលករ​​ដូច​គ្នា​និយម​ស្ដាប់។

ថ្ងៃ​នេះ​Sabay សូម​នាំ​ប្រិយមិត្ត​ទៅ​ស្គាល់​តារា​ចម្រៀង​ម្នាក់​ គឺ​លោក​ សុខ សៀង​ឌី ដែល​ជា​តារា​ចម្រៀង​ពលករ​ខ្មែរ​ម្នាក់​​មាន​បទ​ចម្រៀង​​ជា​ច្រើន ហើយ​កំពុង​​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ។ ក្រៅ​​ពីធ្វើ​តារា​ចម្រៀង លោក​កំពុងតែ​បោះ​ទុន​រក​ស៊ី​ជំនួញ​ធំ​មួយ ស្រដៀង​នឹង​ឧកញ៉ា​ល្បី​ឈ្មោះ​​ ឡេង ណាវ៉ាត់ត្រា ​ដែល​មាន​ប្រវត្តិ​ជា​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​ដូច​គ្នា។

ដោយ​​មាន​បញ្ហា​សេដ្ឋកិច្ច​គ្រួសារ ក្រោយ​ពី​បញ្ចប់​បាក់​ឌុប​នៅ​ឆ្នាំ​២០០៤ លោក​សុខ សៀង​ឌី បាន​សម្រេច​ចិត្តចេញ​ពី​ស្រុក​កំណើត​នៅ ស្រុក​កំពង់​ត្របែក ខេត្តព្រៃវែង មក​ធ្វើ​​ជា​កម្មករ​គេ ដើម្បី​រក​ប្រាក់​ផ្គត់ផ្គង់​គ្រួសារ។ ដំបូង​​លោក​​​បាន​ទៅ​ធ្វើជា​កម្មករ​​ធ្វើ​ចម្ការ​នៅ​ប្រទេស​ថៃ ធ្វើ​បាន​២ឆ្នាំ ក៏​សម្រេច​ចិត្ត​មក​​ភ្នំពេញ​​វិញ ​ចូល​រៀន​ភាសា​កូរ៉េ ហើយ​នៅ​ដើម​ឆ្នាំ២០០៩ ក៏​បាន​ប្រឡង​ជាប់​ទៅ​ធ្វើ​ការ​នៅប្រទេស​កូរ៉េដូច​បំណង។

យុវជន​វ័យ​២៩ឆ្នាំ​រូប​នេះបាន​បន្ត​ឲ្យ​ដឹង​ថា ជីវិត​ជា​ពលករ​គឺ​​អផ្សុក​ខ្លាំង​ណាស់ ហើយ​ដោយ​និស្ស័យ​ចូល​ចិត្ត​ចម្រៀង ពេល​ទំនេរ តែង​ជុំ​គ្នា​ច្រៀង​លេង​ជា​​មួយ​ពលករ​ដូច​គ្នា ដើម្បី​រំសាយ​ការ​នឹក​ស្រុក​កំណើត។ ​មិត្ត​ភក្តិ​​ឃើញ​សំឡេង​​ល្អ ក៏​សាក​ល្បង​សរសេរ​បទ​ចម្រៀង​រៀប​រាប់​ពី​ជីវិត​ពិត​របស់​ពលករ​ម្នាក់​ ឲ្យ​ច្រៀង​លេង។ ចម្រៀង​១បទ​ដំបូង​ដែល​មាន​ការ​គាំទ្រ​រហូត​មក​ដល់​បច្ចុប្បន្ន​នោះ​មាន​ចំណង​ជើង​ថា"ខ្មាស​មិត្ត​កូរ៉េ" ​ជា​បទ​ចម្រៀង​រៀបរាប់​ពី​ពលករ​ម្នាក់​ចាញ់​បោក​ស្រី​ស្នេហ៍ ដែល​ខិតខំ​សន្សំ​ប្រាក់​ធ្វើ​ការ​លើ​ទឹក​ដី​កូរ៉េ​យ៉ាង​លំបាក​ផ្ញើ​មក​ឲ្យ ហើយ​ត្រូវ​ស្រី​នោះ​បោក​ប្រាស់។

លោក​សុខ សៀង​ឌី ​បាន​បន្ត​ឲ្យ​ដឹង​បន្ថែម​ថា ក្រោយ​​ពី​បទ​ចម្រៀង​១បទ​ដំបូង ឃើញ​ថា​មាន​​អ្នក​គាំទ្រ​ច្រើន​ជា​ពិសេស​ពលករ​​ដូច​គ្នា​នោះ លោក​​បាន​ធ្វើ​បទ​ចម្រៀង​បន្ត​បន្ទាប់ ព្រម​ទាំង​​ទៅ​រៀន​ជំនាញ​ធ្វើ​ភ្លេង និង​បច្ចេកទេស​សំឡេង​បន្ថែម។

គិត​មក​ដល់​​បច្ចុប្បន្ន​លោក​សុខ សៀង​ឌី បាន​ផលិត​​បទ​ចម្រៀង​ជាង​២០​បទ​រួច​ហើយ ក្នុង​នោះ​លោក​បាន​ចេញ​ជា​២អ៊ាល់ប៊ុម។ អ៊ាល់ប៊ុមទី១ មាន​ឈ្មោះ​​ថា "ជីវិត​ស្នេហា​ពលករ​កូរ៉េ" និង​អ៊ាល់​ប៊ុម​ទី២ មាន​ឈ្មោះ​ថា "ជីវិត​​ស្នេហា​ពលករ​ឆ្លង​ដែន" ដែល​គ្រប់​បទ​ចម្រៀង​​ទាំង​អស់​ភាគ​ច្រើន និយាយ​ពី​ជីវិត​ជា​ពលករ​ និង​ស្នេហា​ព្រាត់ប្រាស​ជា​ដើម។

លោក សៀង​ឌី បាន​លើក​ឡើង​ថា បទ​ចម្រៀង​របស់​​លោក​ភាគ​ច្រើន​ត្រូវ​ពលករ​គាំទ្រ មិន​ថាតែ​នៅ​ប្រទេស​កូរ៉េ​ឡើយ​ ទាំង​នៅ​ជប៉ុន ម៉ាឡេស៊ី ថៃ ជា​ដើម សុទ្ធតែ​ស្គាល់​បទ​​ចម្រៀង​របស់​លោក។ ទន្ទឹម​គ្នា​នោះ​ដែរ សមាគម​ខ្មែរ​​ជា​ច្រើន​នៅ​ប្រទេស​កូរ៉េ​គាំទ្រ​​លោក​ខ្លាំង ហើយ​នៅ​ពេល​មាន​ការ​ប្រគំតន្ត្រី​ធំ តែង​អញ្ជើញ​លោក​ទៅ​ច្រៀង​​ញឹក​​ញាប់។

ងាក​មក​វិស័យ​ជំនួញ​វិញ តារា​ចម្រៀង​ពលករ​មាន​កំណើត​មក​ពីរ​ខេត្ត​ព្រវែង​រូប​នេះ ទើប​តែ​បោះ​ទុន​​លើ​ជំនួញ​អចលនទ្រព្យ​មួយ​​ដោយ​ប្រើ​ទុន​​ខ្ទង់​៥០ម៉ឺន​ដុល្លារ ជា​មួយ​មិត្តភ័ក្ដិ​៣នាក់​ផ្សេង​ទៀត។ ក្រុមហ៊ុន​ដែល​លោក​ទើប​តែ​សម្ពោធ​​នោះ​មាន​ឈ្មោះ​​ថា​"ភូមិឋាន​សួស្ដី" ជា​ក្រុមហ៊ុន​ពុះដីឡូ​តិ៍​​លក់ នៅ​តំបន់​ជាយ​ក្រុង ក្នុង​ទឹក​ដីខេត្តកំពង់​ស្ពឺ។

មូលហេតុ​ដែល​នាំ​ឲ្យ​តារា​ចម្រៀង​រូប​នេះ សម្រេច​បោះ​ទុន​ដើម​ទុន​​ជា​ច្រើន​សន្ធឹកសន្ធាប់​ជា​មួយ​ដៃគូ​ ក៏​ព្រោះ​តែ​កន្លង​មក​ពួក​គេ​ធ្លាប់​មាន​បទពិសោធន៍​ផ្នែក​អចល​ន​ទ្រ​ព្យ​ខ្លះៗ ដោយ​មាន​ក្រុមហ៊ុន​អ​ច​ន​ទ្រ​ព្យ​នៅ​កម្ពុជា​ធ្លាប់ ទា​ក់​ទង​ឲ្យ​ធ្វើ​ជា​បុគ្គលិក​លក់​ដី​ឲ្យ​គេ​នៅ​​កូរ៉េ។

សៀងឌី និងឧកញ៉ា ឡេង ណាវ៉ាត់ត្រា

សៀង​ឌី​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ដើម​ទុន​​ខាង​លើ ក្រុម​របស់​ខ្លួន​បាន​មក​ពី​ការ​សន្សំ​ប្រាក់ខែ ដែល​ធ្វើការ​ជា​ពលករ​នៅ​កូរ៉េផង និង​បាន​មក​ពី​ការ​​លក់ដី ដែល​បាន​ទិញ​ទុក​ក្នុង​គម្រោង​កាល​ពី​មិន​ទាន់​ចប់​អណ្តតិ​នៅ​កូរ៉េ និង​ការ​រួមគ្នា​បណ្តាក់​ទុន​ពី​ពលករ​នៅ​ប្រទេស​កូរ៉េ ដែល​ស្រលាញ់​វិស័យ​អចលនទ្រព្យ​នេះ​ដូច​គ្នា។

បច្ចុប្បន្ន​លោក សៀង​ឌី មិន​ទាន់​បញ្ចប់​អាណត្តិ​​ធ្វើ​ការ​​នៅ​​ប្រទេស​កូរ៉េ​នៅ​ឡើយ​ទេ ជំនួញ​ដែល​លោក​​បើក​នោះ គឺ​ប្រគល់​​ឲ្យ​ដៃគូ​របស់​លោក​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ដោយ​ផ្ទាល់ ចំណែក​រូប​លោក​មើល​ដោយ​ប្រយោល​ពី​ប្រទេស​កូរ៉េ និង​គៀងគរ​អតិថិជន​ដែល​ជា​ពលករ​ខ្មែរ​ដូច​គ្នា​នៅ​ទី​នោះ។

ដោយ​​មាន​និស្ស័យ​​លើ​វិស័យ​ចម្រៀង គួបផ្សំ​មាន​ទស្សនិកជន​ស្គាល់​មួយ​ចំនួន​ធំ បំណង​ទៅ​ថ្ងៃ​អនាគត​ក្រៅ​ពី ពង្រីក​មុខ​ជំនួញ​លើ​វិស័យ​អចលនទ្រព្យ លោក សៀង​ឌី និយាយ​ថា ខ្លួន​ក៏​មាន​បំណង ចង់​ផលិត​បទ​ចម្រៀង​ឲ្យ​បាន​ច្រើន​ជា​បន្តបន្ទាប់​ហើយ​អាច​និង​ឈាន​ដល់​ការ​ផលិត​ជា​ភាពយន្ត​ថែម​ទៀត​ផង៕

អត្ថបទៈ ស៊ុនហួត

មតិយោបល់
អត្ថបទថ្មី