• 2018-10-16 04:04:21
  • ជីវិតតារា

​​ហេតុ​ផល​ខ្លះ​​ៗធ្វើ​ឲ្យ​តារា​​៤​ដួង ​សុខ​ចិត្ត​ធ្វើ​រឿង​ដ​ដែល​ក្នុង​ជីវិត​​សិល្បៈ​របស់​ខ្លួន​

  • 2018-10-16 04:04:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​និយាយ​ពី​ភាព​ល្បី​ល្បាញ ​តារា​​៤​ដួង​ខាង​ក្រោម​នេះ បាន​សាង​ប្រជាប្រិយ​ភាព​ខ្លាំង​ណាស់​ក្នុង​ជីវិត​សិល្បៈ​របស់​ខ្លួន ​ដើម្បី​ឲ្យ​ទស្សនិកជន​ជា​ច្រើន​បាន​ស្គាល់។ ​ប៉ុន្តែ​រយៈ​អំឡុង​ប្រឡូក​សិល្បៈ​យ៉ាង​ជោគ​ជាំ​ច្រើន​ឆ្នាំ ​តារា​ល្បី​៤​ដួង ​បាន​ធ្វើ​ឲ្យ​​អ្នក​​គាំ​ទ្រ​ ឃើញ​ថា ​​សុខ​ចិត្ត​ធ្វើ​រឿង​ដ​ដែល​ឡើង​វិញ​សំខាន់​មួយ​ ដើម្បី​សិល្បៈ​។

សាន ផា​និត ​ថត​ MV ​បទ​ "ជាប់​រវល់​" ​ឡើង​វិញ

​តារា​ចម្រៀង​រូប​នេះ ​បាន​ធ្វើ​ឲ្យ​អ្នក​​គាំ​ទ្រ​ងឿង​ឆ្ងល់​នៅ​ពេល​លោក​ប្រកាស​ថា​ ឈប់​ច្រៀង​បទ​ចម្លង​ពី​គេ​ទៀត​ហើយ ​តែ​បែរ​ជា​សម្រេច​ថត MV ​បទ​ "​ជាប់​រវល់​" ​ដែល​ធ្លាប់​ល្បី​កាល​ជាង​១០​ឆ្នាំ​មុន​ទៅ​វិញ។ ​ហេតុ​ផល ព្រោះ​បទ​ចម្រៀង​នេះ​ជា​បទ​ល្បី​មួយ​ដែល​ធ្វើ​ឲ្យ​លោក​មាន​កេរ្តិ៍ឈ្មោះ ​ហើយ​តារា​ចម្រៀង​មាន​របរ​លក់​សម្លៀក​បំពាក់​នៅ​ខេត្ត​មណ្ឌល​គិរី បាន​រៀប​ចំ​ Melody ​ថ្មី​ បូ​ក​រួម​នឹង​បច្ចេកទេស​ថត​ MV ​ដែល​លោក​អះ​អាង​ថា ​វា​បាន​ក្លាយ​ជា​បទ​ចម្រៀង​ថ្មី​ទាន់​សម័យ ​។ ​លើស​ពី​នេះ ​លោក​ក៏​បាន​ច្នៃ​ Melody ​បទ​ចម្រៀង​ "​ទូរស័ព្ទ​ប្រាប់​ផង" ដោយ​ចេញ​ជា Audio ​ថ្មី​ កាល​ពី​ឆ្នាំ​មុន​ទៀត​ផង។

​ការ​បញ្ចេញ​បទ​ចម្រៀង​ចាស់ៗ មក​ច្នៃ​ Melody ថ្មី ​ត្រូវ​បាន​លោក សាន ផា​និត ធ្លាប់​ប្រាប់​ថា ​ជា​អ្វី​ដែល​អ្នក​គាំ​ទ្រ​ជា​ច្រើន​ចង់​បាន ព្រោះ​ជា​បទ​ចម្រៀង​ប្រចាំ​ត្រកូល​របស់​លោក ​ដែល​បទ​នេះ​ធ្វើ​ឲ្យ​គេ​ស្គាល់​លោក​ក្នុង​ពិភព​សិល្បៈ​។

សុគន្ធ និសា វិល​ចូល​ផលិត​កម្ម​ចាស់

តារា​ចម្រៀង​ស្រ​គត់​ស្រ​គុំ​រូប​នេះ ​ក៏​បាន​សាង​ភាព​ដ​ដែល​នៅ​ក្នុង​ជីវិត​ប្រឡូក​ក្នុង​សិល្បៈ​ជាង​១០​ឆ្នាំ​របស់​ខ្លួន​ ​ដោយ​ចាក​ចេញ​ពី​ហង្ស​មាស​ទៅ​ថោន ​តែ​ក្រោយ​មក​ក៏​វិល​មក​ទ្រនំ​ចាស់​វិញ។ ​គ្រា​នោះ ការ​ចាក​ចេញ​ពី​ហង្ស​មាស​របស់​ម្ចាស់​បទ "​បើ​ស្រលាញ់​ម្ដេច​ទុក​អូន​ចោល" ត្រូវ​បាន​គេ​លិច​លឺ​ថា ​ព្រោះ​សុគន្ធ និសា ចង់​បែក​គ្នា​ជា​មួយ​អតីត​សង្សារ ទើប​មិន​ចង់​ធ្វើ​ការ​ជួប​មុខ​គ្នា​នាំ​សៅ​ហ្មង ប៉ុន្តែ​គ្មាន​បញ្ហា​ទើស​ចិត្ត​គ្នា​ជាមួយ​ខាង​ផលិត​កម្ម​ឡើយ។ ​

ចំពោះ​ការ​វិល​មក​វិញ ក៏​តារា​រូប​នេះ​ត្រូវ​រង​ពាក្យ​ចចាមអារ៉ាម​ម្ដង​ទៀត ​ ​​​​តែ​លោក សុខ ជំនោរ​ ​បាន​ចេញ​មុខ​អះ​អាង​ថា ការ​ត្រលប់​មក​វិញ​របស់​និសា ​គឺ​ខាង​ហង្ស​មាស​បាន​សាក​សួរ​​​តារា​រូប​នេះ ឲ្យ​ត្រលប់​មក​វិញ​ដោយ​ផ្ទាល់ ។ ​គ្មាន​ពាក់​ព័ន្ធ​មូល​ហេតុ ព្រោះ​លោក​ចេញ​ពី​ហង្ស​មាស ទើប​និសា​ចង់​មក​វិញ​នោះ​ទេ ដោយ​សារ​លោក​បាន​ចេញ​រយៈ ពេល​៥​ខែ​ទៅ​ហើយ ​ទើប​លឺ​ដំណឹង​ថា និសា​ ត្រលប់​មក​វិញ។

មាស សាលី ​ថត MV ​បទ "​អង្គរក្ស​បេះ​ដូង​"​ ឡើង​វិញ

មិន​ខុស​ពី​លោក​ សាន ផា​និត ​ដែរ ​តារា​ចម្រៀង​ដុះ​ស្លែ​នៅ​ផលិត​កម្ម​សាន់​ដេ ​បាន​សម្រេច​ថត MV ​បទ "​អង្គរក្ស​បេះ​ដូង​"​ ឡើង​វិញ ជា​បទ​ល្បី​កាល​ពី​ជាង​១០​ឆ្នាំ​មុន។ ពេល​នោះ ​គេ​បាន​និយាយ​ថា ​ការ​ធ្វើ​បែប​នេះ ​គ្រាន់​តែ​ជា​កា​ដូ​លួង​ចិត្ត​សម្រាប់​លោក មាស សាលី ប៉ុណ្ណោះ ​ទោះ​​អវត្តមាន​របស់​កំពូល​តារា​ចម្រៀង ខេមរៈ សិរីមន្ត​ពី​សាន់​ដេ​ក៏​ដោយ ​ក៏​តារា​រូប​នេះ​ទំនង​ពិបាក​ស្តា​ភាព​លេច​ធ្លោ​ក្នុង​ពិភព​សិល្បៈ​ជា​ថ្មី​ម្ដង​ទៀត។

​ប៉ុន្តែ​សម្រាប់​តារា​ដែល​គេ​ច្រ​លំ​ថា​មាន​កូន​រួច​ហើយ ​ប្រាប់​ថា ​នេះ​ជា​អ្វី​ដែល​អ្នក​គាំ​ទ្រ​របស់​លោក​ទទូច​ចង់​បាន ដោយ​ Fan ​ជា​ច្រើន​បាន​សំណូម​ពរ​ឲ្យ​លោក​យក​បទ​ចម្រៀង​ល្បី​ពី​មុន ​មក​ថត​ឡើង​វិញ។

កែវ វាសនា ត្រ​លប់​មក​ទ្រនំ​ចាស់

​តារា​រូប​នេះ ​មិន​ខុស​ពី​អ្នក​នាង សុគន្ធ និសា ដែរ លោក​បាន​ចេញ​ពី​សាន់​ដេ​ទៅ​ថោន ​ហើយ​ថ្មី​ៗ​នេះ​បាន​ងាក​មក​ទ្រនំ​ចាស់​របស់​ខ្លួន​វិញ យ៉ាង​ភ្ញាក់​ផ្អើល។ ម្ចាស់​បទ "នឹក​មនុស្ស​ម្នាក់​មិន​បាន​ស្រលាញ់​" ​ទម្លាយ​ការ​ពិត​ថា ដោយ​សារ​តែ​ កែវ វាសនា ចង់​បាន​បទ​ពិសោធន៍​ថ្មី​​បន្ថែម​ពី​ផលិតកម្ម​ចាស់។ ម្យ៉ាង​ទៀត​លោក បាន​​ផុត​កុង​ត្រា​ជាមួយ​​ថោន​​ ទើប​សម្រេច​ដើរ​ចេញ​តែ​ម្ដង​ទៅ​ មិន​មាន​រឿង​​អាក់អន់ចិត្ត​​ឬ​បញ្ហា​អ្វី​ជាមួយ​គ្នា​ឡើយ។

​លើស​ពី​នេះ ​​លោក​បញ្ជាក់​ថា ខាង​ថោន​ក៏​​រីករាយ​ចំពោះ​ការ​សម្រេច​ចិត្ត​នេះ ឯ​ខាង​សាន់​ដេ​វិញ​ក៏​ពេញ​ចិត្ត​ទទួល​លោក​ត្រឡប់​ទៅ​វិញ​ដែរ។ លោក​ប្រាប់​ថា ​បាន​ចុះ​កុង​ត្រា​ថ្មី​​នៅ​សាន់​ដេ​រយៈ​ពេល ២​​ឆ្នាំ ៕​​​​​​​

​​​​​​

​​​

អត្ថបទ៖ លឹម សុនា

មតិយោបល់