- 2019-03-21 08:14:36
- ព័ត៌មាន
តម្រុយមិនបង្ហើបសោះ ស្រាប់តែប្រមាញ់បាន ព្រាប សុវត្ថិ ឡើងយន្តហោះព្រឹកមិញបាត់!
- 2019-03-21 08:14:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តម្រុយមិនបង្ហើបសោះ ស្រាប់តែប្រមាញ់បាន ព្រាប សុវត្ថិ ឡើងយន្តហោះព្រឹកមិញបាត់!
ចន្លោះមិនឃើញ
តាំងពីធ្លាយព័ត៌មាន គ្រោងចេញសម្ដែងនៅអាមេរិកជាមួយកូនៗមក ភាគី ព្រាប សុវត្ថិ រួមទាំងអ្នកឧបត្ថម្ភផង មិនបានឲ្យតម្រុយសោះថា ពួកគេឡើងយន្តហោះ ហោះចេញពីប្រទេសថ្ងៃណាឡើយ។ ប៉ុន្តែព្រឹកមិញនេះ លោកត្រូវបានក្រុមការងារ Sabay ប្រមាញ់បានដោយចៃដន្យ ដោយលោកនាំកូនៗ និងក្រុមភ្លេងរបស់លោកចេញទៅហើយ។
ក្នុងដំណើរជូនមិត្តភ័ក្ដិទៅអាមេរិកដែរ ព្រឹកមិញនេះ ក្រុមការងារ Sabay បានឃើញលោក ព្រាប សុវត្ថិ ដែលស្លៀកខោខូវប៊យ និងអាវកឌុបពណ៌ខ្មៅ ពាក់មួក រួមទាំងវ៉ែនតាខ្មៅ បម្លាស់ទីយ៉ាងលឿន ចេញពីក្នុងហ្វូងមនុស្ស ក្រោយពីចុះពីរថយន្ត សំដៅទៅខាងក្នុងដើម្បីបំពេញឯកសារហោះហើរផ្សេងៗ។ កូនៗរបស់លោក ក៏ទៅជាមួយដែរ ប៉ុន្តែពួកគេមិនដើរជុំគ្នាឡើយ ពោលគឺដើររៀងៗខ្លួន និងស្វាហាប់។
ពួកគេហាក់មិនចង់ឲ្យមាន ការភ្ញាក់ផ្អើលច្រើនឡើយ ដូច្នេះហើយគ្រាន់តែចុះពីឡានភ្លាម ពួកគេម្នីម្នាចូលទៅក្នុងភ្លាមតែម្ដង។ យ៉ាងណា នៅខាងក្រៅឯណេះ គេឃើញមានអ្នកគាំទ្រកូនច្បងរបស់លោក គឺ សុវត្ថិ មុន្នីវណ្ណ ប្រមាណជា ១០នាក់ សុទ្ធជានារីវ័យក្មេងនៅឆ្លេឆ្លានៅខាងក្រៅ ក្នុងដៃមានកាន់កាដូ២ប្រអប់ផង។ "បងវណ្ណ បងវណ្ណ" ពួកគេស្រែកហៅកូនច្បង ព្រាប សុវត្ថិ ពីខាងក្រៅ។
តាមដំណឹង ក្រុមរបស់កំពូលតារាចម្រៀង នឹងចេញដំណើរខ្ទង់ម៉ោងបាយថ្ងៃត្រង់ ឆ្ពោះទៅសហរដ្ឋអាមេរិក ជាទីដែលពួកគេត្រូវសម្ដែងរួមគ្នាលើកដំបូងក្នុងការប្រគំតន្ត្រីមួយ ដែលមុននេះ មានដំណឹងមកថា អ្នកគាំទ្រនៅសហរដ្ឋអាមេរិក កំពុងរំជើបរំជួលចង់ឃើញការសម្ដែងរបស់ពួកគេ ពិសេសកូនៗទាំង៣របស់លោក ក្នុងនោះសំបុត្រការប្រគំតន្ត្រីរបស់ពួកគេ បានលក់អស់គ្មានសល់ និងលឿនជាងការប្រគំតន្ត្រីផ្សេងៗកាលពីអតីត។
ក្រោយពីបំពេញឯកសារសព្វគ្រប់ ដោយមានការសម្របសម្រួលពីក្មួយប្រុសលោកម្នាក់ផង លោក ព្រាប សុវត្ថិ បានទទួលជួបរយៈពេលខ្លី។ ម្ចាស់បទ "សង្សារ១ខែ២ខែ" បញ្ជាក់ថា លោកបានទទួលដំណឹងទាំងអស់ ជុំវិញការប្រគំតន្ត្រីរបស់លោកនៅអាមេរិក និងបានដឹងថា អ្នកគាំទ្រជាច្រើនរង់ចាំ និងទន្ទឹងពួកលោក ពិសេសគឺកូនៗទាំងបី។
លោកថ្លែងថា "បាទ ខ្ញុំបានដឹង...ហើយខ្ញុំសប្បាយចិត្តមែនទែន នៅពេលដឹងថា ពួកគាត់គាំទ្រពួកខ្ញុំ ពិសេសកូនៗ និយាយទៅ ខ្ញុំរីករាយនឹងការទៅសម្ដែងលើកនេះណាស់ សប្បាយមែនទែន!”។ នេះជាដំណើរលើក៤ សម្រាប់លោក ព្រាប សុវត្ថិ ទៅអាមេរិក។ ប៉ុន្តែជាលើកដំបូងជុំជាមួយកូនៗទៅសហរដ្ឋអាមេរិក ដែលធ្វើឲ្យមានការរំជើបរំជួលខ្លាំង។ បេសកកម្មមួយនេះ មានរយៈពេល២ខែ ទើបលោកវិលជួបមាតុភូមិកំណើតវិញ៕