• 2019-01-08 08:41:46
  • ព័ត៌មាន

កម្រិត​ជោគជ័យ​របស់ ឡាយ លក្ខិណា ជាមួយ​តារា​រ៉េប​អន្តរជាតិ បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ក្រឡែត

  • 2019-01-08 08:41:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អ្នក​រៀប​ចំ​ការ​ប្រគំ​តន្ត្រី​ដំបូង​សម្រាប់ ឡាយ លក្ខិណា និង​តារា​ចម្រៀង​រ៉េប​ជនជាតិ​កាណាដា បាន​ឲ្យ​ដឹង​ថា ពួក​គេ​ទទួល​បាន​ផ្លែ​ផ្កា​ខ្លាំង ហួស​ពី​ការ​រំពឹង​ទុក ក្នុង​កម្មវិធី​ប្រព្រឹត្ត​ទៅ​កាល​ពី​ចុង​ឆ្នាំ ២០១៨ របស់​តារា​ចម្រៀង​ទាំង​ពីរ។

"ខ្ញុំ​អាច​និយាយ​បាន​ថា ការ​ប្រគំ​តន្ត្រី​របស់ លក្ខិណា និង Clarence កាល​ពី​យប់​ថ្ងៃ​ទី ២៩ គឺ​ជោគជ័យ​ខ្លាំង​មែន​ទែន អ្នក​ទស្សនា​បាន​មក​ពេញ​ណែន​តែ​ម្ដង"។ អ្នក​ស្រី ចៅ សណ្ដាប់ ដែល​ជា​អ្នក​ធានា ឡាយ លក្ខិណា ថ្លែង​ប្រាប់ Sabay។ ម្ចាស់​ឧបត្ថម្ភ​ដដែល​អះអាង​ថា កៅអី​សម្រាប់​អ្នក​ទស្សនា​ទាំង​អស់ គឺ​ពេញ​អស់​គ្មាន​សល់ ក្នុង​នោះ ការ​ចាប់​ដៃ​គ្នា​ជា​លើក​ដំបូង​រវាង លក្ខិណា និង Clarence មាន​ការ​ចាប់​អារម្មណ៍​មែន​ទែន។

បញ្ហា​នេះ អ្នក​ស្រី​ថា គឺ​ជា​សញ្ញាណ​ល្អ សម្រាប់​ផែន​ការ​បន្ទាប់​ទៀត​របស់​អ្នក​ស្រី។ សណ្ដាប់ បាន​មាន​គម្រោង​រយៈ​ពេល​យូរ​ជាមួយ​តារា​ខ្មែរ ពោល​គឺ​បើក​ឱកាស​ឲ្យ​សិល្បករ​ខ្មែរ​ក្នុង​ស្រុក បាន​ចាប់​ដៃគូ​ជា​មួយ​តារា​អន្តរជាតិ​ឡើង​លើ​វេទិកា​នៅ​បរទេស ដោយ​ក្នុង​នោះ អ្នក​ស្រី​បាន​ចាប់​ផ្ដើម​ជាមួយ ឡាយ លក្ខិណា។ ក្នុង​ការ​ចាប់​ផ្ដើម​នេះ លក្ខិណា ទើប​បាន​ច្រៀង​រួម​គ្នា​នូវ​បទ​ជា​ភាសា​បារាំង​មួយ​បទ ប៉ុន្តែ​ថា តារា​ស្រី​រូប​នេះ នៅ​មាន​ការងារ​សិល្បៈ​ច្រើន​ទៀត​ជាមួយ​តារា​ចម្រៀង​រ៉េប​ប្រុស​ច្រមុះ​ស្រួច ក្នុង​នោះ​ហោច​ណាស់ ពួក​គេ​ត្រូវ​ចាប់ដៃ​គ្នា​២-៣​ដង​ក្នុង​១​ឆ្នាំ។

ទិដ្ឋភាព​ភ្ញៀវ​កកកុញ​ទស្សនា​ការ​ប្រគំ​តន្ត្រី​របស់​ ឡាយ លក្ខិណា និង​តារា​រ៉េប​កាណាដា(រូបភាព​៖ ផ្ដល់​អោយ)

ជាមួយ​គ្នា សិល្បករ​ផ្សេង​ទៀត ក្រៅ​ពី ឡាយ លក្ខិណា ម្ចាស់​ឧបត្ថម្ភ​រូប​នេះ ក៏​បាន​អះអាង​ថា បាន​មើល​ឃើញ​រួច​ហើយ​ក្នុង​ផែន​ការ​លើក​ស្ទួយ​តារា​ខ្មែរ ដោយ​គ្រោង​នឹង​នាំ​មក​កាណាដា នៅ​ដើម​ឆ្នាំ​នេះ​ដែរ។ យ៉ាង​នេះ​ក្ដី អ្នក​ស្រី​សុំ​មិន​ទាន់​បញ្ចេញ​ពី​អត្តសញ្ញាណ​របស់​សិល្បករ​ក្នុង​ស្រុក ដែល​ស្ថិត​ក្នុង​ផែន​ការ​បន្ទាប់​របស់​ខ្លួន​ឡើយ ប្រការ​ក្រែង​មាន​អ្វី​ផ្លាស់​ប្ដូរ។

រូបភាព៖ ផ្ដល់​ដោយ​ ចៅ សណ្ដាប់

ឡាយ លក្ខិណា បាន​ទៅ​ដល់​ប្រទេស​កាណាដា​កាល​ពី​ចុង​ខែ​តុលា ឆ្នាំ​មុន​ដើម្បី​បេសកកម្ម​សិល្បៈ​របស់​នាង។ តាម​ការ​ផ្ចុងផ្ដើម​របស់ ចៅ សណ្ដាប់ លក្ខិណា បាន​ស្គាល់ និង​ចាប់​ដៃគូ​ជាមួយ Clarence ផ្លូវ​ការ ជា​លើក​ដំបូង​កាល​ចុង​ឆ្នាំ​នោះ។ លក្ខិណា បាន​ប្រាប់ Sabay មុន​ឡើង​យន្តហោះ​ទៅ​កាណាដា ថា នាង​សប្បាយរីករាយ​មែន​ទែន ចំពោះ​ឱកាស​ពិសេស​នេះ ត្បិត​ថា នាង​មិន​រំពឹង​ឡើយ ថា​ទទួល​បាន​បែប​នេះ ក្រោយ​ចាក​ចេញ​ពី​សិល្បៈ​ជិត ២០​ឆ្នាំ។

ក្រៅ​ពី​បទ​ចម្រៀង​ជា​ភាសា​បារាំង​ជាមួយ​តារា​រ៉េប​កាណាដា អ្នក​ស្រី សណ្ដាប់ អះអាង​ថា លក្ខិណា ក៏​មាន​បទ​ផ្ទាល់​ខ្លួន​ឯង​ច្រៀង​ជា​ភាសា​ខ្មែរ និពន្ធ និង​ថត​នៅ​លើ​ទឹក​ដី​អឺរ៉ុប​ថែម​ទៀត​ផង៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម