• 2018-11-09 02:05:00
  • ព័ត៌មាន

ពីរោះ​ណាស់ ឈ្មោះ​ឈុត​តំណាង​ជាតិខ្មែរ ត្រៀម​ប្រកួតបវរកញ្ញាចក្រវាល២០១៨ ឯតម្លៃ​វិញ​អស់​ច្រើន​មិនធម្មតា

  • 2018-11-09 02:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈុត​តំណាង​ជាតិ​ខ្មែរ ​ត្រៀម​យក​ទៅ​ប្រកួត​​ក្នុង​កម្មវិធី បវរកញ្ញា​ចក្រវាល ​២០១៨ ​នៅ​ប្រទេស​ថៃ​ឆាប់​ៗ​នេះ ​ត្រូវ​បាន​ទម្លាយ​ឲ្យ​ដឹង​ថា ​មាន​ឈ្មោះ "កម្ពុជា Kingdom of Wonder” ។ ឈុត​ប្រណិត​នេះ ​សម្រិត​សម្រាំង​យ៉ាង​ពិសេស​ អស់​ពេល​ជាង​២​ខែ ​ទម្រាំ​រួច​រាល់ ​និង​មាន​អត្ថន័យ​ទាក់​ទង​នឹង​ប្រវត្តិ​បុរាណ​ខ្មែរ​ ទៀត​ផង។

ឈុតតំណាងជាតិ កំពុងរចនា

​ក្នុង​បទ​សម្ភាស​ជាមួយ​ Sabay ​កញ្ញា ​រឿន​ ណាត បវរ​កញ្ញា​ចក្រ​វាល​កម្ពុជា ​ប្រាប់​ថា ​ឈុត​នេះ​មាន​ក្បូរ​ក្បាច់ លម្អ ​និង​គ្រឿង​អលង្ការ​ច្រើន ​រី​ឯ​ការ​ចំណាយ​វិញ​អស់​ខ្ទង់​ ៣ពាន់​ដុល្លារ។ ចំពោះ​ការ​ប្រកួត​ ​នេះ បវរកញ្ញា​កម្ពស់​ ១៧០​ សង់ទីម៉ែត្រ មាន​ជំនឿ​ចិត្ត​ថា​អាច​យក​ឈ្នះ​ ដោយសារ​កញ្ញា​បាន​ឆ្លង​កាត់​ការ​ហ្វឹក​ហាត់​អស់​ពេល​១​ឆ្នាំ ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស។ រឿន ណាត ប្ដេជ្ញា​ថា ​នឹង​ធ្វើ​ឲ្យ​បាន​ល្អ ដើម្បី​បង្ហាញ​ពិភព​លោក​ថា​ស្ត្រី​ខ្មែរ​​មាន​កម្លាំង​គ្រប់​គ្រាន់​ ដែល​​អាច​តតាំង​គ្រប់​ឧបសគ្គ ដើម្បី​ចក្រវាល​ទាំង​មូល​មាន​សន្តិភាព​ និង​ភាព​ស្រស់​បំព្រង។ ​​​​​

​អ្វី​កាន់​​តែ​ចាប់​អារម្មណ៍ បើ​សិន​ជា​កូន​ស្រី​ពៅ ក្នុង​ចំណោម​បងប្អូន​៣​នាក់ ​បាន​គ្រង​មកុដ​បវរកញ្ញា​ចក្រ​វាល​ ២០១៨ ​កញ្ញា​ចង់​ធ្វើ​រឿង​សំខាន់​៣​យ៉ាង។ ​ទី​មួយ ​គឺ​ចង់​ផ្សព្វ​ផ្សាយ​ពី​ប្រទេស​កម្ពុជា ​ឲ្យ​ពិភព​លោក​បាន​ស្គាល់​កាន់​​ច្បាស់ ។ ទី​២​ ​ចង់​បង្កើត​សាលា​ភាសា​អង់គ្លេស​មួយ​ដោយ​ឥត​គិត​ថ្លៃ​ ដល់​កុមារ​ ​ដើម្បី​​បាន​សិក្សា​រៀន​សូត្រ​បង្កើន​ចំណេះ​ដឹង។ ទី​​៣ កញ្ញា​ចង់​សម្រេច​ក្ដី​ប្រា​ថ្នា​ខ្លួន​ឯង ​​ដោយ​ប្រលង​ជា​ទាហាន ​ ព្រោះ ​រឿន ណាត​ ចង់​ក្លា​យ​ជា​ទាហាន​ស្រី។ ​ហេតុ​ផល​នេះ ​ព្រោះ​ជាក់​ស្ដែង​នៅ​កម្ពុជា ​មិន​សូវ​មាន​ទាហាន​ស្រី​នោះ​ទេ ភា​គ​ច្រើន​ជា​បុរស ម្ល៉ោះ​ហើយ ​កញ្ញា​ចង់​ធ្វើ​ជា​គំ​រូ​មួយ និង​ចង់​បង្ហាញ​ថា ​ស្រ្តី​អាច​ធ្វើ​អ្វី​បាន​ដូច​បុរស​ផង​ដែរ។

លើស​ពី​នេះ ​ស្រី​ស្អាត​មក​ពី​ខេត្ត​កំពង់ចាម ​បាន​ផ្ដល់​ពាក្យ​ពេចន៍​ខ្លះ​ដល់​អ្នក​ដែល​ចង់ ​ប្រកួត​កម្មវិធី​សម្រស់​ទាំង​ឡាយ​ ថា ​ត្រូវ​តែ​មាន​ភាព​ស្រស់​ស្អាត ។ ប៉ុន្តែ​​ការ​ស្រស់​ស្អាត​ពី​ខាង​ក្រៅ​ មិន​ទាន់​គ្រប់​គ្រាន់​ទេ ​គួរ​តែ​ស្អាត​ពី​ខាង​ក្នុង ​គឺ​ស្អាត​​​ចេញ​ពី​បេះ​ដូង ។ ម្យ៉ាង​ទៀត ត្រូវ​​មាន​ជំ​នឿ​ចិត្ត​លើ​ខ្លួន​ឯង​ ហើយ​ត្រូវ​​ថែ​​ទាំ​សុខភាព​ខ្លួន​ឯង​ឲ្យ​បាន​ល្អ ​មិន​ត្រូវ​ខ្វល់​នឹង​ពាក្យ​សំដី​របស់​អ្នក​ដទៃ​ដែល​ចូល​ចិត្ត​រិះ​គន់​ ​​ធ្វើ​ឲ្យ​យើង​បាក់​ទឹក​ចិត្ត​នោះ​ទេ៕

អត្ថបទ៖ លឹម សុនា

មតិយោបល់
អត្ថបទពេញនិយម