• 2019-04-02 05:13:07
  • ព័ត៌មាន

សប្បាយ​បណ្ដោយ តារា​ចម្រៀង​វ័យ​ក្មេង លើក​គ្នា​ទៅ​ច្រៀង​រាំ នៅ​សង្ក្រាន្ត​វិទ្យាល័យ​ពង​ទឹក

  • 2019-04-02 05:13:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ប្រុស​ស្រី​វ័យ​ក្មេង​ជា​ច្រើន​នាក់ នឹង​បង្ហាញ​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​សង្ក្រាន្ត​វិទ្យាល័យ​ពង​ទឹក នា​ខណ្ឌ​ដង្កោ​រាជធានី​ភ្នំពេញ​នា​ចុង​សប្ដាហ៍​នេះ។ នេះ​បើ​តាម​លោក​គ្រូ​ម្នាក់​នៃ​វិទ្យាល័យ​ខាង​លើ។

ក្រៅ​ពី​ការ​ជួប​ជុំ​ជាមួយ​អ្នក​គាំទ្រ តារា​ចម្រៀង​ទាំង​នោះ​បាន​ចូល​រួម​ស្ម័គ្រ​ចិត្ត ដោយ​លះបង់​ទាំង​ពេល​វេលា និង​ថវិកា​ជួយ​ឧបត្ថម្ភ​ដល់​សិស្ស​មួយ​ចំនួន​ដែល​មក​ពី​គ្រួសារ​ខ្វះខាត​ផង​ដែរ។ ពួក​គេ​ទាំង​នោះ​មាន​ដូច​ជា តារា​ចម្រៀង Original Song ស្រស់​សង្ហា លោក វុទ្ធា តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​សាន់ដេ លោក ជ័យ សុវ៉ាត តារា​ចម្រៀង​ស្រស់​សោភា​កញ្ញា ចែម ស្រី​ល័ក្ខណ៍ ក្រុម​តារា​ចម្រៀង​វ័យ​ក្មេង Plugger Band ក្រុម​រាំ​ស្រី​ស្រស់​សោភា OMG Girl Dance Crew  និង​ក្រុម NT- Crew ជាដើម។

គ្រូ​បង្រៀន​ដែល​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ បញ្ជាក់ថា កម្មវិធី​សង្ក្រាន្ត​នៅ​តាម​តំបន់ និង​វិទ្យាល័យ​នានា​ជា​ច្រើន​មិន​ត្រឹម​តែ​ជា​ព្រឹត្តិការណ៍​ជួបជុំ បង្កើត​បរិយាកាស​សប្បាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ចូល​រួម​ថែ​រក្សា​សិល្បៈ​វប្បធម៌​ខ្មែរ​ផង​ដែរ។

សិល្បករ​ដែល​នឹង​បង្ហាញ​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​នេះ ពួក​គេ​នឹង​មក​ចូល​រួម​ជួប​ជាមួយ​អ្នក​គាំទ្រ​នៅ​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី នា​វិទ្យាល័យ​ពង​ទឹក នា​ល្ងាច​ថ្ងៃ​ទី ០៦ ខែ​មេសា ខាង​មុខ​នេះ ដែល​ក្រៅ​តែ​ពី​ការ​បង្ហាញ​ក្បាច់​រាំ ការ​បង្ហើរ​សំនៀង ពួក​គេ​ក៏​នឹង​ចូល​រួម​ផ្ដល់​កម្លាំង​កាយ​ចិត្ត និង​ចំណាយ​ធនធាន​ដែល​បាន​ពី​ការ​ច្រៀង​រាំ​លើក​នេះ ជួយ​ដល់​សិស្ស​ដែល​ប្រឈម​នឹង​ការ​ខ្វះ​ខាត បន្ថែម​ពី​លើ​នូវ​ការ​ជួយ​របស់​វិទ្យាល័យ​ផង​ដែរ។

ក្រុម OMG' Girls

ព្រឹត្តិការណ៍​សង្ក្រាន្ត​វិទ្យាល័យ​ពង​ទឹក ស្ថិត​ក្នុង​ចំណោម​សង្ក្រាន្ត​វិទ្យាល័យ​ជា​ច្រើន​នៅ​រាជធានី​ភ្នំពេញ។ សង្ក្រាន្ត​វិទ្យាល័យ​ស្ថិត​ក្នុង​ខណ្ឌ​ដង្កោ​មួយ​នេះ នឹង​ជា​ឱកាស​ជួប​ជុំ​សិស្ស​ដែល​កំពុង​សិក្សា និង​អតីត​សិស្ស​វិទ្យាល័យ​មួយ​នេះ​រួម​ទាំង​មហាជន​ដែល​អាច​ចូល​រួម​រៀប​ចំ​ពិធី​ជា​ច្រើន​ដូច​ជា​ពិធី​សូត្រ​មន្ត រាប់​បាត្រ ការ​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ ការ​រាំ​លេង​កម្សាន្ត ថត​រូប​អនុស្សាវរីយ៍ ការ​ទស្សនា​ទស្សនីយភាព​សិល្បៈ​ចម្រុះ​ជា​ច្រើន។

ទាំង​នេះ លោក​គ្រូ​អះអាង​ថា នឹង​ជា​សកម្មភាព​គំរូ ដែល​អាច​បណ្ដុះ​ស្មារតី​ជួយ​ថែ​រក្សា អភិវឌ្ឍន៍ និង​ផ្សព្វផ្សាយ​សិល្បៈ​វប្បធម៌​ខ្មែរ​កាន់​តែ​ទូលំ​ទូលាយ​ថែម​ទៀត៕

តារា​ចម្រៀង ជ័យ សុវ៉ាត
កញ្ញា ចែម ស្រីល័ក្ខ
រូបភាពផ្ដល់​ឲ្យ

អត្ថបទ៖ ទារិកា

មតិយោបល់