- 2019-04-04 04:47:16
- ព័ត៌មាន
ឃើញចេញចម្រៀងញយៗ អេនឌី ត្រូវផលិតកម្មមួយកោះហៅទៀតបាត់
- 2019-04-04 04:47:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃើញចេញចម្រៀងញយៗ អេនឌី ត្រូវផលិតកម្មមួយកោះហៅទៀតបាត់
ចន្លោះមិនឃើញ
លោក អេនឌី ត្រូវបានផលិតកម្មថ្មីមួយ បានកោះហៅឲ្យចូលរួមជាមួយពួកគេទៀតហើយ ក្រោយពីឃើញលោកបានបញ្ចេញវីដេអូបទចម្រៀងថ្មីបន្តបន្ទាប់។ នេះបើតាមការបញ្ជាក់របស់សាមីខ្លួន។
គិតមកដល់ពេលនេះ អេនឌី ប្រាប់ថា លោកបានយល់ព្រម និងបញ្ចប់ការចរចាស្រេចបាច់អស់ហើយ។ "បាទ បាននិយាយគ្នាអស់ហើយ ហើយខាងគាត់ ក៏បានរៀបចំបទចម្រៀងមួយបទឲ្យខ្ញុំរួចហើយដែរ"។ នេះជាជំហានថ្មីមួយទៀត បន្ទាប់ពីលោកបានសម្រេចដើរចេញពីផលិតកម្មក្នុងស្រុកមួយ ក្រោយបានធ្វើការជាមួយគ្នាប្រមាណជិត១ឆ្នាំ។ ការដើរពេលនោះ លោកថា ដោយសារតែផលិតកម្មមិនអើពើនឹងលោក។
ក្រោយពីចាកចេញពីផលិតកម្មចាស់ អេនឌី បានប្រឹងផលិតវីដេអូចម្រៀងថ្មីចេញបន្តបន្ទាប់ ដោយលោកបានយកបទចម្រៀងមរតកដើមមកថត និងច្រៀង Cover ឡើងវិញ ដោយថ្មីៗនេះលោកទើបនឹងបញ្ចេញវីដេអូចម្រៀងមួយចំនួនដូចជាបទ "ចោរលួចបេះដូង" “អ្នកណាហ្នឹងអូន" “ប្រញាប់តែប្រចណ្ឌ" និងបទចុងក្រោយគេ គឺ "កំពង់ចាមកំពង់ចិត្ត" ដែលទើបនឹងចេញលើ Youtube ប៉ុន្មានថ្ងៃមុននេះ។
សមិទ្ធផលបន្តបន្ទាប់នេះ តារានិយមបទចម្រៀងមរតកដើម បញ្ជាក់ថា ទើបធ្វើផលិតកម្មថ្មីមានឈ្មោះថា "DN Production” ដែលប្រមូលផ្ដុំដោយតារាចម្រៀងវ័យក្មេងជាច្រើន បានកោះហៅលោកឲ្យចូលរួមតែម្ដង ហើយដោយសារលក្ខខណ្ឌការងារល្អប្រសើរផង ទើបលោកសម្រេចចូលក្នុងផលិតកម្មជាថ្មី។ យ៉ាងណា លោកមិនបានចុះកុងត្រានោះទេ ហើយលោកនៅតែបន្តធ្វើបទចម្រៀងរបស់លោកបន្តបន្ទាប់ទៀត។
និយាយពីលក្ខខណ្ឌការងារ លោកលើកឡើងថា ផលិតកម្មថ្មីបានផ្ដល់លក្ខខណ្ឌយោគយល់គ្នាច្រើន ក្នុងនោះមានន័យថា បើទោះលោកជាតារាចម្រៀងក្រោមផលិតកម្មក៏ពិតមែន ប៉ុន្តែផលិតកម្មបានយល់ព្រមឲ្យលោកបន្តធ្វើការងារធ្វើវីដេអូចម្រៀងរបស់ខ្លួនបន្តទៀត ពោលគឺមិនបានចងជើងទុកនោះទេ។ "និយាយទៅ គឺគាត់អនុញ្ញាតឲ្យខ្ញុំធ្វើការងារខ្ញុំ និងអាចថតឲ្យផលិតកម្មផ្សេងបានទៀត ជារួមបើមានអីធ្វើ ក៏ធ្វើទៅ ហើយពេលគាត់មានបទឲ្យខ្ញុំ ខ្ញុំក៏ទៅថតឲ្យគាត់ចឹងទៅ គឺល្អត្រង់ហ្នឹងបង!”។
ផលិតកម្មបានរៀបបទចម្រៀងថ្មីមួយបទរួចហើយ ទុកឲ្យតារាចម្រៀងចាស់វស្សារូបនេះ តែលោកសុំសិទ្ធិលាក់សិន។ អេនឌី បានបន្តថា ដំណើរវិលចូលផលិតកម្មជាថ្មីនេះ នឹងជួយឲ្យលោកអាចឈរជើងលើទីផ្សារបានរឹងមាំជាងមុន ពោលគឺមានបទចម្រៀងចេញបន្តបន្ទាប់ ទៅតាមការចាត់ចែងរបស់ថ្នាក់ដឹកនាំផលិតកម្ម៕