- 2018-11-24 04:50:00
- ព័ត៌មាន
ផុតអុំទូកភ្លាម ឱក សុគន្ធកញ្ញា ចូលរួមការងារសប្បុរសធម៌ដល់សិល្បករចាស់ជរា
- 2018-11-24 04:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផុតអុំទូកភ្លាម ឱក សុគន្ធកញ្ញា ចូលរួមការងារសប្បុរសធម៌ដល់សិល្បករចាស់ជរា
ចន្លោះមិនឃើញ
គ្រាន់តែពិធីបុណ្យអុំទូកចប់ភ្លាម កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ងាកមកបរិច្ចាគថវិកាដល់ សិល្បករចាស់ជរា និងព្រឹទ្ធាចារ្យបង្រៀនផ្នែកសិល្បៈ នៅសាលាភូមិន្ទវិចិត្រសិល្បៈ ក្នុងកម្មវិធី "រំលឹកគុណគ្រូរបាំ" ព្រឹកនេះ នៅនាយកដ្ឋានសិល្បៈទស្សនីយភាព ធ្វើឲ្យសិល្បករជើងចាស់ជាច្រើនទប់អារម្មណ៍មិនបាន រំភើបចិត្តស្រក់ទឹកភ្នែកគ្រប់គ្នា ។
កម្មវិធីខាងលើ ជាការរៀបចំឡើងដោយ តារាសម្ដែង សែម ឆវី និងលោក សាវិន ហ្វីលីព ក្រោមមូលនិធិចែករំលែកសេចក្ដីស្រលាញ់ ដើម្បីជាការដឹងគុណដល់ព្រឹទ្ធាចារ្យផ្នែករបាំ និងសិល្បករជើងចាស់ ដែលធ្លាប់បានលះបង់កម្លាំងកាយចិត្តបង្ហាត់បង្រៀនដល់សិស្សជាច្រើននាក់។ កាន់តែរំជួលចិត្តបំផុតនោះ គឺសិល្បករចាស់ជរាជាច្រើន អួលដើមករ ស្រក់ទឹកភ្នែក ព្រោះរំភើបចិត្តនឹងសកម្មភាពសប្បុរសធម៌ថ្ងៃនេះ ។
ក្នុងនោះ តារាសម្ដែង សាវិន ហ្វីលីព បង្ហើបថា ម្ចាស់បទ " កាត់ចិត្តបែបណា" ដែលជាអតីតសិស្សសាលាភូមិន្ទវិចិត្រសិល្បៈ បានចូលរួមបរិច្ចាគទឹកប្រាក់៥០០ដុល្លារ។ ទន្ទឹមនឹងនេះ ក៏មានការចូលរួមពីតារាចម្រៀង ម៉េង កែវ ពេជ្ជតា ចំនួន៥០០ដុល្លារ និងសប្បុរសជាច្រើនផងដែរ។ សកម្មភាពនេះ លោកប្រាប់ថា ជាលើកទី១ហើយ តែលោកនឹងគ្រោងរៀបចំនៅឆ្នាំក្រោយៗបន្តបន្ទាប់ទៀត ដើម្បីជាចំណែកជួយដល់ព្រឹទ្ធាចារ្យ និងវីរៈសិល្បករចាស់ជរាជាច្រើន ដែលកំពុងជួបការលំបាកផ្នែកជីវភាព និងសុខភាពជាដើម។
សម្រាប់កម្មវិធីនេះ មានព្រឹទ្ធាចារ្យផ្នែករបាំ និងសិល្បករជើងចាស់ចំនួន៧០រូប អញ្ជើញពួកគាត់ទាំងអស់ពិសាអាហារថ្ងៃត្រង់ជាលក្ខណៈបូហ្វេ ព្រមទាំងចែកថវិកាជូនគាត់ទាំងអស់គ្នា៕
រូបភាព៖ ផ្តល់ឲ្យដោយ សាវិន ហ្វីលីព