• 2018-11-15 04:09:46
  • ព័ត៌មាន

ក្មេង​ប្រុស​និយាយ​បាន ១៥ ភាសា អាច​មាន​ឱកាស​ក្លាយ​ជា​តារា​ចម្រៀង​ ក្រោយគេអញ្ជើញ​ទៅ​ទីក្រុងប៉េកាំង

  • 2018-11-15 04:09:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាជន​ខ្មែរ​ភាគ​ច្រើន​ប្រាកដ​ជា​ធ្លាប់​បាន​ឮ និង​ស្គាល់​ហើយ ចំពោះ​ក្មេង​ប្រុស​ខ្មែរ​យើង​ម្នាក់​ដែល​កំពុង​ល្បី​លើ​បណ្ដាញ​សង្គម ជាមួយ​សមត្ថភាព​និយាយ​បាន​ច្រើន​ភាសា​របស់​គេ​នោះ ថ្មី​ៗ​នេះ រូប​គេ និង​ក្រុម​គ្រួសារ​កំពុង​ត្រូវ​បាន​អញ្ជើញ​​ដោយ​ក្រុមហ៊ុន​មួយ​ទៅ​កាន់​ទីក្រុង Beijing ដើម្បី​ធ្វើ​កិច្ច​សម្ភាស​ និង​បង្ហាញ​ទេពកោសល្យ​របស់​គេ​លើ​ទឹក​ដី​នៃ​ប្រទេស​ចិន ។

បើ​តាម​វិបសាយ Shinchew របស់​ប្រទេស​ចិន​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​វ័យ ១៤​ឆ្នាំ​នេះ មាន​ឈ្មោះ​ថា ធុច សាលិក កំពុង​ទទួល​បាន​ភាព​ល្បីល្បាញ​លើ​បណ្ដាញ​សង្គម ក្រោយ​រូប​គេ​និយាយ​ទៅ​កាន់​អ្នក​ទេសចរ​សញ្ជាតិ​ម៉ាឡេស៊ី​ម្នាក់ ជាមួយ​ភាសា​ផ្សេង​ៗ​គ្នា​ជា​ច្រើន ក្នុង​នោះ​រួម​មាន​ភាសា​ម៉ាឡេស៊ី ភាសា​ចិន ភាសា​អាល្លឺម៉ង់ ភាសា​បារាំង និង​ភាសា​ថៃ​ជា​ដើម។

ដោយ​សារ​តែ​ទេពកោសល្យ​អាច​និយាយ​បាន​ច្រើន​ភាសា ជាមួយ​នឹង​ការ​រៀន​តែ​តាម​ពី​អ្នក​ទេសចរ​បរទេស ក្មេង​ប្រុស​រូប​នេះ អាច​និយាយ​ភាសា​ចិន​បាន​ល្អ​ជាង​គេ។ តាម​​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ក្នុង​ស្រុក រូប​គេ​ក៏​និយាយ​ពី​បំណង​របស់​ខ្លួន​ថា ចង់​ចូលរួម​កម្មវិធី​ប្រគំ​តន្ត្រី​ក្នុង​ទីក្រុង Beijing ទើប​ដំណឹង​មួយ​នេះ លេច​ឮ​ដល់​ក្រុមហ៊ុន​សារព័ត៌មាន​ប្រចាំ​ប្រទេស​ចិន ហើយ​ពួកគេ​ក៏​បាន​អញ្ជើញ​ សាលិក រួម​ទាំង​ក្រុម​គ្រួសារ​ទៅ​ទីក្រុង Beijing តែ​ម្ដង។

អ្វី​ដែល​កាន់​តែ​ពិសេស​នោះ ក្រៅ​ពី​​ទទួល​ការ​អញ្ជើញ​ដើម្បី​ធ្វើ​កិច្ច​សម្ភាស​ក្នុង​ប្រទេស​ចិន​នេះ ផលិតករ​របស់​ក្រុម​ហ៊ុន​មួយ​នេះ ក៏​បាន​ផ្ដល់​ឱកាស​ឲ្យ​សាលិក បង្ហាញ​សមត្ថភាព​របស់​គេ​លើ​ឆាក​ប្រគំ​តន្ត្រី​នោះ​ផ្ទាល់​ផង​ដែរ។ ប្រសិន​បើ​ការ​ច្រៀង​របស់​គេ​បាន​ល្អ ក្រុមហ៊ុន​នោះ​អាច​នឹង​នាំ​គេ​​មក​ស្នាក់​នៅ​ក្នុង​ប្រទេស​ចិន ដើម្បី​ធ្វើ​ការ​ហ្វឹកហាត់ ដើម្បី​អាច​ក្លាយ​ជា​តារា​ចម្រៀង​មួយ​រូប​នៅ​ពេល​អនាគត៕ ​

ប្រភព៖ worldofbuzz ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់
អត្ថបទថ្មី