• 2019-03-12 00:11:00
  • ព័ត៌មាន

ច្បាស់​ការណ៍ នៅ សុនិតា អះអាង​រៀបការ​រួចរាល់ និង​កំពុង​មាន​កូន​ដំបូង​ជាមួយ​លោក ទិត្យ ថាវរិទ្ធ

  • 2019-03-12 00:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ចចាម​អារ៉ាម ពី​ទំនាក់ទំនង​ជាមួយ​អគ្គនាយក​រង​ទូរទស្សន៍​បាយ័ន​លោក ទិត្យ ថាវរិទ្ធ អស់​មួយ​រយៈ​ធំ​មក ឥឡូវ​នេះ នៅ សុនិតា បាន​ទម្លាយ​ឲ្យ​ដឹង​ថា នាង​បាន​រៀបការ​ជាមួយ​គ្នា​រួច​រាល់​ហើយ ថែម​ទាំង​បាន និង​កំពុង​មាន​តំណក់​ឈាម​ជាមួយ​គ្នា​ទៀត​ផង។

សុនិតា បាន​បញ្ចេញ​ដំណឹង​នេះ ឲ្យ​មហាជន​បាន​ដឹង​នៅ​រសៀល​ម្សិលមិញ។ តារា​ស្រី បាន​សរសេរ​រៀបរាប់​បង្ហាញ​ពី​ភាព​សប្បាយ​រីករាយ ដែល​បាន​ឈាន​ដល់​ដំណាក់​កាល​ធ្វើ​ជា​ម្ដាយ​របស់​គេ និង​បាន​បង្ហើប​ទៀត​ថា គភ៌​ក្នុង​ផ្ទៃ​នាង បាន​ឈាន​ដល់ ៤ខែ និង​៨​ថ្ងៃ​ហើយ កូន​ទី​១​របស់​នាង និង​លោក ថាវរិទ្ធ គឺ​ជា​កូន​ប្រុស។

តប​នឹង​មក​កាន់ Sabay តាម​សារ​អេឡិចត្រូននិក បាន​ទទួល​ស្គាល់​លើ​បញ្ហា​នេះ និង​ប្រាប់​ទៀត​ថា នាង​ក៏​ទើប​នឹង​ប្រាប់​ដំណឹង​នេះ​ទៅ​ឪពុក​កូន​ក្នុង​ផ្ទៃ​(លោក ទិត្យ ថាវរិទ្ធ)របស់​នាង​ដែរ។ "ប្រាប់​ហើយ​បង និយាយ​ទៅ​គាត់​សប្បាយ​ចិត្ត ញញឹមញញែម​អីចឹង​ទៅ តែ​បើ​ឲ្យ​គាត់​ដល់​ថ្នាក់​លោត​កញ្ឆេង​អី គឺ​អត់​ទេ ព្រោះ​គាត់​ចាស់​ទុំ​ហើយ។ សុនិតា ថ្លែង។

រូបភាពហ្វេសប៊ុក

នៅ សុនិតា និង​លោក ទិត្យ ថាវរិទ្ធ បាន​សាយ​ភាយ​ដំណឹង​ស្នេហ៍​តាំង​ពី​ពាក់​កណ្ដាល​ឆ្នាំ ២០១៨។ ប៉ុន្តែ​ភាគី​ទាំង​សងខាង នៅ​រក្សា​ភាព​ស្ងប់​ស្ងាត់ ដោយ​មិន​ចេញ​មុខ​មក​បភ្លឺ​អ្វី​ឡើយ។ ប៉ុន្តែ​ឈាន​មក​ដល់ ដើម​ឆ្នាំ ២០១៩ ដំណឹង​នោះ ភាគី​ខាង​ស្រី ចាប់​​ផ្ដើម​បើក​ចំហ​បន្តិច​ម្ដង​ៗ ដោយ​គេ​បាន​ប្រទះ​ឃើញ​រូបភាព​លោក ថាវរិទ្ធ តាំង​នៅ​ផ្ទះ​របស់​នាង និង​មាន​ធ្លាយ​រូប​ពួក​គេ​ទាំង​ពីរ​ដើរ​កម្សាន្ត​ជាមួយ​គ្នា​ផង ដែល​ធ្វើ​ឲ្យ​មន្ទិល​ស្នេហ៍ ដែល​ធ្លាយ​ពី​អតីតកាល កាន់​តែ​មាន​ភាគរយ​ការ​ពិត​ខ្ពស់។

រហូត​មក​ដល់​ថ្ងៃ​នេះ សុនិតា បាន​បញ្ចេញ​ការ​ពិត​១០០% តែ​ម្ដង​ថា នាង និង​លោក​អនុរដ្ឋ​លេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ គឺ​ពិត​ជា​មាន​ទំនាក់ទំនង ព្រម​ទាំង​បាន និង​កំពុង​មាន​កូន​ដំបូង​ជាមួយ​គ្នា​ផង។ នេះ គឺ​ជា​លើក​ទី​១ ដែល​តារា​ស្រី បាន​​ចេញ​មុខ​មក​បំភ្លឺ​ជុំ​វិញ​រឿង​ដែល​កើត​ឡើង​រវាង​ពួក​គេ​ទាំង​ពីរ ខណៈ​ច្រើន​ខែ​កន្លង​មក ទាំង​សង​ខាង បាន​រក្សា​ភាព​ស្ងប់​ស្ងាត់​រហូត​មក។

បែប​នេះ​ក្ដី ត្បិត​ថា មិន​បាន​ចេញ​មក​ទទួល​ស្គាល់​​ការ​ពិត បើ​ទោះ​សារព័ត៌មាន​មួយ​ចំនួន​បាន​រាយការណ៍​ថា នាង និង​លោក​អគ្គនាយករង រស់​នៅ​ក្នុង​ផ្ទះ​ជាមួយ​គ្នា​ក្ដី។ តែ សុនិតា ប្រាប់​ថា កន្លង​មក​នាង មិន​បាន​ធ្វើ​អ្វី​ខុស​នឹង​ប្រពៃណី​នោះ​ទេ ព្រោះ​ថា ពួក​នាង បាន​រៀបការ​នឹង​គ្នា​រួច​ហើយ។ "ចាស ខ្ញុំ​អត់​បាន​ធ្វើ​ខុស​នឹង​ប្រពៃណី​ទេ​បង គឺ​ពួក​ខ្ញុំ​រៀបការ​រួច​ហើយ គ្រាន់​តែ​ធ្វើ​មិន​ធំ​ដុំ ត្រឹម​ជួប​ជុំ​សាច់​ញាតិ ដើម្បី​ចាស់​ទុំ​ទាំង​សងខាង​ដឹង​លឺ និង​មាន​មិត្តភ័ក្ដិ​ជិត​ស្និទ្ធ​ប្រមាណ​ជាង ១០​នាក់​ប៉ុណ្ណោះ។

សុនិតា មិន​បាន​ពន្យល់​ទេ ហេតុ​អ្វី នាង​មិន​ធ្វើ​ពិធី​ធំ​ដុំ​ឲ្យ​សម​ទៅ​នឹង​កិត្តិយស កេរ្តិ៍​ឈ្មោះ​នាង និង​ស្វាមី ប៉ុន្តែ​នាង​ប្រាប់​ថា នៅ​ពេល​នេះ ពួក​នាង​កំពុង​តែ​សប្បាយ​ចិត្ត​ខ្លាំង។ នាង​ថ្លែង​បន្ត​ថា "ឥឡូវ​ខ្ញុំ​ត្រៀម​ខ្លួន​រួច​ហើយ​ក្នុង​ការ​ធ្វើ​ជា​ម្ដាយ​របស់​គេ៕

រូបភាពកន្លង​មក​របស់ សុនិតា ដែល​គេ​សង្ស័យ​បុរស​នោះ​ជា​លោក ទិត្យ ថាវរិទ្ធ(រូបភាព​ហ្វេសប៊ុក)

អត្ថបទ៖ ស៊ុន ហួត

មតិយោបល់
អត្ថបទពេញនិយម