- 2018-12-02 08:46:00
- ជីវិតតារា
យស បូវណ្ណៈ ហោះមកពីអាមេរិកមកចាប់ដៃគូជាមួយ ចាន់ តារាទី ក្រោយបែកគ្នាជាង២០ឆ្នាំ
- 2018-12-02 08:46:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យស បូវណ្ណៈ ហោះមកពីអាមេរិកមកចាប់ដៃគូជាមួយ ចាន់ តារាទី ក្រោយបែកគ្នាជាង២០ឆ្នាំ
ចន្លោះមិនឃើញ
តារាសម្ដែងជើងចាស់ លោក យស បូវណ្ណៈ ពេលនេះបានសម្រេចចិត្តមកថតភាពយន្តវិញហើយ បន្ទាប់ពីបានលាឈប់ពីវិថីនេះជាង២០ឆ្នាំ ទៅរស់នៅសហរដ្ឋអាមេរិក។
ការវិលត្រលប់លើវិថីដែលធ្វើឲ្យមហាជនស្គាល់លោកជាថ្មីនេះ លោកនឹងត្រូវសម្ដែងភាពយន្តខ្នាតធំ១រឿង ជាមួយតារាសម្ដែងជើងចាស់ជាច្រើនទៀត ឲ្យផលិតកម្ម"មហាហង្ស" ។ ក្នុងនោះតារាសម្ដែងជើងចាស់ អ្នកស្រី ចាន់ តារាទី ដែលជាដៃគូចាស់នោះ នឹងត្រូវសម្ដែងជាមួយលោក ។
ភាពយន្តដែលធ្វើឲ្យតារាសម្ដែងជើងចាស់ យស បូវណ្ណៈ សម្រេចចិត្តហោះពីអាមេរិកមកថតភាពយន្តជាថ្មីនោះ មានចំណងជងថា "លោកឪពុក" ដែលជាភាពយន្តមួយនិយាយពីការលះបង់ធំធេងរបស់ឪពុកដើម្បីកូនខ្លួន ឲ្យមានអនាគត។ តារាសំខាន់ៗដែលត្រូវសម្ដែងរួមគ្នាជាមួយលោក មានដូចជា អ្នកនាង ចាន់ តារាទី អ្នកនាង ស្វែង សុជាតា លោក ហម ឈរ៉ា លោក អូន ឧស្សាហ៍ អ្នកនាង ភិន សុដាលីស និង តារាល្បីជាច្រើនរូបទៀត។
មូលហេតុដែលនាំឲ្យលោកវិលត្រឡប់មកថតភាពយន្តជាថ្មីនេះ ត្រូវបានលោកបញ្ជាក់ប្រាប់ថា ក៏ព្រោះតែមានការសំណូមពរច្រើនពីទស្សនិកជន ហើយម្យ៉ាងសាច់រឿងដែលត្រូវសម្ដែងនោះ គឺលោកពេញចិត្តខ្លាំង។ ទន្ទឹមគ្នានោះដែរ លោកឲ្យដឹងថា មិនមែនមានតែផលិតកម្មមហាហង្ស១ទេ ដែលទាក់ទងលោកមកសម្ដែង ពោលគឺមានផលិតកម្មច្រើនណាស់ ប៉ុន្តែលោកមិនមានពេលឆ្លៀតបានទាល់តែសោះ គឺទើបតែលើកនេះ។ លោក យស បូវណ្ណៈ ក៏សូមអភ័យទោសទៅបណ្ដាផលិតកម្មផ្សេងទៀត ដែលលោកមិនទាន់មានពេលថតជូន។
លោក អ៊ិន សុភិន ដែលជាចាងហ្វាងផលិតកម្ម បានឲ្យដឹងថា ភាពយន្តខាងលើ នឹងត្រូវចេញថតក្នុងពេលឆាប់ៗនេះ ដោយនៅក្នុងនោះលោក យស បូវណ្ណៈ នឹងត្រូវសម្ដែងជាតួឪពុកដែលពិការជើង ប្រកបរបរប៉ះកង់ ដើម្បីចិញ្ចឹមកូន ធ្វើយ៉ាងណាឲ្យកូនបានរៀនសូត្រ រហូតបានបរិញ្ញាបត្រ១សន្លឹក។
ក្នុងដំណើរមកប្រទេសកំណើតជាលើកទី៤ លោក យស បូវណ្ណៈ មានពេលត្រឹមតែ៣សប្ដាហ៍ប៉ុណ្ណោះ ដូចនេះភាពយន្តរឿង"លោកឪពុក" ដាច់ខាតត្រូវសម្រុកថតឲ្យបានលឿនជាទីបំផុត។ ក្នុងនោះលោក យស បូវណ្ណៈ បានស្នើឲ្យផលិតកម្មថតប្លង់ឲ្យបានមុន ដោយប្រើពេលយ៉ាងច្រើន១០ថ្ងៃ សល់ពេលខ្លះលោកសុំទុកពេលសម្រាប់ទៅលេងបងប្អូន។
តាមការលើកឡើង របស់លោក យស បូវណ្ណៈ ក្នុងអាជីពសម្ដែងភាពយន្តតារាសម្ដែងជើងចាស់រូបនេះ ធ្លាប់បានសម្ដែងភាពយន្ត១៧រឿងមកហើយ។ ចំពោះភាពយន្តដែលលោកធ្លាប់ស្ដែងជាមួយ អ្នកស្រី ចាន់ តារាទី មានប្រមាណជា២ទៅ៣រឿង ក្នុងនោះលោកនៅចំណងជើង១គឺ រឿង "ទាសីស្នេហ៍"។
ការវិលត្រលប់ជាថ្មីនេះ លោកបានប្ដេជ្ញាចិត្តថានឹងខិតខំប្រឹងសម្ដែងឲ្យបានល្អបំផុត ហើយប្រសិនបើភាពយន្តនេះជោគជ័យលោកពិចារណាលើការថតភាពយន្តជាបន្តបន្ទាប់ទៀត៕