• 2018-11-07 06:46:00
  • ព័ត៌មាន

ប្រុសស្អាត Mister Universal Ambassador 2018 ត្រៀមយកល្ខោនខោល បង្ហាញ​លើ​ឆាក​អន្តរជាតិ

  • 2018-11-07 06:46:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ប្រកួត Mister Universal Ambassador 2018 ខាង​មុខ​នេះ ​ប្រុស​ស្អាត ជា ឃាង​ឆែ ​បេក្ខភាព​តំណាង​កម្ពុជា ​ប្រាប់​ថា ​លោក​នឹង​ត្រៀម​បញ្ចេញ​ទេពកោសល្យ ដោយ​លើក​យក​ការ​សម្ដែង​ទម្រង់​ល្ខោន​ខោល សម្រាប់​ប្រកួត​ប្រជែង​ជាមួយ​បណ្ដាល​ប្រទេស​ជា​ច្រើន​។

​​​​យុវជន​កម្ពស់ ១៨៣ សង់​ទី​ម៉ែត្រ​ រូប​នេះ ​បាន​ហាត់​រៀន​សិល្បៈ​បុរាណ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ​​និង​សង្ឃឹម​កម្ពុជា ​អាច​ដណ្ដើម​បាន​តំណែង​សម្រាប់​ការ​ប្រកួត​​លក្ខណៈ​អន្តរជាតិ ដែល​ធ្វើ​ឡើងនៅ​ប្រទេស​ឥណ្ឌា​ ចាប់​ពី​ថ្ងៃ​១៨ ខែ វិច្ឆិកា ​ដល់​ថ្ងៃ​២៥​ ក្រោយ​កម្ពុជា​ខក​ខាន​ចូល​រួម​តាំង​ពី​ឆ្នាំ​២០១៥ មក។

ជុំវិញ​ការ​ប្រកួត​នេះ ​ ប្រុស​ស្អាត​មាន​ឈ្មោះ​ហៅ​ក្រៅ Joey បង្ហើប​ថា ​លោក​មាន​ការ​ជំរុញ​ទឹក​ចិត្ត​ពី​ឪពុក​ធម៌ ​​ក្រោយ​បាន​ជាប់​ជយ​លាភី​លេខ១​ ពី​ការ​ប្រលង Freshy Boy ឆ្នាំ​ ២០១៣។ ពេល​បង្ហាញ​ខ្លួន​ដំបូង ​ប្រិយ​មិត្ត​ជា​ច្រើន​គិត​ថា ​លោក​​មិន​មែន​ជា​ខ្មែរ​នោះ​ទេ ព្រោះ​មុខ​មាត់​លោក​ដូច​កូរ៉េ​ខ្លាំង​ពេក។ មែន​ទែន​ទៅ ​លោក​ជា​កូន​កាត់​ចិន ​ដោយ​ជីដូន​ជី​តា​ និងម្តាយឪពុក ជា​ជន​ជាតិ​ចិន​តែ​ម្ដង ហើយលោក​បាន​កើត​និង​ធំ​ធាត់​ក្នុង​ទីក្រុង​ភ្នំពេញ។

ឃាង​ឆែ ​អាច​និយាយ​បាន​៣​ ភាសា​ស្ទាត់​ជំនាញ ​គឺ​ខ្មែរ ​អង់គ្លេស និង​ចិន ​ហើយ​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​​ជាមួយ​សមាជិក​គ្រួសារ​ក្នុង​ផ្ទះ ​លោក​តែង​និយាយ​ភាសា​ចិន ជា​ប្រ​ចាំ ​។ ​

ក្រៅ​ពី​នេះ ​កូន​ពៅ​ក្នុង​ចំណោម​បង​ប្អូន​២​នាក់ ​បាន​បញ្ចប់​ថ្នាក់​បរិញ្ញា​បត្រ​នៅ​សាកល​វិទ្យាល័យ​លីម​កុក​វីង ​ជំនាញ​ស្ថាបត្យកម្ម។ លោក​ជា​មនុស្ស​ម្នាក់ ​ដែល​ចូល​ចិត្ត​គូរ​រូប និង​ឌី​ហ្សាញ​​ជាមួយ​គំនិត​ថ្មីៗ។ ដោយសារ​តែ​​រូប​រាង​ខ្ពស់​សង្ហា ​លោក​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​លើ​ការ​ថត​ម៉ូដ​ម៉ូដែល រីឯការ​ប្រឡូក​សិល្បៈដូច​ជា​ការ​សម្ដែង​ភាព​យន្ត ឬ ថត​ចម្រៀង នាពេលអនាគត ​លោក​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ៕

​​​​​​​​

អត្ថបទ៖ លឹម សុនា

មតិយោបល់
អត្ថបទពេញនិយម