- 2018-11-17 03:10:00
- ព័ត៌មាន
ប្រវត្តិខ្សែជីវិតបិតាចាប៉ីដងវែង លោកតាប្រាជ្ញ ឈួន វីរៈសិល្បករល្បីល្បាញពេញប្រទេស
- 2018-11-17 03:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រវត្តិខ្សែជីវិតបិតាចាប៉ីដងវែង លោកតាប្រាជ្ញ ឈួន វីរៈសិល្បករល្បីល្បាញពេញប្រទេស
ចន្លោះមិនឃើញ
ដំណឹងមរណភាពរបស់ព្រឹទ្ធភិរម្យវោហាសាស្រ្ត ប្រាជ្ញ ឈួន បានធ្វើឲ្យអ្នកក្នុងវិស័យសិល្បៈក្រៀមក្រំយ៉ាងខ្លាំង។ លោក ជាធនជាមនុស្សដ៏កម្ររបស់កម្ពុជា ផ្នែកសិល្បៈបុរាណខ្មែរ ដោយបានបន្សល់ស្នាដៃ និងកិត្តិនាមយ៉ាងច្រើន ក្នុងគ្រាមានជីវិត។
Sabay សូមលើកយកប្រវត្តិត្រួសៗរបស់បិតាចាប៊ីដងវែងលោកតា ប្រាជ្ញ ឈួន បង្ហាញដល់ទស្សនិកជន៖
ស្ថានភាពគ្រួសារ ៖
លោក កើតនៅឆ្នាំ ១៩៣៦ ក្នុងភូមិត្រពាំងកក់ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ ក្នុងគ្រួសារកសិករ។ លោក មានកូនប្រុសស្រីចំនួន៥នាក់ ក្នុងនោះមាន៣នាក់រស់នៅជាមួយលោក។ ប៉ុន្តែលោក តា ប្រាជ្ញ ឈួន មិនបានបង្រៀនចាប៉ីដល់កូនៗឲ្យបន្តតំណែងឡើយ ។ អ្នកចម្រៀងចាប៉ីល្បីល្បាញរូបនេះ ពិការភ្នែកទាំងសងខាង តាំងពីអាយុ៥ឆ្នាំ ដោយសាររោគកញ្ជ្រឹល។
ប្រវត្តិតស៊ូ និងដើមចមក្លាយជាអ្នកលេងចាប៉ី ៖
លោកមានចំណូលចិត្តផ្នែកលេងចាប៉ីដងវែងតាំងពីកុមារភាព ខុសពីបងប្រុសទាំង៤ បានក្លាយជាទាហាន និងបងស្រីម្នាក់ទៀត ធ្វើស្រែចម្ការ។ នៅអាយុ៩ឆ្នាំ ឪពុកមាររបស់លោកឈ្មោះ ប៉ែត ឌុប ហៅចង្កូមប្រាំបី បានបង្ហាត់បង្រៀនជំនាញនេះ ព្រមទាំងបង្រៀនបាលី ចម្រៀង កំណាព្យ និងរឿងនិទានអក្សរសិល្ប៍ផ្សេងៗ ជាហេតុធ្វើឲ្យលោកកាន់តែពូកែវោហាស័ព្ទ និងចេះដឹងផ្នែកអក្សរសាស្ត្របានច្រើន។
ចម្រៀងរបស់លោក ច្រើនរៀបរាប់ពីច្បាប់ស្រី ច្បាប់ក្រមង៉ុយ មានជាកំប្លែងខ្លះ ហើយភាគច្រើនបង្កប់ន័យអប់រំ។ លើសពីនេះ លោកអាចតែងបទចម្រៀង ច្រៀងភ្លាមៗ ស្របពេលកំពុងលេងចាប៉ី ហើយឃ្លាឃ្លោងវិញ មានចំណាប់ជួនល្អណាស់។
នៅឆ្នាំ ១៩៦២ លោកបានចូលការប្រលងប្រជែងជ្រើសរើសអ្នកចេះដឹង ផ្នែកចាប៉ីដងវែង របស់វិទ្យុជាតិ ដោយទទួលចំណាត់ថ្នាក់លេខ១ ។ ក្រោយមក កេរ្តិ៍ឈ្មោះលោក ចាប់ផ្ដើមល្បីល្បាញពេញប្រទេស ដោយលោកត្រូវបានគេអញ្ជើញទៅក្រៅប្រទេសដូចជា អាមេរិក បារាំង សិង្ហបុរីជាដើម។
ស្ថានភាពបច្ចុប្បន្ន ៖
ព្រឹទ្ធភិរម្យវោហាសាស្ត្រ ប្រាជ្ញ ឈួន បានទទួលមរណភាព នៅវេលាម៉ោង១៖៣០រំលងអាធ្រាត្រ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ដោយរោគាពាធ ក្នុងព្រះជន្ម៨២ឆ្នាំ នៅមន្ទីរពេទ្យកាល់ម៉ែត្រ។ មុនអនិច្ចកម្ម លោកតែងមានជំងឺប្រចាំកាយ ខ្សោយអស់កម្លាំង និងពិសាបាយមិនសូវបាននោះទេ។ លោកត្រូវបានក្រុមគ្រួសារបញ្ជូនពីខេត្តតាកែវ មកសង្គ្រោះ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨។
សពរបស់ព្រឹទ្ធាចារ្យចាប៉ីដងវែង លោកតាភិរម្យ ប្រាជ្ញ ឈួន ត្រូវបានដឹកពីមន្ទីរពេទ្យមកតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅក្នុងសាលាធម្មសភា វត្តបទុមវតី ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ៕