- 2019-03-14 03:58:18
- ព័ត៌មាន
ប្រាប់ឲ្យដឹង! មានទាំងកម្សាន្តសប្បាយច្រើនទៀត ក្នុងការចូលរួមពិព័រណ៍បច្ចេកវិទ្យាឌីជីថលថ្នាក់ជាតិដំបូង
- 2019-03-14 03:58:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រាប់ឲ្យដឹង! មានទាំងកម្សាន្តសប្បាយច្រើនទៀត ក្នុងការចូលរួមពិព័រណ៍បច្ចេកវិទ្យាឌីជីថលថ្នាក់ជាតិដំបូង
ចន្លោះមិនឃើញ
ពិព័រណ៍បច្ចេកវិទ្យាឌីជីថលថ្នាក់ជាតិដំបូង ហៅថា "Digital Cambodia 2019” រយៈពេល៣ថ្ងៃ នឹងចាប់ផ្ដើមបើកផ្លូវការនៅថ្ងៃទី១៥ មីនា ស្អែកនេះហើយ ហើយក្រៅពីជាកន្លែងប្រមូលផ្ដុំដោយក្រុមហ៊ុនបច្ចេកវិទ្យាថ្នាក់ជាតិ និងថ្នាក់តំបន់ ព្រឹត្តិការណ៍នេះក៏ពេញដោយការកម្សាន្តជាច្រើនទៀតផង។
តាមអ្នករៀបចំកម្មវិធីបានឲ្យដឹងថា ការកម្សាន្តក្នុងព្រឹត្តិការមានចែកជាពីរ ទី១ គឺការកម្សាន្តជាមួយបច្ចេកវិទ្យា ដូចជាការចូលលេងសប្បាយជាមួយបច្ចេកវិទ្យា VAR និងការកម្សាន្តជាមួយបច្ចេកវិទ្យាហ្គេមជាច្រើនទៀត។ ទី២ គឺការកម្សាន្តជាមួយក្រុមសិល្បករល្បីៗកម្ពុជា។
មាន សូនីតា ដែលប្រិយមិត្តស្គាល់ថាជា រាជនីក្រមា បានបញ្ជាក់រួចហើយថា នាងនឹងមានវត្តមានក្នុងព្រឹត្តិការណ៍បច្ចេកវិទ្យាថ្នាក់ជាតិដ៏ធំអស្ចារ្យនេះ។ ដូចជាទស្សនិកជនម្នាក់ នាងនឹងទៅចូលរួមដើរកម្សាន្ត ដើម្បីសិក្សាស្វែងយល់ អំពីការវិវត្តន៍របស់បច្ចេកវិទ្យា ពិសេសបច្ចេកវិទ្យាក្នុងស្រុក។ ក្រៅពីនេះ នាងក៏នឹងទៅចូលរួមលេងល្បែងកម្សាន្តបច្ចេកវិទ្យានានាដែលមានក្នុងកម្មវិធីផងដែរ។
វិលមក Small Wold Small Band ដែលបាន និងកំពុងល្បីល្បាញក្នុងសង្គមយុវវ័យវិញ ក៏នឹងមានវត្តមានក្នុងព្រឹត្តិការណ៍ខាងលើដូចគ្នា។ ខុសពី មាន សូនីតា បន្តិច SWSB នឹងចូលរួមសម្ដែងក្នុងកម្មវិធីដ៏ធំអស្ចារ្យនេះតែម្ដង ដោយពួកគេបានត្រៀមការសម្ដែងពិសេសៗ និងបទចម្រៀងពីរោះៗ កំពុងពេញនិយមដើម្បីបម្រើអារម្មណ៍ ក៏ដូចជាបង្កភាពសប្បាយរីករាយដល់ប្រិយមិត្តដែលមានវត្តមានក្នុងព្រឹត្តិការណ៍តែម្ដង។
តាមផែនការក្រុម SWSB នឹងបង្ហាញជូនការសម្ដែងពួកគេនៅថ្ងៃទី ១៥ មីនា ដែលជាថ្ងៃបើកឆាកតែម្ដង។ "ម៉ោះៗ ជួបគ្នានៅសន្និសីទ និងពិព័រណ៍ ឌីជីថលកម្ពុជា ២០១៩ លើកទី១របស់ព្រះរាជាណាចក្រកម្ពុជានឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០១៩ នៅសាលពិព័រណ៍កោះពេជ្រ។ សូមកុំភ្លេចចូលរួមទាំងអស់គ្នាឲ្យបានច្រើនណា! ក្រុមតូចក៏ទៅដែរ”។ ក្រុម SWSB ថ្លែងប្រាប់អ្នកគាំទ្រនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន។
ពិព័រណ៍បច្ចេកវិទ្យាឌីជីថលថ្នាក់ជាតិដំបូង ហៅថា "Digital Cambodia 2019” គឺជាកន្លែងប្រមូលផ្ដុំក្រុមហ៊ុនបច្ចេកវិទ្យាថ្នាក់ជាតិ និងថ្នាក់តំបន់ អ្នកជំនាញជាតិ និងអន្តរជាតិផ្នែកបច្ចេកវិទ្យាដ៏ធំបំផុតប្រចាំឆ្នាំ រៀបចំដោយ ជាវេទិកាពិភាក្សា នឹងចាប់បើកពីថ្ងៃ១៥ មីនា ស្អែកនេះ ដល់ថ្ងៃទី ១៧មីនា។ ព្រឹត្តិការណ៍នេះ រៀបចំដោយវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (វិទ្យាស្ថានជាតិ NIPTICT)។
Digital Cambodia 2019 មានគោលដៅ សម្រាប់ការត្រៀមខ្លួនជាស្រេចរបស់កម្ពុជាក្នុងការចាប់យកសេដ្ឋកិច្ចឌីជីថល និងការបង្ហាញនូវការរីកចំរើនប្រកបដោយសក្ដានុពលនៃបច្ចេកវិទ្យាឌីជីថល។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗជាអាទិ៍ ការបង្កើត Platform ថ្នាក់ជាតិបង្ហាញថា កម្ពុជាជាគោលដៅសម្រាប់ការវិនិយោគលើវិស័យបច្ចេកវិទ្យាព័ត៌មាននិងឌីជីថល។
ទី២ ជំរុញអាជីវកម្មបង្កើតថ្មីៗផ្នែកបច្ចេកវិទ្យាឌីជីថល។ ទី២ លើកកម្ពស់សហគ្រិនភាព និងនវានុវត្តន៍ឌីជីថល។ ទី៣ផ្លាស់ប្តូរបទពិសោធន៍ ពិភាក្សាអំពីនិន្នាការនិងបញ្ហាប្រឈមក្នុងវិស័យបច្ចេកវិទ្យា និងបញ្ហាផ្សេងៗដែលអាចត្រូវបានដោះស្រាយតាមរយៈបច្ចេកវិទ្យាឌីជីថល។
ទី៤ គឺពិភាក្សាអំពីវឌ្ឍនភាពនៃការអភិវឌ្ឍន៍ក្របខណ្ឌច្បាប់ និងគោលនយោបាយ និងការអប់រំដែលស្របតាមសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា។ ដោយឡែកទី៥ ផ្ដល់ឱ្យសហគ្រិន និងអាជីវកម្មបង្កើតថ្មីក្នុងការអភិវឌ្ឍបណ្ដាញទំនាក់ទំនងរបស់ពួកគេ និងជាឱកាសក្នុងការជួបជាមួយក្រុមហ៊ុនផ្ដល់មូលនិធិប្រកបដោយសក្ដានុពលជាច្រើន។
សម្រាប់ព័ត៌មានបន្ថែមអំពីព្រឹត្តិការណ៍នេះ សូមចូលមើលគេហទំព័ររបស់យើងនៅ www.digitalcambodia.com.kh ឬ តាមទំព័រ Facebook: https://www.facebook.com/OfficialDigitalCambodia/ អំពីកម្មវិធីឌីជីថលកម្ពុជា៕