• 2018-10-15 07:25:08
  • ជីវិតតារា

សុខភាពស្ដេច​ចាប៉ី ប្រាជ្ញ ឈួន កាន់​តែ​ធ្ងន់ធ្ងរ​

  • 2018-10-15 07:25:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង លោក​តា​ភិរម្យ ប្រាជ្ញ ឈួន ដែល​មាន​​ជំងឺ​ប្រចាំ​កាយ​ជា​ច្រើន​ឆ្នាំ កំពុង​​សម្រាក​ព្យាបាល​នៅ​ឯ​ស្រុក​កំណើត​​ស្ថិត​ក្នុង​ភូមិសម៉ ​ឃុំ​ខ្វាវ ស្រុក​ទ្រាំង​ ខេត្ត​តាកែវ​ ពេល​នេះ​សុខភាព​​របស់​លោក​កាន់​តែ​ធ្ងន់ធ្ងរ​ហើយ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ប្រាជ្ញ ឆាត ដែល​ជា​កូន​បង្កើត​កំពុង​មើល​ថែ​​រាល់​ថ្ងៃ។

លោក​ប្រាជ្ញ ឆាត ដែល​ជា​កូន​បង្កើត​បានឲ្យ​ដឹង​ថា សុខភាព​ឪពុក​របស់​លោក​កាន់​តែ​ធ្លាក់​ចុះ​ខ្លាំង​ជាង​២សប្ដាហ៍​មក​នេះ ពោល​គឺ​តាំង​មុន​ភ្ជុំបិណ្ឌ​មក​ម្ល៉េះ ដោយ​មិន​សូវ​ជា​នឹកនា​បាយ​ទឹក ហើយ​វង្វេង​ម្ដង​ម្កាល។ កូន​លោក​តា​ប្រាជ្ញ ឆាត​​លើក​ឡើង​ដូច្នេះ​៖ "គាត់​ចុះ​​ខ្លាំង​ ២​អាទិត្យ​ចុង​ក្រោយ​ហ្នឹង​ អត់​មាន​កម្លាំង​តែ​ម្ដង​ងើប​​លែង​​រួច​ដូច​មុន​​ហើយ លុះត្រាតែ​មាន​អ្នក​ជួយ​គ្រា។​"។

ដោយ​សុខ​ភាព​ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង​កាន់​តែ​ទ្រុឌទ្រោម​បែប​នេះ ​លោក​ប្រាជ្ញ ឆាត ប្រាប់​ថា កាល​ពី​រដូវ​ភ្ជុំ​ មាន​​ព្រះ​សង្ឃ​ចំនួន​២វត្ត បាន​ដឹក​នាំ​ញាតិមិត្ត​ក្នុង​ភូមិ​សូត្រ​មន្ត​ឲ្យ​ចំនួន​២ថ្ងៃ ព្រម​ទាំង​ជូន​នូវ​​ថវិកា​និង​សម្ភារៈ​មួយ​ចំនួន។ ក្រៅ​ពី​​ធ្វើ​តាម​ផ្លូវ​ព្រះ​ធម៌ លោក​​​តា​ក៏​ទទួល​ការ​​ព្យាបាល​ពី​ពេទ្យ ក្នុង​ភូមិ​​ដែល​ត្រូវ​ជា​ចៅ ជា​ប្រចាំ​ផង​ដែរ។

ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង លោក​តា​ភិរម្យ ប្រាជ្ញ ឈួន គិត​មក​ដល់​បច្ចុប្បន្ន​មាន​វ័យ​៨២ឆ្នាំ​។ លោក​មាន​កូន​៥នាក់ ប្រុស​ទាំង​អស់។ ស្ដេច​ចាប៉ី​រូប​នេះ​​មាន​​ជំងឺ​ច្រើន​មុខ ហើយ​ជំងឺ​​​ធ្វើ​ទុក្ខ​ខ្លាំង​ជាង​គេ​គឺ លើស​ឈាម។ ទន្ទឹម​នឹង​ការ​ធ្លាក់​ខ្លួន​​ឈឺ​ច្រើន​ឆ្នាំ​មក​នេះ គេ​ឃើញ​មាន​សប្បុរសជន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ជួយ​ឧបត្ថម្ភ​លោក​ជា​បន្ត​បន្ទាប់។ ក្នុង​នោះ​​ដែរ ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ ឯក​ឧត្ដម​​ ខៀវ កាញារីទ្ធ និង​លោក​ជំទាវ​​ ទេព រង្សី ក៏​បាន​ជួយ​សង់​ផ្ទះ​ជូន​លោក​១ខ្នង ព្រម​ទាំង​ថវិកា​និង​សម្ភារៈ​ប្រើប្រាស់​​មួយ​ចំនួន​កាល​ពី​ពេល​កន្លង​ទៅ៕

អត្ថបទ៖ ស៊ុន​ ហួត

មតិយោបល់
អត្ថបទថ្មី