• 2019-04-05 01:28:56
  • ព័ត៌មាន

ឡូយ​បាត់​ហើយ បុណ្យ​ភូមិ​ឆ្នាំ​នេះ តាម​ដំណឹង Miss Global 2017 ជនជាតិ​ប្រេស៊ីល ក៏​ទៅ​ចូល​រួម​​ដែរ!

  • 2019-04-05 01:28:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុណ្យ​ភូមិ​ឆ្នាំ​២០១៩ នឹង​ចាប់​ផ្ដើម​ធ្វើ​នៅ​ថ្ងៃ​ទី ៥ មេសា នេះ​ហើយ នៅ​វត្ត​ព្រះ​ធាតុ ស្ថិត​ក្នុង​សង្កាត់​រលួស ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ តាម​បណ្ដោយ​​ផ្លូវ​ជាតិ​លេខ​២ ស្រប​ពេល​ដែល​លេច​ដំណឹង​ថា ជយលាភី Miss Global 2017 កញ្ញា Barbara Vitorelli ជនជាតិ​ប្រេស៊ីល ក៏​នឹង​ទៅ​ចូល​រួម​ដែរ។

កញ្ញា មាន​សូនីតា ម្ចាស់​គម្រោង "ស្រឡាញ់" បាន​បញ្ជាក់​ពី​រឿង​នេះ តាម​រយៈ​វីដេអូ​ខ្លី​មួយ។ នាង​បាន​លើក​ឡើង​ថា បុណ្យ​ភូមិ​ឆ្នាំ ២០១៩ នេះ​នាង​នឹង​ទៅ​ចូល​រួម​ព្រម​ទាំង​ដាក់​តាំង​បង្ហាញ​ផលិតផល​ច្នៃ​ពី​ក្រមា​របស់​នាង​ផង ក្នុង​រយៈ​ពេល ៣ថ្ងៃ​ពេញ​តែ​ម្ដង។ កាន់​តែ​ពិសេស នាង​នឹង​នាំ​មិត្ត​ជនជាតិ​បរទេស​របស់​នាង កញ្ញា Barbara Vitorelli ជា​ជយលាភី Miss Global 2017 ទៅ​ចូល​រួម​លេង​សប្បាយ​ជាមួយ​បង​ប្អូន​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​ពិសេស​នេះ​ដែរ។

“ឃើញ​ទេ អ្នក​ណា​គេ​នែក គឺ...ចង់​ប្រាប់​បង​ប្អូន​ថា នៅ​ថ្ងៃ​បុណ្យ​ភូមិ​ថ្ងៃ​ទី ៥-៦-៧ ខ្ញុំ​នឹង​មាន​ភ្ញៀវ​ពិសេស...គឺ Miss Barbara Miss Globle 2017 គាត់​នឹង​ទៅ​ជួយ​លក់​ក្រមា​ខ្ញុំ"។ សូនីតា ថ្លែង។ ងាក​មក​សាមី​ខ្លួន​មិត្ត​នារី​បរទេស​វិញ បាន​ថ្លែង​ថា នាង​ពិត​ជា​រីករាយ​ខ្លាំង​ណាស់ ដែល​បាន​ចូល​រួម​ប្រព្រឹត្តិការណ៍​​មួយ​នេះ។ "ខ្ញុំ​សង្ឃឹម​ថា នឹង​បាន​ជួប​អ្នក​ទាំង​អស់​គ្នា​នៅ​ទី​នោះ ហើយ​នឹង​ចូល​រួម​លេង​សប្បាយ​ជាមួយ​គ្នា!”។ Barbara ថ្លែង។

"បុណ្យ​ភូមិ" បាន​បន្ត​ដំណើរ​របស់​ខ្លួន​មក​ដល់​ឆ្នាំ​ទី ៦ ហើយ ក្រោយ​ពី​បាន​ចាប់​ផ្ដើម​ដំបូង​នៅ​ឆ្នាំ ២០១៣។ នៅ​ឆ្នាំ​នេះ ត្រូវ​បាន​គេ​ដឹង​ថា នឹង​មាន​ការ​រៀប​ចំ​ប្លែក​ពី​បណ្ដា​ឆ្នាំ​មុន​ៗ។ នេះ​បើ​តាម​លោក ​ថៃ ឈៀង​ម៉េង ​អ្នក​គ្រប់​គ្រង​កម្មវិធី​បុណ្យ​ភូមិ ២០១៩​នេះ។ លោក​បាន សង្កត់​ធ្ងន់​ថា ឆ្នាំ​នេះ​ក្រុម​ការងារ​បាន ត្រៀម​កម្មវិធី​ប្លែក​ជា​ច្រើន​​ទាំង​ការ​តុបតែង​ ទម្រង់​សិល្បៈ​បុរាណ និង​សម័យ ជាដើម។ ក្រៅ​ពី​ល្បែង របាំ​របស់​ខ្មែរ​ជា​ច្រើន​ក៏​ត្រូវ​បាន​ដាក់​បញ្ចូល​ដែរ រួម​មាន​ទម្រង់​សិល្បៈ ល្ខោន​ខោល ល្ខោន​ស្រមោល​ស្បៃ​ធំ របាំ​បុរាណ ចំប៉ី​ដង​វែង និង ល្បែង​ទាញ​ព្រ័ត្រ​ជា​ដើម។

ដោយ​សារ​តែ​បែប​នេះ អ្នក​គ្រប់​គ្រង​កម្មវិធី​ខាង​លើ បាន​ដាក់​ការ​រំពឹង​ទុក​ថា បុណ្យ​ភូមិ​ឆ្នាំ​នេះ នឹង​មាន​អ្នក​ចូល​រួម​ប្រមាណ ២០ម៉ឺន​នាក់ កើន​ឡើង​ជាង​ឆ្នាំ​មុន​ដែល​មាន​ចំនួន​អ្នក​ទៅ​ចូល​រួម​ត្រឹម​តែ ១៤ម៉ឺន​នាក់​ប៉ុណ្ណោះ។

សូម​ប្រាប់​មួយ! សម្រាប់​មធ្យោបាយ​ធ្វើ​ដំណើរ កាន់​តែ​ងាយ​ស្រួល ប្រិយមិត្ត​អាច​ងាក​មក​ជិះ​រថយន្ត​ក្រុង ដែល​មាន​ម៉ាស៊ីន​ត្រជាក់ ត្រជាក់​ស្រួល​ រង​ចាំ​ដឹក​ជញ្ជូន​ ១ថ្ងៃ ១២ជើង ដោយ​ចំណាយ​ត្រឹម​តែ​៥ពាន់​រៀល​ប៉ុណ្ណោះ​ក្នុង​១ដង។ រថយន្ត​នឹង​​ចេញ​ដំណើរ​ពី​ម៉ោង ៧រហូត​ដល់​យប់ ហើយ​ស្ថានីយ​ចំណត​មាន​តែ​មួយ​គត់​ គឺ​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម